(ភ្នំពេញ)៖ លោក ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឲ្យលោក Christian Berger ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងជំនួបនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩នេះ លោករដ្ឋមន្ត្រី ឈៀង យ៉ាណារ៉ា បានជម្រាបលោកឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ថា រាជរដ្ឋាភិបាលសម្រេចបាន សមិទ្ធផលសំខាន់ៗជាច្រើន ទាំងនយោបាយ, សន្តិសុខ, សណ្តាប់ធ្នាប់សង្គម ទាំងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

លោករដ្ឋមន្ត្រីបន្ដថា រាជរដ្ឋាភិបាល បន្តរក្សាបានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចល្អប្រសើរ និងសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ ប្រកបដោយចីរភាពជាង៧ភាគរយ ក្នុងមួយឆ្នាំ ក្នុងរយៈពេលជាង២ទស្សវត្សរ៍ចុងក្រោយ ទន្ទឹមនឹងចំណូលរបស់ប្រជាជនម្នាក់ បានកើនដល់ជាង១,៤៥០ដុល្លារ ក្នុងឆ្នាំ២០១៧។ ប្រការនេះ បានធ្វើឲ្យកម្ពុជាសម្រេចឋានៈ ជាប្រទេសមានចំណូលមធ្យមកម្រិតទាប។

ដោយឡែក ក្នុងឆ្នាំ២០១៨ កំណើនសេដ្ឋកិច្ចសម្រេចបាន ៧.៥ភាគរយ ដែលជាកំណើនខ្ពស់ជាងគេ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយ និងប្រមាណ ៧.១ភាគរយ ក្នុងឆ្នាំ២០១៩ ដោយសារភាពកាន់តែរឹងមាំ នៃវិស័យឯកជន, ទេសចរណ៍ និងសំណង់ ក៏ដូចជាកិច្ចប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងការកែលម្អបរិយាកាសធុរកិច្ច ។

លោកបន្ថែមថា ចំណូលរបស់ប្រជាជនម្នាក់ កើនឡើងដល់ ១,៥៦៨ ដុល្លារ ក្នុងឆ្នាំ២០១៨ និងបន្តកើនដល់ប្រមាណ ១,៦៧៩ ដុល្លារ ក្នុងឆ្នាំ២០១៩។ រីឯអត្រាភាពក្រីក្រ ត្រូវបានកាត់បន្ថយមកនៅត្រឹមក្រោម១០ភាគរយ និងតម្លាតនៃចំណូលក្នុងចំណោមប្រជាជន ស្ថិតក្នុងកម្រិតទាប តាមរយៈការបែងចែកផ្លែផ្កានៃកំណើន ដល់ប្រជាជនគ្រប់ស្រទាប់។

លោក Christian Berger ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានសម្តែងនូវការអបអរសាទរ និងកោតសរសើរចំពោះកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ដែលកម្ពុជា សម្រេចបាន និងគោលដៅប្រកបដោយ មហិច្ឆតា ក្នុងការប្រែក្លាយកម្ពុជា ឲ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នាឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់ នាឆ្នាំ២០៥០។

ទន្ទឹមនេះ លោកឯកអគ្គរដ្ឋទូតថ្មី ក៏បានប្តេជ្ញាបន្ត និងពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ជាមួយកម្ពុជា ដោយពង្រីកវិសាភាពគ្របដណ្តប់ លើវិស័យយុទ្ធសាស្រ្តផ្សេងទៀត។

សូមបញ្ជាក់ថា រហូតដល់ឆ្នាំ២០១៩ សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណជាង៦៤០លានដុល្លារ ស្មើនឹងប្រមាណ៣ភាគរយ នៃទំហំហិរញ្ញប្បទានទាំងអស់។

ទំហំហិរញ្ញប្បទាននេះ មិនរាប់បញ្ចូលទាំងហិរញ្ញប្បទាន ដែលភាគីអាល្លឺម៉ង់ បានផ្តល់ឲ្យកម្ពុជា តាមរយៈគម្រោងថ្នាក់តំបន់ និងសកល ឬតាមរយៈស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ, បណ្តាញ អង្គការសហប្រជាជាតិ និងសហគមន៍អឺរ៉ុប។ ដោយឡែក ក្នុងឆ្នាំ២០១៨-២០១៩ ហិរញ្ញប្បទានឥតសំណងទ្វេភាគីរបស់អាល្លឺម៉ង់ មានប្រមាណ៣០លានដុល្លារក្នុងមួយឆ្នាំ។

ជាមួយគ្នានេះ ភាគីអាល្លឺម៉ង់បានសន្យាផ្តល់កញ្ចប់ហិរញ្ញប្បទាន ចំនួន៤៨.៦០លានអឺរ៉ូ (សមមូលនឹង ៥៤,៤០លានដុល្លារ) សម្រាប់ឆ្នាំ២០១៩-២០២០ ក្នុងនោះឥណទានសម្បទាន៣០លានអឺរ៉ូ សម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ និងហិរញ្ញប្បទានឥតសំណង
ចំនួន១៨. ៦០លានអឺរ៉ូ ។ បើបូកបញ្ចូលឥណទានសម្បទាន ដែលបានប្រកាសផ្តល់នាចុងឆ្នាំ២០១៨ ចំនួន៣០ លានអឺរ៉ូ សម្រាប់ប្រព័ន្ធចែកចាយថាមពលអគ្គិសនី, ទំហំហិរញ្ញប្បទានសរុបបានកើនដល់ ៧៨.៦០លានអឺរ៉ូ៕