(ភ្នំពេញ)៖ ទង្វើពិសពុល និងទុច្ចរិតជាច្រើនរបស់ទណ្ឌិត សម រង្ស៉ី ដែលប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាល កើតចេញពីការបោះឆ្នោត កើតចេញពីឆន្ទៈរាស្ត្រ ត្រូវបានលោក សុះ មូហាំម៉ាត់ ទីប្រឹក្សាសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ យកទៅលាតត្រដាង និងបង្ហាញប្រជាពលរដ្ឋខ្មែរឥស្លាមនៅខេត្តត្បូងឃ្មុំ និងខេត្តកំពត បានជ្រាបពីឧបាយកលដ៍ពិសពុលនេះ។

ក្នុងជំនួបសំណេះសំណាលចែកអំណោយជាអង្ករជាង ៥០តោន ដល់ប្រជាពលរដ្ឋ និងចែកសត្វគោជាង ៦០ក្បាល ដល់បណ្ដាមជ្ឈមណ្ឌលឥស្លាមជាង ៣០កន្លែង លោក សុះ មូហាំម៉ាត់ ប្រធានសមាគមប្រភពល្អ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា កើតចេញពីការបោះឆ្នោតយ៉ាងសុក្រិត យុត្តិធម៌ និងត្រឹមត្រូវ ស្របតាម ឆន្ទៈរាស្ត្រខ្មែរយ៉ាងច្រើនលើសលប់ ខណៈបច្ចុប្បន្ននេះ កម្ពុជាបាននិងកំពុងមានភាពរីកចម្រើន មានសុខសន្តិភាព ស្ថិរភាព ការអភិវឌ្ឍន៍ និងជឿនលឿនទៅមុខ ដើរទាន់សម័យបច្ចេកវិទ្យាទំនើប សេដ្ឋកិច្ចក៏កំពុងមានភាពរីកចំរើនពីមួយឆ្នាំទៅមួយឆ្នាំ ប្រជាពលរដ្ឋមានជីវភាពកាន់តែធូរធារស្ទើរតែគ្រប់ទិសទី។

លោក សុះ មូហាំម៉ាត់ គូសបញ្ជាក់ថា «តើទណ្ឌិត សម រង្ស៉ី មកសង្រ្គោះអី? កាលកម្ពុជាកំពុងមានបញ្ហា មិនដែលឃើញមុខជនក្បត់ជាតិនេះ និងបក្ខពួកមកជួយរំដោះផងនោះ? មានតែសម្ដេចតេជោ និង ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ ដែលខិតខំរំដោះជាតិមាតុភូមិ ហើយតស៊ូពុះពៀរគ្រប់ឧបសគ្គ ទរាំនាំនាវាកម្ពុជាមកដល់ចំណុចនេះ មិនមែនជាការងាយនោះឡើយ»

លោកទីប្រឹក្សាបានសង្កត់ធ្ងន់ថា «សូមបងប្អូនកុំជឿតាមពាក្យញុះញង់របស់ទណ្ឌិត សម រង្ស៉ី និងបក្ខពួកព្រោះជាឧបាយកលទុច្ចរិត ពិសពុលបំផុត ដែលពួកគេនឹងនាំមកនូវអសន្តិសុខ ដល់សង្គមជាតិរបស់យើង»

ទន្ទឹមការបកស្រាយពន្យល់យ៉ាងក្បោះក្បាយ សហគមន៍ខ្មែរឥស្លាម និងយុវជនយុវតីទាំងអស់ នៅក្នុងមជ្ឈមណ្ឌល ក៏បានប្តេជ្ញាការពាររាជដ្ឋាភិបាលស្របច្បាប់ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងមិនឱ្យជនក្បត់ជាតិណាម្នាក់មកបំពានបានឡើយ៕