(ភ្នំពេញ)៖ រ៉ូតថារីក្លឹប ភ្នំពេញសេនត្រល (Rotary Club of Phnom Penh Central) ជាអង្គការសប្បុរសធម៌ថ្មីមួយ ត្រូវបានសម្ពោធដំណើរការជាផ្លូវការហើយ នាល្ងាចថ្ងៃទី២៦ ខែតុលា នៅរាជធានីភ្នំពេញ ដើម្បីចូលរួមធ្វើសកម្មភាពមនុស្សធម៌ នៅកម្ពុជា ដោយផ្តោតសំខាន់នៅលើសហគមន៍ក្រីក្រ និងតំបន់ដាច់ស្រយាល។

លោក ឈរ វែងងួន អ្នកគ្រប់គ្រងទូទៅអង្គការសប្បុរសធម៌រ៉ូតថារីក្លឹប ភ្នំពេញសេនត្រល បានឲ្យដឹងថា អង្គការរ៉ូតថារីអន្តរជាតិមានអាយុកាលជាង ១០០ឆ្នាំមកហើយនៅលើពិភពលោក។ ប៉ុន្តែរ៉ូតថារី ភ្នំពេញសេនត្រល នៅកម្ពុជា ទើបតែត្រូវបានបង្កើតឡើងជាលើកដំបូងដោយកូនខ្មែរ។

លោកបន្តថា អង្គការនេះ បង្កើតឡើងក្នុងគោលបំណង ដើម្បីជួយដល់សហគមន៍ក្រីក្រ និងតំបន់ដាច់ស្រយាល នៅកម្ពុជាដែលផ្តោតសំខាន់ ទៅលើការងារលើកកម្ពស់ សុខុមាលភាពមាតានិងទារក, ការអប់រំ, ទឹកស្អាត និងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាដើម។

គួរជម្រាបថា អង្គការសប្បុរសធម៌រ៉ូតថារីក្លឹប បានដំណើរការនៅជាង ១០០ប្រទេស ទូទាំងពិភពលោក ហើយនេះគឺជា លើកទី១ហើយ ដែលកម្ពុជា មានរ៉ូតថារីក្លឹប និយាយជាភាសាខ្មែរ ខណៈ ៧ក្លឹបផ្សេងទៀត ដែលបានដំណើរការនៅក្នុងប្រទេសកម្ពុជាដែរនោះ ត្រូវបានបង្កើតឡើងដោយជនបរទេស ហើយកំពុងដំណើរការនៅរាជធានីភ្នំពេញ, សៀមរាប, បាត់ដំបង, ពោធិ៍សាត់ និងកំពង់ចាម៕