(កោះកុង)៖ សិស្សក្រីក្រដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ស្ថិតក្នុងស្ថានភាពក្រីក្រនៅតាមកោះ និងស្រុកដាច់ស្រយាល ក្នុងខេត្តកោះកុង ពុំមានលទ្ធភាពបន្តការសិក្សាចំនួន ២០នាក់ ទទួលបានអាហារូបករណ៍សិក្សាបន្តដោយមិនបាច់បង់ថ្លៃ សម្រាប់ឆ្នាំ២០១៩-២០២០ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈលោក ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្សនិស្សិតក្រីក្រនៅកម្ពុជា។

លោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរ និងប្រធានសាខាសមាគមន៍បញ្ញាវន្ត័យុវជនស្ម័គ្រចិត្ត «ក១២» បានឲ្យដឹងនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ថា តាមការពិនិត្យឯកសារ និងវាយតម្លៃពីលក្ខណៈសម្បត្តិសិស្សមក លោក ព្រាប ម៉ាណែល ប្រធានការិយាល័យរដ្ឋបាល នៃគណៈកម្មាធិការអាហារូបករណ៍សិស្សនិស្សិតក្រីក្រ សម្តេចតេជោ បានសម្រេចផ្តល់អាហា រូបករណ៍១០០ភាគរយ ឥតមានការបង់ថ្លៃអ្វីឡើយ ជូនសិស្សចំនួន ២០នាក់ ដែលមកពីបណ្តាកោះ និងស្រុកដាច់ស្រយាលខ្វះលទ្ធភាព បន្តការសិក្សាថ្នាក់ឧត្តមសិក្សា ព្រោះតែជីវភាពរស់នៅក្រីក្រ ជាលើកដំបូងមិនធ្លាប់មានពីមុនមក។

លោក ហាក់ ឡេង បានបន្តថា សិស្សក្រីក្រដែលទទួលបានអាហារូបករណ៍ទាំង ២០រូប បានសម្តែងក្តីត្រេកអរឥតឧបមាអំណរគុណចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងលោក ហ៊ុន ម៉ាណែត ដែលយកចិត្តទុកដាក់ខ្ពស់ លើការពង្រឹងគុណភាពធនធានមនុស្ស និងផ្តល់ឱកាសដល់សិស្សក្រីក្រ នៅខេត្តកោះកុង បានបន្តសិក្សាថ្នាក់ឧត្តមសិក្សា នៅវិទ្យាស្ថានពហុបច្ចេកទេសជាតិ កម្ពុជា លើមុខវិជ្ជាជំនាញដែលពួកគេចង់ចាប់យក។ បន្ថែមលើនេះ លោករំពឹងថា នៅឆ្នាំសិក្សាក្រោយទៀត សិស្សនិស្សិតនៅកោះកុង នឹងបន្តទទួលអាហារូបករណ៍ថែមទៀត ពីប្រមុខរដ្ឋាភិបាល។

ចំណែកលោក ជិម ម៉ុន នាយកវិទ្យាស្ថានពហុបច្ចេកជាតិកម្ពុជា ហៅកាត់ថា NPIC បានឲ្យដឹងថា សាលារបស់លោកមិនធ្លាប់ទទួលសិស្សសិក្សាឥតបង់ថ្លៃឡើង ពោលគឺទើបតែឆ្នាំនេះទេ ដែលមានសិស្សអាហារូបករណ៍ ពីសម្តេចតេជោ យោងតាមកំណត់វាយតម្លៃពីគណៈកម្មាធិការ ផ្តល់អាហារូបករណ៍របស់សម្តេច។

បើតាមលោក ជិម ម៉ុន សិស្សដែលទើបតែប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ កាលពីថ្ងៃសីហា កន្លងទៅ នឹងចូលរៀននៅថ្ងៃទី១៤ ខែតុលា ខាងមុខនេះ ដោយមានមុខវិជ្ជាជំនាញសិក្សា រួមមាន៖ វិស្វករសំណង់ស៊ីវិល សេវាកម្មជួសជុលអគ្គិសនី គណនេយ្យ ភាសាអង់គ្លេស គ្រប់គ្រងពាណិជ្ជកម្ម និងរដ្ឋបាលសាធារណ៕