(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩នេះ បានចេញសេចក្ដីជូនដំណឹងបញ្ជាក់អំពីស្ថានភាពអាកាសធាតុ ដែលកម្ពុជានឹងទទួលឥទ្ធិពលសម្ពាធទាបសកម្ម ធ្វើឲ្យមានភ្លៀងធ្លាក់រាយប៉ាយជាបន្ដបន្ទាប់ ក្នុងតំបន់វាលទំនាកណ្ដាល និងតំបន់មាត់សមុទ្រ ក្នុងកម្រិតបង្គួរទៅច្រើន ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩។

បើតាមសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃនេះ ក្រសួងធនធានទឹក ក៏បានឲ្យដឹងទៀតថា សម្រាប់ខេត្តដ៏ទៃទៀត នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយដូចគ្នា ក្នុងកម្រិតបរិមាណពីមធ្យមទៅបង្គួរ។

យ៉ាងណាមិញ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ដែរថា ការព្យាករសម្ពាធទាបសកម្មនេះ នឹងវិវត្តខ្លួនជាលំដាប់ទៅជាកូនព្យុះ (Tropical Storm) ទី២២ ដែលអាចមានឈ្មោះថា ម៉ាត់ម៉ូ (MATMO) ហើយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ កូនព្យុះនេះ នឹងធ្វើដំណើរទៅដល់ភាគខាងត្បូងវៀតណាម ហើយនឹងបន្ថយ ឥទ្ធិពលរបស់វាទៅជាសម្ពាធទាបសកម្ម (Active Low) វិញ នៅពេលធ្វើដំណើរកាត់លើភាគខាងត្បូងកម្ពុជា នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩៕