(ភ្នំពេញ)៖ នៅសល់មិនដល់មួយសប្តាហ៍ទៀតទេ មហាព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំគឺ «ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០១៩» នឹងត្រូវបានរៀបចំឡើងជាទីកន្លែងជួបជុំគ្នា ដោយងាយស្រួលសម្រាប់និយោជក អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល អ្នកស្វែងរកការងារធ្វើ និងកម្មករនិយោជិត ក្នុងការទទួលបានឱកាសការងារ ជ្រើសរើសបុគ្គលិក និងចែករំលែកព័ត៌មានទីផ្សារការងារ។

បន្ថែមលើនេះ ព្រឹត្តិការណ៍ពិព័រណ៍នឹងនាំមកនូវសិក្ខាសាលាផលិតភាពជាតិក្រោមប្រធានបទ «យុទ្ធសាស្ត្រផលិតភាពសម្រាប់កម្ពុជា- ការត្រួសត្រាយផ្លូវសម្រាប់ការប្រកួតប្រជែងជាសកល» ដែលនឹងចែករំលែកបទពិសោធន៍ដោយវាគ្មិនជាតិ និងអន្តរជាតិល្បីៗ ស្របពេលនឹងព្រឹត្តិការណ៍ពិព័រណ៍នេះផងដែរ។

ពិព័រណ៍នេះ ត្រូវបានរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមកិច្ចសហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ដោយមានរយៈពេលពីរថ្ងៃគឺ ថ្ងៃសៅរ៍-អាទិត្យ ទី០២-០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ចាប់ពីម៉ោង៨ ព្រឹក ដល់ ៨យប់ នៅអគារពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ។

ឱកាសការងារសរុបជាង២ម៉ឺនកន្លែង នឹងត្រូវបានផ្តល់ដោយក្រុមហ៊ុន/សហគ្រាសធំៗជាង ១៥០ មកពីវិស័យសំខាន់ៗដូចជា៖ ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ, សំណង់, សណ្ឋាគារនិងបដិសណ្ឋារកិច្ច, ទូរគមនាគមន៍, ការអប់រំនិងបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ, កម្មន្តសាល និងភ្នាក់ងារជ្រើសរើសឯកជននៅក្នុងបញ្ជរសរុបចំនួន៣០០។

ក្រៅពីទទួលបានឱកាសការងាររាប់ម៉ឺនកន្លែង អ្នកចូលរួមនឹងទទួលបានព័ត៌មានពីផែនការ តម្រូវការ និងគោលនយោបាយក្នុងការជ្រើសរើសកម្លាំងពលកម្មនាពេលបច្ចុប្បន្ន និងអនាគត កម្មវិធីសិក្សា អាហារូបករណ៍ វគ្គសិក្សាពិព័រណ៍ដ៏ធំនេះ ត្រូវបានរំពឹងថាមានអ្នកចូលរួមទស្សនាជាង ៣ម៉ឺននាក់ ដែលភាគច្រើនជាសិស្ស-និស្សិត យុវជន អ្នកស្វែងរកការងារ និងកម្មករនិយោជិតពីគ្រប់វិស័យ។ 

ដូច្នេះដើម្បីទទួលបានឱកាសការងារល្អៗ និងការយល់ដឹងអំពីការបង្កើនផលិតភាពសូមយុវជន សិស្ស-និសិ្សតអ្នកស្វែងរកការងារធ្វើ និងកម្មករនិយោជិតទាំងអស់ចូលរួមទស្សនា និងកុំភ្លេចយកប្រវត្តិរូបសង្ខេប (CV) មកជាមួយដើម្បីដាក់ពាក្យស្នើសុំការងារដោយផ្ទាល់ជាមួយនិយោជក ដែលកំពុងត្រូវការជ្រើសរើសកម្លាំងពលកម្ម។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទ 017 871 807, 096 2155 162 គេហទំព័រ www.nea.gov.kh ឬទំព័រ Facebook របស់ NEA neakhmer៕