(កំពត)៖ លោក ទេព ធន រដ្ឋលេខាធិការ និងជាតំណាងលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក ជាវ តាយ អភិបាលខេត្តកំពត អញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបើកការដ្ឋានសាងសង់អគារ ថៃ ប៊ុនរ៉ុងកំពត បៀលឌីង ស្ថិតនៅគល់ស្ពានចាស់ ក្នុងភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត កាលពីរសៀល ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩។

យោងតាមរបាយការណ៍របស់តំណាងក្រុមហ៊ុន បានឲ្យដឹងថា គម្រោងអាគារថៃប៊ុនរ៉ុងកំពតបៀលឌីងមួយនេះ គឺជាគម្រោងសាងសង់ អគារពហុមុខងារ ដែលមានផ្ទៃសំណង់សរុប ១៣៨,៤៥០.៤៤ម៉ែត្រក្រឡា លើដីឡូតិ៍ទំហំ ៧,១២៥ ម៉ែត្រក្រឡា មានកម្ពស់៤២ជាន់ ដែលគ្រោងនឹងចំណាយទឹកប្រាក់វិនិយោគសរុប ដោយពុំគិតពីតម្លៃដី មានចំនួន ៩៥លានដុល្លារអាមេរិក។ គម្រោងប្រើរយៈពេលសាងសង់ ៣ឆ្នាំកន្លះ គឺចាប់ផ្ដើមសាងសង់ នាចុងខែតុលា ឆ្នាំ២០១៩ ហើយគម្រោងនឹងត្រូវបញ្ចប់នៅដំណាច់ខែមេសា ឆ្នាំ២០២៣។

លោក ជាវ តាយ ថ្លែងថា ទីផ្សារអចលនទ្រព្យនៅកម្ពុជា បានបង្ហាញពីកំណើនយ៉ាងខ្លាំង នៃប្រភពអចលនទ្រព្យក្នុងស្រុក ហើយជាប្រទេសមានសេដ្ឋកិច្ច លូតលាស់លឿន ដែលវិស័យឧស្សាហកម្ម សំណង់ និងសេវាកម្ម នៅតែជាកម្លាំងចលករយ៉ាងសំខាន់។

សម្រាប់ពិធីបើកការដ្ឋានសាងសង់អគារថៃ ប៊ុនរ៉ុង កំពត បៀលឌីង នាពេលនេះ ជាការបើកទំព័រប្រវត្តិសាស្រ្តសំណង់អគារលំដាប់អន្តរជាតិជាលើកដំបូង និងខ្ពស់ជាងគេនៅខេត្តកំពត ដែលបានរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចខេត្តកំពត ហើយសម្រាប់បំពេញតម្រូវការរបស់វិនិយោគិន ភ្ញៀវជាតិ និងអន្តរជាតិ ធ្វើការបណ្តាក់ទុនវិនិយោគនៅក្នុងខេត្តកំពត។

លោក ទេព ធន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៅតែបន្តអនុវត្តនូវកម្មវិធី យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល និតិកាលទី៦ នៃរដ្ឋសភា ដើម្បីជាគន្លឹះត្រីវិស័យក្នុងការ ទ្រទ្រង់និងអភិវឌ្ឍ សេដ្ឋកិច្ច ជាតិ។ ក្នុងនោះបានកំណត់យកនូវសសរស្ដម្ភចំនួន៤ គឺទី១ វិស័យកសិកម្ម ទី២ វិស័យសំណង់ ទី៣ វិស័យទេសចរណ៍ និងទី៤ វិស័យកាត់ដេរ ហើយវិស័យទាំងអស់នោះក៏មានវិស័យឯកជនបានចូលរួមយ៉ាងសកម្មបំផុតផងដែរ ដែលសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងបានកំណត់យកដៃគូរឯកជន ក្នុងការវិនិយោគដែលមិនអាចខ្វះបានក្នុងការពន្លឿនកំណើនសេដ្ឋកិច្ចជាតិ។

លោក ទេព ធន ក៏បានចាត់ទុកអាគារ ដែលខ្ពស់ជាងគេបំផុតនៅក្នុងក្រុងកំពតដែលក្រុមហ៊ុន ថៃប៊ុនរ៉ុង សាងសង់ពេលនេះ គឺពិតជាបានរួមចំណែកអភិវឌ្ឍន៍វិស័យ ទេសចរណ៍ នៅខេត្តកំពត ដែលជាខេត្តជាប់មាត់ សមុទ្រ ជួរភ្នំ និងមានសក្ដានុពល ទេសចរណ៍ បែបធម្មជាតិ ព្រមទាំងជាតំបន់ដែលមានសក្ដានុពលភាព ក្នុងការបង្កើតជាតំបន់វិស្សមកាល ហើយស្របទៅនឹងប្លង់មេ ដែលខេត្តកំពតបានអនុម័តគម្រោងខាងលើ គឺជាការតភ្ជាប់សំខាន់ដែលក្រុមហ៊ុននេះ មានគម្រោងតំបន់សេដ្ឋកិច្ចពិសេស នៅក្នុងរោងចក្រស៊ីម៉ង់ត៍ នៅភ្នំល្អាងដែលនឹងត្រូវរៀបចំការសម្ពោធ នៅពេលខាងមុខនេះហើយ៕