(ភ្នំពេញ)៖ ជប៉ុន បានអះអាងថា ខ្លួននឹងបន្តពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដោយជួយរកទីផ្សារសម្រាប់ផលិតផលរបស់កម្ពុជា ជួយពង្រីកសមត្ថភាពកំពង់ផែក្រុងព្រះសីហនុ និងបន្តផ្តល់ជំនួយលើវិស័យមួយចំនួនទៀត ជំរុញការរីកចម្រើននៅកម្ពុជា។

ការអះអាងនេះត្រូវបានធ្វើឡើងដោយលោក ម៉ាសាហ៉ីរ៉ូ មីកាមិ (Masahiro Mikami) ឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចាំនៅកម្ពុជា ក្នុងពេលរូបលោកចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាព នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩នេះ។

លោក កៅ កឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់ឲ្យដឹងថា នៅក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូតជប៉ុន បានបញ្ជាក់ថាជប៉ុន នៅតែបន្តធ្វើកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសកម្ពុជា រួមទាំងគាំទ្រក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរ ឲ្យកាន់តែប្រសើរឡើងថែមទៀត ដូចជាផ្នែកនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងវិស័យផ្សេងទៀត។

ពាក់ព័ន្ធនឹងទំនាក់ទំនងនេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ទំនាក់ទំនងប្រទេសទាំងពីរ បានឡើងដល់កម្រិតខ្ពស់ជាកម្រិតដៃគូយុទ្ធសាស្ត្រ ដោយថ្នាក់ដឹកនាំកំពូល នៃប្រទេសទាំងពីរ តាមរយៈការឲ្យមានការហោះហើរត្រង់ រវាងប្រទេសទាំងពីរ ដែលអាចជួយសម្រួលដល់ការធ្វើដំណើរការទូត អ្នកវិនិយោគ និងទេសចរណ៍ផងដែរ រវាងប្រទេសទាំងពីរ។

សម្តេចតេជោ បន្តថា ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងជប៉ុន បានកើនឡើងជាលំដាប់ ហើយសម្តេចចង់ឃើញទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ បន្តមានការរីកចម្រើនថែមទៀត រួមទាំងការបណ្ដាក់ទុនពីវិនិយោគិនជប៉ុននៅកម្ពុជានាពេលខាងមុខ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏ចង់ឃើញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ មានការរីកចម្រើន ដូចទៅនឹងវិស័យផ្សេងទៀតផងដែរ។

លោកឯកអគ្គរាជទូត បានប្ដេជ្ញាចិត្តថា នៅក្នុងអាណត្តិការងាររបស់លោកនៅកម្ពុជា លោកនឹងខិតខំពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការទ្វេភាគី ឲ្យកាន់តែមានរីកចម្រើនទទួលផលផ្លែផ្កា និងជោគជ័យ កាន់តែធំធេងៗទៀត រវាងប្រទេសទាំងពីរ។

លោកបន្តថា រាជរដ្ឋាភិបាលជប៉ុន នឹងបន្តជួយកម្ពុជា ក្នុងការជំរុញការនាំចេញផលិតផលរបស់កម្ពុជា ទៅកាន់ទៅកាន់ទីផ្សារអន្តរជាតិ។ ជប៉ុននៅតែបន្តផ្ដល់ជំនួយទៅដល់វិស័យដោះមីនដល់កម្ពុជា និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។

លោក ម៉ាសាហ៉ីរ៉ូ មីកាមិ បានលើកឡើងថា ជប៉ុនចាប់អារម្មណ៍ផ្ដល់ជំនួយលើវិស័យអគ្គិសនីនៅកម្ពុជា រួមទាំងបន្តធ្វើផែនការមេសម្រាប់អភិវឌ្ឍន៍កំពង់ផែខេត្តព្រះសីហនុ។

ពាក់ព័ន្ធកំពង់ផែនេះ សម្ដេចតេជោ បានលើកឡើងថា សម្តេចចង់ឲ្យជប៉ុនរៀបចំផែនការមេក្នុងការអភិវឌ្ឍកំពង់ផែព្រះសីហនុ ឱ្យបានឆាប់រហ័ស និងទទួលជោគជ័យ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា ការកសាងកំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុ នឹងជួយពង្រឹងសមត្ថភាពកំពង់ផែក្នុងការទទួលកប៉ាល់ធំៗ ដោយមិនបាច់ផ្ទេរទំនិញមួយចំនួននៅកំពង់ផែវៀតណាម សិង្ហបុរី និងម៉ាឡេស៊ីជាដើម។

សម្ដេចតេជសង្ឃឹមថា ជប៉ុននឹងជួយជំរុញកសាងកំពង់ផែទឹកជ្រៅ ដើម្បីអាចផ្ដល់លទ្ធភាពឲ្យកប៉ាល់ធំៗ ចូលចតនៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ។ សម្ដេចតេជោ ក៏អរគុណដល់ជប៉ុន ដែលបានជួយលើវិស័យដោះមីននៅកម្ពុជា។ សម្ដេចតេជោ បានគូសបញ្ជាក់ផងដែរថា ការដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅតែបន្ត បើទោះបីជាមានការធ្លាក់ចុះចំនួនមីនក៏ដោយ ប៉ុន្តែការងារនេះ នៅតែជាការងារអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា៕