(ភ្នំពេញ)៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩នេះ បានសម្រេចអនុម័តទាំងស្រុងហើយលើ «សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០»។ នេះបើតាមការប្រកាសរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។

ថវិកាឆ្នាំ២០២០ ត្រូវបានរៀបចំដោយគិតគូរប្រកបដោយភាពប្រយ័ត្នប្រយែង និងវិភាជសម្រាប់អនុវត្តសកម្មភាព អាទិភាព ដើម្បីឆ្លើយនឹងអាទិភាពគោលនយោបាយធំៗរបស់រាជរដ្ឋាភិបាល និងតម្រូវការចាំបាច់ជាមូលដ្ឋានរបស់ក្រសួងស្ថាប័ននានា ជាពិសេសការអនុវត្តឱ្យចេញលទ្ធផលជាក់ស្តែងប្រកបដោយប្រសិទ្ធភាព នូវកម្មវិធីនយោបាយនិងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ព្រមទាំងផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិឆ្នាំ២០១៩-២០២៣ របស់រាជរដ្ឋាភិបាលដែលជាមាគ៌ារយៈពេលមធ្យម សំដៅឈានទៅសម្រេចបាននូវបំណងប្រាថ្នារយៈពេលវែងរបស់ប្រជាជនកម្ពុជា។

ក្នុងន័យនេះ ថវិកាឆ្នាំ២០២០ អាចត្រូវបានសន្និដ្ឋានថា ជាឧបករណ៍ដ៏មានប្រសិទ្ធភាពមួយក្នុងការជួយឲ្យរាជរដ្ឋាភិបាលអាចឆ្លើយតបទៅនឹងបញ្ហាប្រឈម និងហានិភ័យទាំងក្នុង និងក្រៅប្រទេស ហើយក៏ឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាជននិងអាចសម្រេចបុព្វហេតុចម្បងៗរបស់ខ្លួន ជាពិសេសការបង្កើតល្បឿននៃការអភិវឌ្ឍ ការលើកកម្ពស់ប្រសិទ្ធភាពសេវាសាធារណៈនិងការចូលរួមដោះស្រាយបញ្ហាជាច្រើនទៀតរបស់ជាតិ និងប្រជាជន ដែលស្ដែងឡើងតាមរយៈការបន្ដដំឡើងបា្រក់បៀវត្សជូនមន្រ្ដីរាជការទូទៅឲ្យកាន់តែខ្ពស់ជាង១លានរៀល ក្នុងឆ្នាំ២០២០ និងការបង្កើនការផ្ដល់នូវមធ្យោបាយ និងធនធានសមស្របដល់ក្រសួង ស្ថាប័ន ដើម្បីបំពេញភារកិច្ចរបស់ខ្លួនស្របតាមទិសដៅនៃការកែទម្រង់ស៊ីជម្រៅឲ្យកាន់តែមានប្រសិទ្ធភាព ព្រមទាំងបន្ដគាំទ្រការវិនិយោគចាំបាច់នានា ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ច។

ទន្ទឹមនេះ ថវិកាឆ្នាំ២០២០ ក៏បានគូសបញ្ជាក់នូវការបេ្ដជ្ញាចិត្ដរបស់រាជរដ្ឋាភិបាលក្នុងការខិតខំបង្កើនប្រសិទ្ធភាព និងកម្រិតនៃការកៀរគរចំណូលគ្រប់ប្រភេទ ដើម្បីឆ្លើយតបនឹងតម្រូវការចំណាយ តាម រយៈការជំរុញអនុវត្ដឲ្យមានប្រសិទ្ធភាពខ្ពស់បំផុតនូវ យុទ្ធសាស្រ្ដកៀរគរចំណូល២០១៩ ២០២០ ដែលជាមូលដ្ឋានសម្រាប់ធានាប្រសិទ្ធភាពនៃការគ្រប់គ្រងប្រមូលចំណូល ក៏ដូចជាដើម្បីធ្វើឲ្យប្រព័ន្ធពន្ធដារក្លាយជាឃ្នាស់សេដ្ឋកិច្ច ដោយបន្ដផ្សារភ្ជាប់ការគិតគូរ និងយកចិត្តទុកដាក់ ទៅដល់អ្នកមានចំណូលទាប និងអាជីវកម្មតូចតាច។

សរុបមក ថវិកាឆ្នាំ២០២០ ត្រូវបានរៀបចំឡើងតាមគោលនយោបាយវិត្ថារកម្មថវិកា ដោយផ្ដោតការយកចិត្ដទុកដាក់ជាពិសេសលើមនុស្ស និងការកែទម្រង់រចនាសម្ព័ន្ធ ដែលមានអភិបាលកិច្ចជាស្នូល ហើយអាចប្រសិទ្ធនាមបានថា ជា «ថវិកាយុទ្ធសាស្រ្ដនៃការផ្គួបកម្លាំងសរុប ដើម្បីទប់ទល់នឹងបញ្ហាប្រឈមនិងហានិភ័យទាំងក្នុង និងក្រៅប្រទេស តាមរយៈការពង្រឺងសមត្ថភាពផ្ទៃក្នុង ដោយជំរុញឲ្យបានខ្លាំងក្លានូវការកែទម្រង់ស៊ីជម្រៅ និងមុតស្រួច ដើម្បីធានាសុខសន្ដិភាព ស្ថិរភាព និងចីរភាពនៃកំណើនសេដ្ឋកិច្ច សំដៅលើកកម្ពស់សុខុមាលភាពជូនប្រជាជន លើមាគ៌ាឆ្ពោះទៅរកចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០»