(ស្វាយរៀង)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានលើកឡើងថា រយៈពេលមួយថ្ងៃពេញ នៃការរៀបចំពិធីអុំទូក ក្នុងខេត្តស្វាយរៀង មានភ្ញៀវជាតិ និងអន្តរជាតិ បានអញ្ជើញមកទស្សនាជាង ១០ម៉ឺននាក់ ទាំងនេះមកពីកម្ពុជា មានសុខសន្តិភាព ស្ថិរភាពនយោបាយពេញលេញ។

ពិធីអុំទូកនេះ បានធ្វើឡើងនាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ ដោយមានទូកមកចូលរួមប្រកួតប្រជែងចំនួន៥៤ទូក ដោយមានការអញ្ជើញ ចូលរួមពីសំណាក់នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាករង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស, លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង, លោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា ដែលបានជួយឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារៈ និងថវិកាដល់ការរៀបចំ ពិធីប្រណាំងទូកនាឱកាសនេះ និងនាំមកនូវតន្រ្តីស្រុកស្រែផងដែរ។

ក្នុងឱកាសនោះ លោកស្រី ម៉ែន សំអន បានថ្លែងថា ក្រោមការដឹកនាំរបស់ប្រកបដោកិត្តិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានធ្វើដឹកនាំប្រទេសទទួលសុខសន្ដិភាពពេញ បរិបូរណ៍ និងមានការអភិវឌ្ឍន៍រីកចម្រើនឈានឡើងលើគ្រប់វិស័យ ចំណែកជីវភាពរស់នៅរបស់ប្រជាជនទូទាំងប្រទេសកាន់តែល្អប្រសើរឡើង និងមានសុភមង្គល និងមានសិទ្ធិសេរីភាពពេញលេញ ក្នុងការប្រារព្ធពិធីបុណ្យជាតិ ប្រពៃណី និងបុណ្យសាសនាផ្សេងៗយ៉ាងសប្បាយរីករាយ និងទទួលបានឱកាសការងារយ៉ាងច្រើនកន្លែង នៅទូទាំងប្រទេស ។

លោកស្រី បានបន្តទៀតថា ការប្រណាំងទូកនេះ គឺជាការបន្ដមរតកនៃការផ្តួចផ្តើមគំនិត របស់នាយឧត្តមសេនីយ៍ ហុក ឡងឌី អតីតអគ្គស្នងការនគរបាលជាតិ ចាប់តាំងពីឆ្នាំ២០០៨មក និងបានបន្តមកជារៀងរាល់ឆ្នាំ ដោយមានការផ្តួចផ្តើម និងការឧបត្ថម្ភពីសំណាក់នាយឧត្ដមសេនីយ៍ សៅ សុខា រួមជាមួយ អភិបាល លោក លោកស្រី ជូនប្រជាពលរដ្ឋបានទស្សនាកម្សាន្ត និងបង្ហាញឱ្យឃើញនូវការសាមគ្គីភាព ឯកភាពដ៏រឹងមាំ និងការរក្សាប្រពៃណីរបស់ប្រជាជនខ្មែរ ដែលមានតាំងពីយូរលង់មកហើយ។

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «តាមរយៈការរៀបចំពិធីប្រណាំងទូករយៈពេលពេញមួយថ្ងៃនេះ ខេត្តស្វាយរៀង ទទួលបានភ្ញៀវទេសចរណ៍បានប្រមាណជាង ១០ម៉ឺននាក់ និងបានប្រគល់ពានជូនដល់ម្ចាស់ជ័យលាភី»។

លោកស្រី ម៉ែន សំអន ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់គ្នាដោយ «យើងប្រែក្លាយថ្ងៃ៩ ខែវិច្ឆិកា របស់យើង ដែលជាថ្ងៃបុណ្យឯករាជ្យជាតិ ជាថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ ឱ្យទៅជាថ្ងៃទី០៩ វិច្ឆិកា ទទួលទានហូបអំបុកទាំងអស់គ្នា ហើយអំបុកនេះ គឺអំបុកការពារជាតិ សាសនា ព្រះមហាក្សត្រ»៕