(ភ្នំពេញ)៖ អាណាព្យាបាល សិស្សនិស្សិត និងភ្ញៀវកិត្តិយសជាង ២០០០នាក់ បានទៅចូលរួមក្នុងព្រឹត្តិការណ៍សន្និបាតបញ្ញវន្តពិភពលោកលើកទី៥ ដែលរៀបចំឡើងនៅសណ្ឋាគារសូហ្វីតែលភ្នំពេញ។

ព្រឹត្តិការណ៍សន្និបាតបញ្ញវន្តពិភពលោក ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៥ ដោយស្ថាប័ន IDP Education ដែលជាក្រុមហ៊ុនផ្តល់សេវាកម្ម ផ្នែកការអប់រំអន្តរជាតិឈានមុខគេ នៅក្នុងពិភពលោក។ បច្ចុប្បន្ន ព្រឹត្តិការណ៍សន្និបាតបញ្ញវន្តពិភពលោក តែងតែរៀបចំកម្មវិធីនេះជារៀងរាល់ឆ្នាំ ដែលជាវេទិកាដ៏មានសារៈសំខាន់បំផុតមួយ សម្រាប់ឱកាសនៃការអប់រំអន្តរជាតិ និងការកសាងបណ្តាញការងារ នៅក្នុងប្រទេសកម្ពុជា។

ព្រឹត្តិការណ៍សន្និបាតបញ្ញវន្តពិភពលោកលើកទី៥ រួមបញ្ចូលកម្មវិធី២សំខាន់ៗគឺ Global Alumni Festival (ទិវាជួបជុំគ្នានៃបញ្ញវន្តពិភពលោក) និងការតាំងពិព័រណ៍សិក្សា និងការងារ។

សន្និបាតបញ្ញវន្តពិភពលោក ត្រូវបានប្រកាសបើកជាផ្លូវការក្រោមអធិបតីលោក យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងនាយកសាលាភូមិន្ទរដ្ឋបាល, លោក សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា, លោកស្រី Angela Corcoran ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅប្រទេសកម្ពុជា និងលោក ម៉ៅ ស្រេង នាយកស្ថាប័នអប់រំ IDP ប្រចាំនៅប្រទេសកម្ពុជា និងស្ថាបនិកសន្និបាតបញ្ញវន្តពិភពលោក។

The Global Alumni Festival គឺជាការរំលេចឲ្យឃើញពីសារៈសំខាន់ នៃការបង្កើនទំនាក់ទំនងក្នុងសន្និសីតបញ្ញវន្តពិភពលោកទាំងមូល។ កម្មវិធីផ្តល់ឲ្យអ្នកចូលរួម នូវឱកាសក្នុងការកសាងបណ្តាញការងារ បង្កើតភាពជាដៃគូ និងអបអរសាទរចំពោះភាពរីកចម្រើន នៃការអប់រំអន្តរជាតិ នៅកម្រិតបុគ្គល កម្រិតស្ថាប័ន និងកម្រិតជាតិ។

ការតាំងពិព័រណ៍រួមមានតំណាងស្ថាប័នអប់រំប្រមាណចំនួន៦៧ មកពីបណ្តាប្រទេសនានាលើពិភពលោកដូចជា ប្រទេសអូស្រ្តាលី កម្ពុជា កាណាដា អៀរឡង់ ណូវែលហ្សេឡង់ ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក សាំងហ្កាពួរ និងប្រទេសថៃ ដែលបានដាក់បង្ហាញនូវជំរើសសិក្សាលំដាប់ពិភពលោក ពីកម្រិតវិទ្យាល័យ ដល់កម្រិតបច្ចេកទេស និងឧត្តមសិក្សា ដល់សិស្សនិស្សិត ដែលមានបំណងបន្តការសិក្សានៅបរទេស។ ពត៌មានស្តីពីកម្មវិធីសិក្សា ការដាក់ពាក្យចូលរៀន ដំណើការសុំទិដ្ឋាការ និងអាហារូបករណ៍ ត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃ ពីសំណាក់អ្នកតំណាងស្ថាប័ននីមួយៗ អ្នកប្រឹក្សាស្ថាប័នអប់រំ IDP និងតំណាងអាហារូបករណ៍ផ្សេងៗ។

លោក ម៉ៅ ស្រេង នាយកស្ថាប័នអប់រំ IDP ប្រចាំនៅប្រទេសកម្ពុជា បានថ្លែងថា សន្និបាតបញ្ញវន្តពិភពលោកលើកទី៥ គឺជាព្រឹត្តិការណ៍ដ៏ធំជាងគេនាពេលបច្ចុប្បន្ន ដែលផ្តោតទៅលើជំរើសនៃការសិក្សា និងអាហារូបករណ៍។

ពិព័រណ៍ការសិក្សា និងការងារក៏មានរួមបញ្ចូលនូវវេទិកាពិភាក្សា ដែលមានការចូលរួមពីសំណាក់អ្នកជំនាញ អតីតសិស្សនិស្សិតមកពីបរទេស តំណាងអាហារូបករណ៍ និងតំណាងមកពីស្ថានទូត និងសង្គមស៉ីវិល។ វេទិកាពិភាក្សាទាំងនោះផ្តោតទៅលើប្រធានបទ ដែលផ្តល់នូវចំណេះដឹងដ៏ទូលំទូលាយស្តីអំពី ការអភិវឌ្ឍជំនាញ គោលដៅសម្រាប់ការងារ និងជម្រើសសិក្សាអន្តរជាតិ ដែលជួយដល់ សិស្សនិស្សិត និងអាណាព្យាបាល ក្នុងការរៀបចំគម្រោងសិក្សាទៅថ្ងៃអនាគតឲ្យបានល្អប្រសើរ។

សូមបញ្ជាក់ថា ស្ថាប័នអប់រំ IDP មានការិយាល័យចំនួនជាង១០០ នៅក្នុង៣០ ប្រទេសជុំវិញពិភពលោក។ នៅប្រទេសកម្ពុជា ការិយាល័យផ្តល់សេវាកម្មបញ្ជូន សិស្សនិស្សិតទៅរៀននៅបរទេសរបស់ស្ថាប័នអប់រំ IDP មានទីតាំងនៅគ្រប់សាខាទាំង ៥ របស់សាលា ACE (Australian Centre for Education) ដែលស្ថិតនៅក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប។ ការប្រឹក្សា នឹងការបំពេញទម្រង់បែបបទសិក្សា ត្រូវបានផ្តល់ជូនដោយស្ថាប័នអប់រំ IDP ដោយឥតគិតថ្លៃ៕