(ភ្នំពេញ)៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩នេះ បានថ្លែងថា លោក សម រង្ស៉ី មេចលនាឧទ្ទាមនៅក្រៅប្រទេស កំពុងតែធ្វើនយោបាយដុតខ្លួនឯង និងអ្នកដើរតាម ហើយលទ្ធផលចុងក្រោយគឺទទួលរងនូវភាពអាម៉ាស។

លោកពេជ្រ ស្រស់ បានបញ្ជាក់ប្រាប់ Fresh News យ៉ាងដូច្នេះថា៖ «មនុស្សមួយក្រុមប្រឆាំងនឹងច្បាប់គឺ កំពុងតែធ្វើនយោបាយដុតខ្លួនឯង នឹងកំពុងតែប្រមូលអ្នកដើរតាមខ្លួន យកមកដុតដែរដើម្បីបង្កើតជាផ្សែងឲ្យគេឯងភ្ញាក់ផ្អើល ប៉ុន្តែលទ្ធផលចុងក្រោយគឺត្រូវរងនូវភាពអាម៉ាស់ ដោយសារភ្លៀងមួយមេធំធ្លាក់មកធ្វើឲ្យភ្នក់ភ្លើងនោះរលត់ទៅវិញយ៉ាងអាណោចអាធម្មជាពន់ពេក»

លោកបានបន្តថា៖ «ដូច្នេះអ្នកមិនទាន់ជ្រុលខ្លួនក្លាយទៅ ជាអូសត្រូវភ្ញាក់ខ្លួនឲ្យទាន់ពេលវេលា គឺដើម្បីថែរក្សាសុវត្ថិភាពខ្លួនឯង និងសុខសន្តិភាពសង្គមផងដែរ ដូចពាក្យចាស់ពោលថា "ជួញជិតគឺប្រសើរជាងជួញឆ្ងាយ" និងមួយឃ្លាទៀត "កុំជឿមនុស្សខ្ចាត់ព្រាត់ កុំភ្លាត់ជាមួយសម្តីផ្អែម"»

សូមបញ្ជាក់ថា ទណ្ឌិត សម រង្ស៉ី មេក្រុមឧទ្ទាមក្រៅច្បាប់ បានប្រកាសវិលចូលប្រទេសកម្ពុជាវិញ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តាមរយៈកម្លាំងមហាជន។ ជាមួយនឹងការប្រកាសនេះ លោកបានអំពាវនាវ និងប្រកាសផ្តល់ថវិកាលើកទឹកចិត្ត ឱ្យកងទ័ពផ្តាច់ខ្លួនហើយប្រឆាំងនឹងរាជរដ្ឋាភិបាល ព្រមទាំងអំពាវនាវឱ្យព្រះមហាក្សត្រដាក់រាជ្យថែមទៀតផង៕