(ភ្នំពេញ)៖ បន្ទាប់ពីចំណាយពេល១ឆ្នាំចុងក្រោយ ក្នុងការកែប្រែពីអាជីវកម្មបែបលក្ខណៈគ្រួសារ ទៅជាអាជីវកម្មបែបស្តង់ដាវិញនោះ ក្រុមហ៊ុនសម្រស់ធម្មជាតិ ដែលត្រូវ បានស្គាល់ថា ជាក្រុមហ៊ុនលក់អាហារបំប៉នសុខភាព ម៉ាក ឃូស៊ី (Coosea) និងគ្រឿងសំអាងម៉ាក យូលីន (Youlin) បានឈ្នះពាន់ រហូតដល់ទៅ៤ ក្នុងពេលតែមួយ នៅក្នុងកម្មវិធីប្រគល់ពាន ប្រចាំឆ្នាំ២០១៩ ដល់សហគ្រិនឆ្នើមដែលរៀបចំឡើងដោយស្ថាប័ន CEO Master Club។

ឆ្លងកាត់ការវាយតំលៃយ៉ាងតឹងរឹង ពីអ្នកជំនាញរបស់ស្ថាប័ន CEO Master Club ក្រុមហ៊ុនសម្រស់ធម្មជាតិ បានទទួលពាន Master CEO Award, មេដាយ Outstanding Entrepreneur Medal 2019 ។ បន្ទាប់ពីក្រុមហ៊ុនទាំងអស់តម្រូវឱ្យធ្វើបទបង្ហាញ ពីការរីកចម្រើននៃអាជីវកម្មរបស់ខ្លួន ទៅគណៈកម្មការដើម្បីវាយតម្លៃ នៅក្នុងការប្រកួតជុំ ដែលមានតែ ១០ក្រុមហ៊ុននោះ ក្រុមហ៊ុនសម្រស់ធម្មជាតិ ក៏ទទួលបានជោគជ័យម្តងទៀត ដោយទទួលបានពានមួយទៀត Outstanding CEO Award។

នៅក្នុងការប្រកួតជុំចុងក្រោយ គឺជាជុំប្រកួតយកពានគណនេយ្យ ២០១៩ ដែលវាយតម្លៃដោយអ្នកជំនាញមកពីគណៈកម្មការមូលបត្រកម្ពុជា និងគាំទ្រដោយស្ថាប័ន CEO Master Club ដែលពាននេះគឺយកតែ ៥ក្រុមហ៊ុនតែប៉ុណ្ណោះ ក្រុមហ៊ុនសម្រស់ធម្មជាតិ ទទួលបានជោគជ័យម្តងទៀត ដោយត្រូវបានជ្រើសរើសជាក្រុមហ៊ុន ដែលមាន ប្រព័ន្ធ គណនេយ្យស្តង់ដា មួយប្រចាំ២០១៩ ដោយ ទទួលបាន ពាន Accounting Award 2019 មួយទៀតផងដែរ ដែលសរុបមកក្រុមហ៊ុនសម្រស់ធម្មជាតិបានឈ្នះពានចំនួន ៣ និងមេដាយ១ ក្នុងចំណោមក្រុមហ៊ុនជាង១០០ ដែលទទួលបានពានដំបូង។

លោកស្រី នួន ស៊ុន្ទរី នាយិការក្រុមហ៊ុនសម្រស់ធម្មជាតិ បានឱ្យដឹងថា ការទទួលបានជោគជ័យទាំង៣ពាន និង១មេដាយនេះ គឺជាសមិទ្ធិផលដែលកើតឡើង ចេញពីការ ខិតខំប្រឹងប្រែង របស់គណៈគ្រប់គ្រង និងក្រុមការងារទាំងមូល របស់ក្រុមហ៊ុន សម្រស់ធម្មជាតិ ក្នុងគោលបំណងធ្វើឱ្យក្រុមហ៊ុនខ្មែរមួយនេះ ក្លាយជាក្រុមហ៊ុនផ្តត់ផ្គង់ អាហារបំប៉នសុខភាព និងគ្រឿងសំអាង ដែលមានស្តង់ដាខ្ពស់ និងជាក្រុមហ៊ុនគំរូសម្រាប់សហគ្រិនទាំងឡាយ។

លោកស្រី នួន ស៊ុន្ទរី បានឱ្យដឹងទៀតថា ទស្សនៈវិស័យរបស់ក្រុមហ៊ុនសម្រស់ធម្មជាតិ គឺជួយឱ្យប្រជាជនកម្ពុជារស់បានយូរជាមុន១០ឆ្នាំ ហើយក្រុមហ៊ុនមានបេសកកម្ម ជាច្រើនដែលត្រូវធ្វើ ដើម្បីសម្រេចឱ្យបានទស្សនៈវិស័យមួយនេះផងដែរ។

គួរបញ្ជាក់ថា ក្រុមហ៊ុន សម្រស់ធម្មជាតិ បានចាប់ផ្តើមជាមួយបុគ្គលិក២នាក់ រហូតដល់មានបុគ្គលិករហូត២៥នាក់ ជាមួយនឹងការិយាល័យស្តង់ដានៅលើផ្លូវ ២៧១។ ក្នុងនោះផងដែរ ដោយសារតែតម្រូវការទៅលើផលិតផលរបស់ក្រុមហ៊ុន សម្រស់ធម្មជាតិ កើនឡើងលើសការរំពឹងទុក ក្នុង១ឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនក៏បានចាត់តាំង ភ្នាក់ងារលក់ជាង ៣០០នាក់ទូទាំងប្រទេស និងក្រៅប្រទេសបន្ថែមទៀត ដើម្បីផ្តល់សេវាកម្ម និងបំពេញតម្រូវការផ្សេងៗ ជូនអថិជនឱ្យបានកាន់តែលឿន និងកាន់តែល្អ៕