(ភ្នំពេញ)៖ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងសារផ្តាំផ្ញើទៅកាន់អ្នកគាំទ្រលោក សម រង្ស៉ី ដែលជាមេឧទ្ទាមក្រៅច្បាប់ ឲ្យគោរពរដ្ឋធម្មនុញ្ញកម្ពុជា ប្រសើរជាងគោរពកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ២៣តុលា។

សរសេរសារតាមរយៈ Facebook ផ្លូវការរបស់ខ្លួននៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩នេះ លោក គឹម សន្តិភាព បានអះអាងថា ខ្លឹមសារនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣តុលា ត្រូវបានដាក់បញ្ជូលទៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជារួចហើយ។ ក្នុងន័យនេះលោកចង់បង្ហាញថា អ្នកគាំទ្រក្រុមឧទ្ទាមក្រៅច្បាប់ គួរតែឲ្យតម្លៃរដ្ឋធម្មនុញ្ញកម្ពុជា ជាងកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សូមកុំយក២៣តុលា ជាចំណាប់ខ្មាំងរបស់អ្នក! បើអ្នកពិតជាស្រលាញ់២៣ តុលា មែននោះ សូមប្រាប់ទៅមេឧទ្ទាមរបស់អ្នក ឲ្យគោរពរដ្ឋធម្មនុញ្ញកម្ពុជា ព្រោះស្មារតីនៃ២៣តុលា បានដាក់បញ្ចូលក្នុងរដ្ឋធម្មនុញ្ញរួចហើយ!»