(ស្ទឹងត្រែង)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩នេះ បានអញ្ជើញចូលរួមសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៃអគាររដ្ឋបាល ដែលមានកម្ពស់២ជាន់ ទទឹង១០ម៉ែត្រ បណ្តោយ៣០ម៉ែត្រ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្ទឹងត្រែង នៅភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី វេង សាខុន បានសំណេះសំណាល និងសួរសុខទុក្ខមន្ត្រី នៃមន្ទីរកសិកម្មខេត្ត ដោយលោកបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសំខាន់ៗ ដែលថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរបានខិតខំប្រឹងប្រែង ក្នុងស្មារតីទទួលខុសត្រូវ ក្នុងការបំពេញភារកិច្ចក្នុងវិស័យកសិកម្ម តាមការចង្អុលបង្ហាញ និងអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងគុណសម្បត្តិនៃម្លប់សុខសន្តិភាព ស្ថិរភាពយ៉ាងពេញលេញ ទូទាំងប្រទេស។

ឆ្លៀតយកឱកាស នៃការជួបជុំមន្រ្តីរាជការគ្រប់ជាន់ថ្នាក់ លោក វេង សាខុន បានលើកយកសភាពការណ៍ទូទៅ នៃដំណើរការវិវឌ្ឍន៍រីកចម្រើន ក៏ដូចជាបញ្ហាប្រឈម ក្នុងវិស័យកសិកម្មរបស់ប្រទេសជាតិ មកបកស្រាយជាលំអិត ជូនអង្គពិធីទាំងមូលជ្រាប។

លោករដ្ឋមន្ដ្រី បានបញ្ជាក់ថា ក្រសួងកសិកម្ម បាននិងកំពុងយកចិត្តទុកដាក់អនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល និងគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្ម តាមរយៈការធ្វើទំនើបកម្មកសិកម្ម កសិពាណិជ្ជកម្ម ពិពិធកម្មកសិកម្ម និងអភិបាលកិច្ចល្អ ដើម្បីជួយប្រជាកសិករសម្រេច បាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយប្រទេសជាតិ ទៅជាប្រទេសដែលមានចំណូល មធ្យមកម្រិតខ្ពស់ នាឆ្នាំ២០៣០ និងកម្រិតខ្ពស់ នាឆ្នាំ២០៥០។

លោករដ្ឋមន្ដ្រី វេង សាខុន បានបញ្ជាក់ថា ក្នុងន័យនេះ ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់ជាន់ថ្នាក់ ត្រូវយកស្មារតីទទួលខុសត្រូវ និងមុតស្រួចលើភារកិច្ចចំបងរបស់ខ្លួន ដើម្បីលើកកម្ពស់គុណភាពក្នុងការ ផ្តល់សេវាសាធារណៈ ជូនសាធារណៈជនឲ្យទាន់ពេលវេលា និងមានប្រសិទ្ធភាពមានជាអាទិ៍៖

ទី១៖ ពង្រឹងការគ្រប់គ្រង ដឹកនាំ ផ្សព្វផ្សាយ អប់រំ និងជំរុញអភិបាលកិច្ចល្អ។
ទី២៖ បង្កើនភាពម្ចាស់ការក្នុងការដោះស្រាយ និងឆ្លើយតបឲ្យទាន់ពេលវេលាប្រកបដោយស្មារតីប្រុងប្រយ័ត្នចំពោះបញ្ហាអសកម្មផ្សេងៗក្នុងវិស័យកសិកម្ម។
ទី៣៖ ពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជន និងដៃគូអភិវឌ្ឍតាមអភិក្រម «រដ្ឋ ឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍»។
ទី៤៖ បន្តយកចិត្តទុកដាក់ ខិតខំកសាង និងពង្រឹងប្រសិទ្ធភាពដឹកនាំ ស្រមតាមលក្ខន្តិកមន្រ្តីរាជការស៊ីវិល។
ទី៥៖ រួមគ្នាដោះស្រាយរាល់បញ្ហាប្រឈមឲ្យបានស្រុះដៃគ្នា ប្រកបដោយឆន្ទះមុតស្រួច ជាពិសេសអនុវត្តគោលការណ៍ សមូហភាពដឹកនាំ បុគ្គលៗទទួលខុសត្រូវ និងអនុវត្តតាមតួនាទី ភារកិច្ច សិទ្ធិ និងរបៀបរបបការងារ ដែលក្រសួងប្រគល់ជូន។
ទី៦៖ ត្រូវព្យាយាមបញ្ជូនមន្រ្តីចូលរួមក្នុងវគ្គអប់រំ និងបណ្តុះបណ្តាលទាំងក្នុង និងក្រៅប្រទេស ដើម្បីបង្កើនសមត្ថភាពលើការអភិវឌ្ឍធនធានមនុស្ស។
ទី៧៖ ត្រូវបន្តថែរក្សាសមគ្គីភាព ឯកភាពផ្ទៃក្នុង និងផ្សារភ្ជាប់ជិតស្និតជាមួយមន្រ្តី និងប្រជាកសិករនៅមូលដ្ឋានដើម្បីបង្កើនជំនឿជឿជាក់ ទុកចិត្ត និងគាំទ្រ។
ទី៨៖ ត្រូវបន្តពង្រឹង ពង្រីកសមត្ថភាព និងកិច្ចសហប្រតិបត្តិការពេញលេញ ស៊ីជម្រៅលើការផលិតផលិតផលជាមួយគ្រប់ភាគីពាក់ព័ន្ធ សមស្របតាមសភាពការណ៍ជាក់ស្តែង និងបរិបទនៃកំណើនសេដ្ឋកិច្ច ប្រជាជន ការប្រកួតប្រជែង តម្រូវការ និងតម្រូវចិត្តរបស់ទីផ្សារក្នុង និងក្រៅ ប្រទេស។
ទី៩៖ បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង អនុវត្តកម្មវិធី ឬគម្រោងនានា ធ្វើយ៉ាងណាទាញយកប្រយោជន៍ ឲ្យបានជាអតិបរមាសម្រាប់ប្រជាពលរដ្ឋនៅឯមូលដ្ឋានផ្ទាល់ ហើយក៏ត្រូវរៀនសូត្រ ដកស្រង់បទពិសោធន៍ពីគម្រោង ដើម្បីបង្កើនសមត្ថភាពខ្លួន សម្រាប់ជាទុកពុទ្ធិក្នុងការអភិវឌ្ឍ អង្គភាពខ្លួន៕