(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩នេះ បានអញ្ជើញ បិទសិក្ខាសាលាបណ្តុះបណ្តាលកម្រិតមូលដ្ឋាន អំពីការស៊ើបអង្កេតហិរញ្ញវត្ថុ និងប្រឆាំងការសម្អាតប្រាក់។

សិក្ខាសាលាបណ្តុះបណ្តាលខាងលើនេះ មានការចូលរួមពីសិក្ខាកាមចំនួន ៣៧នាក់ មកពីស្ថាប័នតុលាការ អង្គភាពប្រឆាំងអំពើពុករលួយ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា អគ្គនាយកដ្ឋានពន្ធដារ អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា និងគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ។

សិក្ខាសាលារយៈពេល ៥ថ្ងៃនេះ សហការរៀបចំឡើងដោយអគ្គស្នងការដ្ឋាននគរបាលជាតិ និងការិយាល័យអង្គការសហប្រជាជាតិស្តីពីគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) ក្នុងគោលបំណងកសាងសមត្ថភាព និងលើកកម្ពស់ជំនាញបច្ចេកទេស របស់ភ្នាក់ងារពង្រឹងការអនុវត្តច្បាប់ និងភ្នាក់ងារស៊ើបអង្កេត ដែលមានសមត្ថកិច្ចលើប្រតិបត្តិការស៊ើបអង្កេត ចោទប្រកាន់ និងផ្តន្ទាទោសបទល្មើសសម្អាតប្រាក់។

ឆ្លៀតក្នុងឱកាសនេះផងដែរ លោកឧត្តមសេនីយ៍ឯក ក៏បានរំលឹកអំពីកិច្ចសហប្រតិបត្តិការ រវាងនគរបាលជាតិកម្ពុជា និង UNODC ជាពិសេសលើគម្រោងជំនួយបច្ចេកទេស ដែលបានផ្តល់ជូននគរបាលជាតិ នាពេលកន្លងមក។

ជាការកត់សម្គាល់ក្នុងឆ្នាំ២០១២-២០១៣ UNODC បានផ្តល់កម្មវិធីបណ្តុះបណ្តាលបច្ចេកទេសស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ ដល់កម្លាំងនគរបាលកម្ពុជាជាង១០០ (ក្នុងនោះ ក៏មានសមាសភាពមន្ត្រី នៃស្ថាប័នតុលាការ និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជាផងដែរ)។

ឧត្តមសេនីយ៍ឯក ឌី វិជ្ជា បន្ថែមទៀតថា UNODC បានបន្តបង្កើនកម្រិតបណ្តុះបណ្តាលគ្រូបង្កោល ហើយជាលទ្ធផលមន្ត្រីនគរបាលចំនួន១៤រូប ត្រូវបានវាយតម្លៃសមត្ថភាព និងជ្រើសរើសជាគ្រូបង្គោល សម្រាប់កម្មវិធីបណ្តុះបណ្តាលបច្ចេកទេស ស៊ើបអង្កេតបទល្មើសសម្អាតប្រាក់។

ជាមួយគ្នានោះ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ក៏បានសំណូមពរសិក្ខាកាម ដែលបានបញ្ចប់វគ្គនាថ្ងៃនេះ សូមបន្តចូលរួម សិក្ខាសាលាបណ្តុះបណ្តាលកម្រិតខ្ពស់ អំពីការស៊ើបអង្កេតហិរញ្ញវត្ថុ និងប្រឆាំងការសម្អាតប្រាក់ ដែលនឹងប្រព្រឹត្តទៅ នៅដើមឆ្នាំ២០២០ខាងមុខនេះ៕