(វ៉ាស៊ីនតោន, អាមេរិក)៖ តាមការផ្តល់ព័ត៌មានពីគណៈប្រតិភូកម្ពុជា ដែលបានទៅចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ របស់ក្រុមប្រឹក្សាទេសាភិបាលធនាគារពិភពលោក (WB) និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលបានប្រព្រឹត្តទៅចាប់ថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានឲ្យដឹងថា មន្រ្តីជាន់ខ្ពស់របស់ WB និង IMF បានបន្តសរសើរកម្ពុជា ពីការសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ និងការកាត់បន្ថយភាពក្រីក្របានយ៉ាងឆាប់រហ័ស។

ការលើកឡើងបែបនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាទ្វេភាគីដាច់ដោយឡែករវាង លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងទេសាភិបាលបម្រុងរបស់កម្ពុជា ប្រចាំធនាគារពិភពលោក ដែលជាប្រធានគណៈប្រតិភូកម្ពុជា ជាមួយនឹងថ្នាក់ដឹកនាំ និងមន្រ្តីសំខាន់ៗ របស់ WB និង IMF នៅក្នុងឱកាសដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់ WB និង IMF ដែលរួមមាន៖ លោកស្រី វិចតូរីយ៉ា ខ្វាខ្វា អនុប្រធាន WB ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហិ្វក, លោកស្រី នីណា ស្តូលកូវីក អនុប្រធានសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC), លោក វីជ័យ លីយេ អនុប្រធានទីភ្នាក់ងារ ធានាការវិនិយោគពហុភាគី (MIGA) និងលោក គូនីល ហ្វាង នាយកប្រតិបត្តិ WB ព្រមទាំងមន្រ្តីជាន់ខ្ពស់ IMF ទទួលបន្ទុកនាយកដ្ឋានកិច្ចការសារពើពន្ធ។

នៅក្នុងជំនួបខាងលើនេះ មន្រ្តីជាន់ខ្ពស់ WB និង IMF បានថ្លែងនូវការកោតសរសើចំពោះកម្ពុជា ដែលសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ និងកាត់បន្ថយភាពក្រីក្រ បានឆាប់រហ័ស។ សមិទ្ធផលនេះ ទទួលបានការសារទរ និងការវាយតម្លៃខ្ពស់ពីសំណាក់បណ្តាប្រទេសទាំងអស់ ដែលជាសមាជិករបស់ WB ហើយបានកែប្រែ និងលើកម្ពស់មុខមាត់របស់កម្ពុជាយ៉ាងខ្លាំងនៅក្នុង WB។

សក្ខីភាពនេះ បានស្តែងឡើងតាមរយៈការអនុម័តរបស់ក្រុមប្រឹក្សានាយកប្រតិបត្តិ ដែលតំណាងឲ្យសមាជិកទាំងអស់របស់ WB លើ «ឯកសារក្របខ័ណ្ឌភាពជាដៃគូ សហប្រតិបត្តិការរវាងកម្ពុជា និង WB ឆ្នាំ២០១៩-២០១៣» កាលពីខែឧសភាកន្លងទៅ ក្នុងសម្លេងគាំទ្រជាឯកច្ឆ័ន្ទ។ ការគាំទ្រជាឯកច្ឆ័ន្ទបែបនេះ គឺជាករណីដ៏ពិសេស និងកម្រកើតមានខ្លាំងណាស់ សម្រាប់ករណីប្រទេសដ៏ទៃផ្សេងទៀត។

ក្នុងឆ្នាំ២០១៩នេះ WB បានអនុម័តផ្តល់នូវហិរញ្ញប្បទានសហប្រតិបត្តិការ ដល់កម្ពុជា សរុបចំនួន២១០លានដុល្លារអាមេរិក ហើយគ្រោងនឹងអនុម័តផ្តល់នូវ ហិរញ្ញប្បទានដល់កម្ពុជា យ៉ាងហោចប្រមាណ ២១៥លានដុល្លារអាមេរិកបន្ថែមទៀត នៅឆ្នាំ២០២០ខាងមុខ។

លោក វង្សី វិស្សុត បានថ្លែងនូវអំណរគុណចំពោះសមានចិត្ត និងសុភវិនិច្ឆ័យរបស់ក្រុមប្រឹក្សានាយកប្រតិបត្តិរបស់ WB ចំពោះកម្ពុជា។ ចំពោះយុទ្ធសាស្រ្តផ្តល់ ហិរញ្ញប្បទានថ្មីរបស់ WB ក្នុងការភ្ជាប់ការវិភាជថវិកា ជាមួយស្ថានភាពនៃការគ្រប់គ្រងបំណុលសាធារណៈនៃប្រទេសនីមួយៗនោះ នឹងក្លាយជាលក្ខខណ្ឌ កាន់តែអនុគ្រោះថ្មីបន្ថែមទៀតដល់កម្ពុជា ដោយសារកាន់តែធ្វើឲ្យកម្ពុជា ទទួលបាននូវហិរញ្ញប្បទានកាន់តែច្រើនថែមទៀតពី WB ព្រោះកម្ពុជា ជាប្រទេសដែលបានគ្រប់បំណុលសាធារណៈបានយ៉ាងល្អ និងជាប្រទេសដែលមានស្ថានភាពបំណុលសាធារណៈមានចីរភាព និងមានហានិភ័យកម្រិតទាបជាងគេ ធៀបនឹងបណ្តាប្រទេសនានាក្នុងតំបន់ និងប្រទេសមួយចំនួនលើពិភពលោក។

ជាមួយគ្នានេះ លោក វង្សី វិស្សុត បានស្នើដល់ WB ក្នុងការផ្តល់នូវហិរញ្ញប្បទានសម្រាប់គាំទ្រ ដល់គម្រោងធំៗ ដែលមានបច្ច័យធំដល់ការអភិវឌ្ឍប្រទេសផង និងដើម្បីកាត់បន្ថយចំណាយប្រតិបត្តិការគម្រោងផងដែរ ទន្ទឹមគ្នានឹងការបន្តលើកកម្ពស់គុណភាព និងប្រសិទ្ធភាពគម្រោង ដើម្បីឆ្លើយតបទៅនឹងតម្រូវការ នៃការអភិវឌ្ឍកម្ពុជានៅក្នុងដំណាក់កាលថ្មី។

តាមរយៈជំនួបខាងលើនេះដែរ គណៈប្រតិភូកម្ពុជា និង WB ក៏បានផ្តោតការពិភាក្សាលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូឲ្យកាន់តែរឹងមាំ ថែមទៀត ពិសេសការពង្រឹកភាពជាម្ចាស់របស់កម្ពុជា។ ភាគីទាំងពីរ ក៏បានពិភាក្សាអំពីលទ្ធភាព និងឱកាសនៃការពង្រីកកិច្ចប្រតិបត្តិការ របស់សាជីវកម្មហិរញ្ញវត្ថុ អន្តរជាតិ (IFC) ដែលជាស្ថាប័នផ្តល់ហិរញ្ញប្បទានដល់វិស័យឯកជនរបស់ WB ក្នុងផ្តល់ឥណទានដល់វិស័យឯកជនរបស់កម្ពុជាឲ្យបានកាន់តែច្រើន។

ទន្ទឹមគ្នានឹងការពង្រីកប្រតិបត្តិការរបស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ឲ្យលើសពីវិស័យហិរញ្ញវត្ថុ ដែលបាននិងកំពុងអនុវត្តដោយជោគជ័យនាពេលបច្ចុប្បន្ន ដោយផ្តោតលើវិស័យមួយចំនួនបន្ថែមទៀត ជាអាទិ៍៖ ឡូជីស្ទីក និងដឹកជញ្ជូន, សហគ្រិនភាព, និងការអភិវឌ្ឍន៍ឌីជីថលជាដើម។ ក្រៅពីនេះ ភាគីទាំងពីរ ក៏បានពិភាក្សាផងដែរ អំពីលទ្ធភាព និងឱកាសនៃការពង្រីកប្រតិបត្តិការរបស់ទីភ្នាក់ងារធានាការ វិនិយោគពហុភាគី (MIGA) ដែលជាស្ថាប័នផ្តល់នូវ ការធានាលើការវិនិយោគរបស់ WB ដើម្បីផ្តល់ការធានាដល់គម្រោងវិនិយោគនៅកម្ពុជា ឲ្យបានកាន់តែច្រើន ក្រៅពីវិស័យថាមពលអគ្គិសនី ក៏ដូចជាដើម្បីផ្តល់នូវទំនុកចិត្តដល់វិនិយោគិន និងដើម្បីទាក់ទាញការវិនិយោគឲ្យបានកាន់តែច្រើនមកកម្ពុជាផងដែរ។

ដោយឡែក នៅក្នុងជំនួបពិភាក្សាការងារជាមួយមន្រ្តីជាន់ខ្ពស់ IMF វិញ, ភាគីទាំងពីរ បានផ្តោតការពិភាក្សាលើការផ្តល់ជំនួយបច្ចេកទេស សម្រាប់គាំទ្រដល់ ការកែទម្រង់ប្រព័ន្ធថវិកាជាតិ និងការធ្វើទំនើបកម្មពន្ធដារ ព្រមទាំងការពង្រឹងការគ្រប់គ្រងស្ថិតិរដ្ឋាភិបាល។

នៅក្នុងឱកាស នៃការចូលរួមកិច្ចប្រចាំឆ្នាំរបស់ WB និង IMF ខាងលើនេះដែរ លោក វង្សី វិស្សុត ក៏បានជួបពិភាក្សាការងារទ្វេភាគីជាមួយលោក ពែ អូសសុន ហ្វ្រីត រដ្ឋលេខាធិការទទួលបន្ទុក កិច្ចសហប្រតិបត្តិការអន្តរជាតិរបស់ស៊ុយអែតផងដែរ។ ក្នុងជំនួបនេះ ភាគីទាំងពីរបានធ្វើការពិភាក្សាអំពី ការកំណត់វិស័យអាទិភាព នៅក្នុងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងកម្ពុជា និងស៊ុយអែត សម្រាប់រយៈពេល០៥ឆ្នាំ ទៅមុខទៀត។

លោក វង្សី វិស្សុត បានថ្លែងនូវអំណរគុណដល់ប្រទេសស៊ុយអែត ដែលបាននិងកំពុងបន្តគាំទ្រដល់កិច្ចអភិវឌ្ឍន៍ កម្ពុជាជាបន្តបន្ទាប់ ហើយប្រទសស៊ុយអែត គឺជាដៃគូមួយដ៏ល្អផង។ លោកក៏បានជម្រាបជូនដល់ភាគីស៊ុយអ៊ែតជ្រាបផងដែរ អំពីកិច្ចដំណើរការ និងការអនុវត្តលិទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងការគោរពសិទ្ធមនុស្ស នៅកម្ពុជា។

គួរបញ្ជាក់ថា កិច្ចប្រជុំប្រចាំរបស់ WB និង IMF ក្នុងឆ្នាំ២០១៩នេះ បានប្រព្រឹត្តទៅក្រោមប្រធានបទ «ចក្ខុវិស័យរបស់ WB ឆ្ពោះទៅសម្រេចគោលដៅ នៃរបៀបវារៈអភិវឌ្ឍន៍ឆ្នាំ២០៣០ និងគោលដៅអភិវឌ្ឍន៍ដោយចីរភាព»។ អង្គប្រជុំបានវាយតម្លៃថា ពិភពលោកកំពុងស្ថិតក្នុងភាពប្រឈមខ្ពស់ នៃភាពមិនប្រាកដប្រជា ហើយសេដ្ឋកិច្ចពិភពលោកកំពុងរង្គោះរង្គើ ដែលបង្កឡើងដោយនយោបាយសេដ្ឋកិច្ចគាំពារនិយម ការដាក់រនាំងពន្ធដារ និងសង្រ្គាមពាណិជ្ជកម្ម។

ទោះជាយ៉ាងនេះ អង្គប្រជុំឯកភាពគ្នាថា WB កាន់តែត្រូវប្តេជ្ញាចិត្តខ្ពស់ និងមោះមុតជាងពេលណាៗទាំងអស់ ក្នុងការបំពេញបេសកកម្មរបស់ខ្លួន ជួយគាំទ្រប្រទេសជាសមាជិក ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពរស់នៅរបស់មនុស្សជាតិនៅក្នុងពិភពលោក ឲ្យរួចចាកផុតពីភាពក្រីក្រ និងឆ្ពោះទៅរកវិបុលភាព៕