(ភ្នំពេញ)៖ គណបក្សហ៊្វុនស៊ិនប៉ិច នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩នេះ បានប្រកាសបញ្ចប់តួនាទី លោក ណុប សុធារិទ្ធិ ពីអ្នកនាំពាក្យគណបក្សហ្វុ៊នស៊ិនប៉ិច ក្រោយពេលអត្ថាធិប្បាយពាក់ព័ន្ធនឹងការរួបរួមរបស់គណបក្សនេះ ជាមួយគណបក្សខ្មែររួបរួមជាតិរប់ស លោក ញឹក ប៊ុនឆៃ។

គណបក្សហ៊្វុនស៊ិនប៉ិច បានអះអាងក្នុងសេចក្តីប្រកាសរបស់ខ្លួនថា «កន្លងទៅថ្មីៗនេះមានព៌ត័មានបានចុះផ្សាយតាមកាសែតភ្នំពេញប៉ុស្តិ៍ ដកស្រង់សម្តីរបស់ លោក ណុប សុធារិទ្ធិ ដែលបានអះអាងដោយគ្មានឈរលើមូលដ្ឋានច្បាស់លាស់ផ្លូវការណាមួយដែលបានលើកឡើងថា៖ សមាជិក សមាជិកា ចាប់ពីថ្នាក់ឃុំ ស្រុក និង ខេត្តប្រមាណ ៩៨% នៃសមាជិកសរុប៥សែននាក់ នៃគណបក្សហ៊្វុនស៊ិនប៉ិចទូទាំងប្រទេស មិនពេញចិត្តនឹងផែនការចង់បង្រួបបង្រួមឡើងវិញរវាង គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ ក្នុងក្របខ័ណ្ឌក្នុងគណបក្សហ៊្វុនស៊ិនប៉ិចតែមួយ»

លិខិតនេះបានអះអាងទៀតថា៖ «គណបក្សហ៊្វុនស៊ិនប៉ិច យល់ឃើញថា ការលើកឡើងរបស់ លោក ណុប សុធារិទ្ធិ គឺជាការសម្តែងមតិជាលក្ខណៈបុគ្គលឯកជនផ្ទាល់ខ្លួនតែប៉ុណ្ណោះ ពុំមែនជាការប្រកាសគោលជំហរផ្លូវការណាមួយរបស់គណបក្សហ៊្វុនស៊ិនប៉ិចនោះឡើយ។ ជាមួយគ្នានេះ គណបក្សហ៊្វុនស៊ិនប៉ិច សូមធ្វើការបញ្ជាក់បន្ថែមថា លោក ណុប សុធារិទ្ធិ ត្រូវបានបញ្ចប់តួនាទីជាអ្នកនាំពាក្យរបស់គណបក្សកន្លងរួចមកហើយ»

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ហ្វុនស៊ិនប៉ិច ៖