(ភ្នំពេញ)៖ ករណីឃាតកម្ម ជនដៃដល់ដែលជាប្អូនថ្លៃ បាញ់សម្លាប់បងថ្លៃខ្លួនឯង នៅក្នុងផ្ទះខណ្ឌទួលគោក រាជធានីភ្នំពេញ នាវេលាម៉ោងជិត១១ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩នេះ កើតឡើងដោយសារ គំនុំក្នុងចិត្តជាង ១០ឆ្នាំមកហើយ។

ជនដៃដល់ឈ្មោះ មាស ណារ៉ា អាយុ៣០ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅផ្ទះ N77H ផ្លូវលំ ភូមិ១១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។ ចំណែកឯជនរងគ្រោះឈ្មោះ ជួប រតនា អាយុ៤៦ឆ្នាំ មុខរបរ គ្រូបង្រៀននៅវិទ្យាល័យពងទឹក ស្នាក់នៅកន្លែងកើតហេតុខាងលើ។

បន្ទាប់ពីធ្វើសកម្មភាពបាញ់សម្លាប់បងថ្លៃខ្លួនរួចហើយ ជនដៃដល់បានជិះម៉ូតូទៅសារភាព នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់៣។ ជនដៃដល់បានចូលសារភាពនៅចំពោះសមត្ថកិច្ច ដោយអះអាងថា មូលហេតុដែលខ្លួនបាញ់បងថ្លៃបែបនេះ ព្រោះមានគំនុំពាក្យសម្តីជាង ១០ឆ្នាំមកហើយ និងមានសម្ពាធពីខាងគ្រួសារផងដែរ។

មុនពេលធ្វើសកម្មភាព ជនដៃបានហៅបងថ្លៃទៅហូបស្រាបៀរ និងសង្ឈឹមថា លើកលែងគំនុំក្នុងចិត្ត ប៉ុន្តែបងថ្លៃរូបនោះ នៅតែនិយាយពាក្យសម្តីមិនល្អលើខ្លួនដដែល។ ដោយទ្រាំមិនបាន ជនដៃដល់ក៏ធ្វើសកម្មភាពបាញ់សម្លាប់តែម្តង។

ជនសង្ស័យរូបនេះ បានសារភាពយ៉ាងដូច្នេះថា៖ «បាញ់៣ ទៅ៤គ្រាប់... ត្រូវ៣គ្រាប់។ គំនុំជាង១០ឆ្នាំហើយ! គំនុំពាក្យសម្តី ធ្វើអីក៏ខុស និងមានសម្ពាធខាងគ្រួសារខ្លាំង។ ខ្ញុំហៅគាត់ហូបស្រាបៀរ មួយកំប៉ុងទៅ ហើយខ្ញុំថាខ្ញុំលើកលែងឲ្យគាត់។ គាត់នៅតែនិយាយពាក្យមិនល្អ ចំពោះខ្ញុំទៀត»

ក្រោយពេលចូលសារភាពរួចហើយនោះ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យខាងលើ ទៅកន្លែងធ្វើសកម្មភាពឃាតកម្ម ដើម្បីស្វែងរកកាំភ្លើងសម្រាប់ធ្វើសម្មភាព។ នៅក្នុងផ្ទះនោះដែរ សមត្ថកិច្ចបានរកឃើញក្រដាស A4 មួយផ្ទាំង ដែលជនសង្ស័យសរសេរជាអក្សរធំៗថា «ធ្វើអ្វីមិនចេះថ្នមដៃ ប្រយ័ត្នផុតលលាដ៍ក្បាល»

ពាក់ព័ន្ធករណីនេះដែរ ជនសង្ស័យត្រូវបានសមត្ថកិច្ចនាំទៅកាន់ ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់៣វិញ ដើម្បីចាត់ការតាមនីតិវិធីបន្តទៀត៕