(ភ្នំពេញ)៖ មនុស្សជំនិតរបស់ទណ្ឌិត សម រង្ស៉ី និងជាអតីតអនុប្រធានគណបក្សសង្រ្គោះជាតិ លោកស្រី មូរ សុខហួរ ដែលត្រូវបានគេដឹងថា ជាមនុស្សម្នាក់ក្នុងចំណោមជាច្រើននាក់ ដែលបានចូលរួមរៀបចំរដ្ឋប្រហារខុសច្បាប់ប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា បានប្រាប់សារព័ត៌មានអូស្រ្តាលីថា លោកស្រីពិតជាត្រូវសមត្ថកិច្ចអន្តោរប្រវេសថៃ មិនអនុញ្ញាតឱ្យចូលក្នុងទឹកដីប្រទេសថៃមែន ហើយលោកស្រីសម្រេចចិត្តនឹងវិលត្រឡប់ទៅកាន់សហរដ្ឋអាមេរិកវិញ។

លោកស្រី មូរ សុខហួរ បានអះអាងបែបនេះប្រាប់ដល់សារព័ត៌មានអូស្រ្តាលី The Sydney Morning Herald ឲ្យដឹងយ៉ាងដូច្នេះថា «ពួកគេបានឱ្យខ្ញុំស្ថិតនៅក្នុង បន្ទប់ពិសេសមួយ, ពួកគេ (អាជ្ញាធរថៃ) នៅតាមឃ្លាំមើលខ្ញុំ ហើយបន្ទាប់មកទៀតបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ Malaysian Airlines បានប្រឹងប្រែងស្វែងរកជើងហោះហើរថ្មី ឱ្យខ្ញុំត្រឡប់ទៅកាន់ទីក្រុងគូឡាឡាំពួរវិញ»។ នេះជាសម្ដីរបស់លោកស្រី ប្រាប់សារព័ត៌មានខាងលើចេញផ្សាយថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩។

លោកស្រីបានអះអាងបន្ថែមថា «ខ្ញុំមិនត្រូវបានអនុញ្ញាតឱ្យឆ្លងព្រំដែនឡើយ ហើយក៏មិនត្រូវបានគេអនុញ្ញាតឱ្យចាកចេញពីអាកាសយានដ្ឋានដែរ។ ដូច្នេះហើយ ជំនួសឱ្យការធ្វើដំណើរទៅកាន់រដ្ឋធានីហ្សាការតា តាមការគ្រោងទុក, លោកស្រី Mu Sochua បានសម្រេចចិត្តត្រឡប់ទៅកាន់សហរដ្ឋអាមេរិកវិញ ជាជាងត្រូវបានបណ្ដេញចេញពីប្រទេសឥណ្ឌូណេស៊ីជាថ្មីម្ដងទៀត»

កាលពីយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ លោកស្រី មូរ សុខហួរ បានសារភាពថា លោកស្រីពិតជាត្រូវនគរបាលអន្តោរប្រវេសថៃ មិនអនុញ្ញាតឱ្យចូលទៅកាន់ ប្រទេសថៃពិតប្រាកដមែន។ លោកស្រីអះអាងបែបនេះ ប្រាប់ដល់វិទ្យុអាស៊ីសេរី ដែលជាប្រព័ន្ធឃោសនាមួយគាំទ្រក្រុមឧទ្ទាមក្រៅច្បាប់។

លោកស្រី មូរ សុខហួរ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «អញ្ចឹងប្រទេសថៃ ក៏ជាការខិតខំរបស់យើង ប្រទេសម៉ាឡេក៏ជាការខិតខំរបស់យើង ប្រទេសឥណ្ឌូនេស៊ី ទាំងអស់ដែលជាច្រកយើងអាចចូលទៅប្រទេសរបស់យើងវិញ ដូច្នេះរឿងដែលគេមិនឱ្យខ្ញុំចូលគឺជាការពិត»

សូមបញ្ជាក់ថា នគរបាលអន្តោប្រវេសន៍ថៃ កាលពីរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ បានបិទមិនឱ្យលោកស្រី មូរ សុខហួរ ហោះចូលទៅកាន់ប្រទេស របស់ខ្លួននោះទេ ដោយសារតែលោកស្រីមានឈ្មោះនៅក្នុងបញ្ជីខ្មៅជាមួយទណ្ឌិត សម រង្ស៉ី។

លោកស្រី មូរ សុខហួរ ជាអតីតអនុប្រធានគណបក្សសង្រ្គោះជាតិ គឺជាបុគ្គលសំខាន់មួយរូប ក្នុងការចូលរួមរៀបចំផែនការធ្វើរដ្ឋប្រហារខុសច្បាប់របស់ លោក សម រង្ស៉ី ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា។

ជាមួយនឹងការប្រកាសអំពីផែនការផ្តួលរំលំ តាមរយៈការវិលត្រឡប់មកកាន់ប្រទេសកម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នោះ លោក សម រង្ស៉ី ដែលប្រើប្រាស់តួនាទីជាប្រធានស្តីទី នៃអតីតគណបក្សសង្រ្គោះជាតិ បានប្រកាសយ៉ាងគឃ្លើនប្រឆាំងនឹងរដ្ឋធម្មនុញ្ញ ដោយរៀបចំផ្តល់ថវិកាដល់កងទ័ព ដែលផ្តាច់ខ្លួនពីរាជរដ្ឋាភិបាល ដើម្បីចូលរួមការផ្តួលរំលំរបស់ខ្លួន ព្រមទាំងអំពាវនាវដល់ព្រះមហាក្សត្រ ឱ្យដាក់រាជថែមទៀត។

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីខែមុននោះ បានបញ្ជូនសាលដីកាអំពីការចាប់ខ្លួនលោក សម រង្ស៉ី និងបក្ខពួកទៅកាន់ ប្រទេសជាសមាជិកអាស៊ានទាំងអស់រួចហើយ។

អាជ្ញាធរឡាវ និងថៃ បានប្រកាសជំហរផងដែរថា នឹងមិនអនុញ្ញាតឱ្យក្រុមណាមួយ ដោយសំដៅលើក្រុមរបស់ទណ្ឌិត សម រង្ស៉ី ប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីធ្វើរដ្ឋប្រហារប្រឆាំងប្រទេសកម្ពុជានោះឡើយ។

ផ្អែកតាម មាត្រា២ នៃធម្មនុញអាស៊ាន បានចែងថា រដ្ឋជាសមាជិកអាស៊ាន មិនត្រូវចូលរួមក្នុងគោលនយោបាយ ឬសកម្មភាពណាមួយ ដែលរួមមានការដាក់ឱ្យប្រើប្រាស់នូវទឹកដីរបស់ខ្លួនឱ្យរដ្ឋសមាជិកអាស៊ាន ឬរដ្ឋមិនមែនជាសមាជិកអាស៊ាន ឬឱ្យតួអង្គដទៃទៀតដែលពុំមែនជារដ្ឋ គំរាមគំហែងដល់អធិបតេយ្យភាព បូរណភាពទឹកដី ឬស្ថិរភាពសេដ្ឋកិច្ច និងនយោបាយរបស់រដ្ឋសមាជិកអាស៊ានណាមួយឡើយ។

កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនទណ្ឌិត សម រង្ស៉ី និងភរិយា រួមនិងមនុស្សជំនិត៧រូបផ្សេងទៀត ពាក់ព័ន្ធនឹងការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។ ជនដែលត្រូវបានតុលាការបង្គាប់ឱ្យសមត្ថកិច្ចចាប់ខ្លួននេះរួមមាន៖ ទណ្ឌិត សម រង្ស៉ី និងភរិយា លោកស្រី ជូឡុង សូមួរ៉ា, លោក អេង ឆៃអ៊ាង, លោកស្រី មូរ សុខហួរ, លោក អ៊ូ ច័ន្ទឫទ្ធិ, លោក ហូរ វ៉ាន់, លោក ឡុង រី, លោក ម៉ែន សុថាវរិន្ទ្រ និងលោក នុត រំដួល។

ជនត្រូវចោទទាំង៩រូប ត្រូវបានចោទប្រកាន់នៅក្នុងសំណុំរឿងព្រហ្មទណ្ឌពីបទ «ឧបឃាត» ដោយយោងតាមមាត្រា២៧ និង ៤៥១នៃក្រមព្រហ្មទណ្ឌ៕