(កំពត)៖ ដោយបានការឧបត្ថម្ភគាំទ្រ និងអញ្ជើញចូលរួមជាកិត្តិយសដោយផ្ទាល់ពីលោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅខេត្តកំពត ក្រុមបាល់ទាត់សេនាយុត្តិធម៌ បានចូលរួមការប្រកួតបាល់ទាត់ ជាលក្ខណៈមិត្តភាពជាមួយក្រុមកីឡាករ បាល់ទាត់អយ្យការខេត្តកំពត។ ការប្រកួតនេះ បានធ្វើឡើងនារសៀលថ្ងៃសៅរ៍ទី២៦ ខែតុលា ឆ្នាំ២០១៩។

មន្រ្តីជាន់ខ្ពស់ក្រសួងយុត្តិធម៌ និងជាសមាជិកក្រុមសេនាយុត្តិធម៌ បានថ្លែងថា ការប្រកួតនេះ បានធ្វើឡើងក្នុងគោលបំណង ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព រវាងក្រុមសេនាយុត្តិធម៌ និងមន្ត្រីរាជការនៃសាលាដំបូង និងអយ្យការខេត្តកំពត ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ លោក ឯក ឆេងហ៊ួត ព្រះរាជអាជ្ញានៃអយ្យការខេត្តកំពត។

លោកថ្លែងថា ក្រៅពីការប្រកួតបាល់ទាត់លក្ខណៈមិត្តភាពនេះ ក្រុមសេនាយុត្តិធម៌ បានចុះទស្សនកិច្ចសិក្សានៅសាលាដំបូងនិងអយ្យការខេត្តកំពត និងបានបន្តដំណើរទៅកាន់សាលាបឋមសិក្សា ហ៊ុន សែន វត្តកំពត ដែលមានទីតាំងស្ថិតនៅសង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ដើម្បីចែកសម្ភារសិក្សា និងថវិកាមួយចំនួនជូនលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ដែលកំពុងសិក្សានៅទីនោះ។

មន្រ្តីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បានកត់សម្គាល់បន្ថែមថា ក្រុមបាល់ទាត់សេនាយុត្តិធម៌ ជាក្រុមកីឡាករដែលស្ថិតក្នុងវិស័យយុត្តិធម៌ រួមមាន៖ សមាជិកនៃឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម មន្ត្រីរាជការនៃក្រសួងយុត្តិធម៌ ប្រធាន អនុប្រធាន ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ចៅក្រម សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី-ខេត្ត ក្រឡាបញ្ជី និងមេធាវីផងដែរ។

គួររំលឹកផងដែរថា ក្រុមសេនាយុត្តិធម៌នេះ ក៏ធ្លាប់បានចូលរួមប្រកួតជាមិត្តភាពមួយក្រុមបាល់ទាត់ របស់សាលាដំបូងខេត្តនានា នៅប្រទេសកម្ពុជា និងនៅបរទេសជាច្រើនដងរួចហើយផងដែរ៕