(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានស្នើសុំឲ្យមន្ត្រីអ្នកនាំពាក្យគ្រប់ក្រសួង-ស្ថាប័នទាំងអស់ ត្រូវរួមគ្នាធ្វើការងារផ្នែកព័ត៌មានឲ្យបានសស្រាក់សស្រាំ ដើម្បីទប់ស្កាត់ និងលុបបំបាត់ព័ត៌មានក្លែងក្លាយ ដែលកំពុងវាយលុកយ៉ាងខ្លាំង នាំឲ្យជិះឥទ្ធពលអាក្រក់ដល់សង្គមជាតិ។

ការស្នើរបស់លោករដ្ឋមន្ត្រី បានធ្វើឡើងក្នុងឱកាសអញ្ជើញបិទសិក្ខាសាលា ស្តីពីវិស័យព័ត៌មាន ក្រោមប្រធានបទ «អភិបាលកិច្ចល្អ នៅក្នុងបរិបទលំហូរព័ត៌មាន នាយុគសម័យបច្ចេកវិទ្យាឌីជីថល» នៅទីស្តីការគណៈរដ្ឋមន្ត្រី នៅល្ងាចថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩។

បន្ទាប់ពីស្នើសុំឲ្យរួមគ្នាទប់ស្កាត់ បន្សាប និងលុបបំបាត់ព័ត៌មានក្លែងក្លាយ លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន ក៏បានជំរុញដល់មន្ត្រីអ្នកនាំពាក្យទាំងអស់ ត្រូវនិយាយតែពាក្យពិត ចៀសវាងនិយាយពាក្យក្លែងក្លាយ ដែលធ្វើឲ្យមហាជនអស់ទំនុកចិត្ត។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «កុំកុហកគេឲ្យសោះ តែកុហកបាត់ក្រឌីត។ បើបាត់ក្រឌីត គឺរលំតែម្តង។ ពេលខ្លះយើងសុខចិត្តសុំទោសគេ បើកុហកគេម្តងហើយ លើកក្រោយនិយាយទៀត គេលែងជឿហើយ»

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញមន្ត្រីពាក់ព័ន្ធ នៅតាមបណ្តាក្រសួង-ស្ថាប័ននានា អភិបាលរងរាជធានី-ខេត្ត និងមន្ត្រីទទួលបន្ទុកព័ត៌មានរាជធានី-ខេត្ត ទូទាំងប្រទេស ដើម្បីទប់ស្កាត់ និងបន្សាបព័ត៌មានក្លែងក្លាយ ដោយមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩។

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៉ីផាន យល់ឃើញថា អ្នកនាំពាក្យអសកម្មដោយសារមូលហេតុខ្លួនឯងផ្ទាល់ ពោលដោយសារខ្វះព័ត៌មានក្នុងការនាំពាក្យ ឬខ្វះកិច្ចសហការជាមួយអ្នកពាក់ព័ន្ធ នៅក្នុងក្រសួង ឬស្ថាប័នរបស់ខ្លួន។ លោកថ្លែងថា ទោះបីជាយ៉ាងណា ប្រសិនបើមិនផ្តល់ព័ត៌មានឲ្យអ្នកដែលចង់ដឹងព័ត៌មាន ឬមិនផ្តល់ដំណឹងដល់អ្នកព័ត៌មានទេ អ្នកនាំពាក្យរូបនោះនឹងត្រូវទទួលទោសទណ្ឌ បន្ទាប់ពីច្បាប់ស្តីពី សិទ្ធិទទួលបានព័ត៌មាន ត្រូវដាក់ឲ្យប្រើប្រាស់នៅពេលខាងមុខ។

លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «មកពីគាត់ផ្ទាល់ ដោយសារខ្វះកិច្ចសហការ នៅក្នុងក្រសួង នៅក្នុងការិយាល័យរបស់លោក ការជិតស្និតជាមួយថ្នាក់ដឹកនាំ ដែលអាចផ្តល់ព័ត៌មានមួយចំនួនសម្រាប់អ្នកនាំពាក្យ ក៏ប៉ុន្តែអ្នកនាំពាក្យត្រូវតែមានការកែប្រែ ដោយសារក្រសួងព័ត៌មាន កំពុងរៀបចំច្បាប់មួយហៅថា សិទ្ធិទទួលបានព័ត៌មាន។ អ្នកនាំពាក្យ ឬមន្ត្រីនាំពាក្យទទួលទោសទណ្ឌ ទៅតាមច្បាប់នោះ»

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ក៏បានក្រើនរំលឹកថា អ្នកធ្វើជាមន្ត្រីផ្នែកព័ត៌មាន ឬធ្វើជាអ្នកនាំពាក្យសម្រាប់ក្រសួង ស្ថាប័ន ឬអង្គភាពណាមួយ ត្រូវតែមានសកម្មភាពឲ្យសកម្ម ប្រកបដោយវិជ្ជាជីវៈ និងប្រសិទ្ធភាពខ្ពស់។

លោកបានបញ្ជាក់ថា៖ «សម័យឌីជីថតព័ត៌មាន គឺលឿនណាស់! ដូចនេះក្រសួងនីមួយៗ ស្ថាប័ននីមួយៗ ត្រូវបង្កើតព័ត៌មានឲ្យបានស្រាប់ ចាំបាច់ពេលគេឆ្ងល់ គេចង់ដឹង គេសួរ ហើយត្រូវតែមានសកម្មភាពជាសកម្មផុសផុល ដើម្បីជម្រាបជូនមហាជនថា យើងបានធ្វើអ្វីខ្លះ? យើងកំពុងធ្វើអ្វីខ្លះ? ហើយយើងនឹងធ្វើអ្វីខ្លះ? ដើម្បីឲ្យប្រជាពលរដ្ឋ លោកដឹង លោកយល់ លោកចូលរួម»

លោក ឆាយ សុផល សាស្ត្រាចារ្យផ្នែកសារព័ត៌មាន យល់ឃើញថា អ្នកនាំពាក្យអសកម្ម គឺបណ្តាលមកពីក្រសួង ឬស្ថាប័នទាំងមូលអសកម្មតែម្តង។ ស្ថាប័នទាំងមូលអសកម្ម ដោយសារមិនបានធ្វើប្រតិភូកម្មអំណាច ផ្នែកព័ត៌មាននៃស្ថាប័ននោះសម្រាប់អ្នកនាំពាក្យឲ្យបានល្អ។

លោកបញ្ជាក់ថា «មន្ត្រីការងារ ថ្នាក់ដឹកនាំរបស់យើងត្រូវយល់ពីការងាររបស់អ្នកនាំពាក្យ ឲ្យចូលរួមគ្រប់កន្លែងទាំងអស់ លែកលែងតែការងារសម្ងាត់មួយចំនួន។ កាលណាអ្នកសារព័ត៌មានសួរអ្នកនាំពាក្យ ហើយអ្នកនាំពាក្យអត់ដឹង មិនមែនអន់តែអ្នកនាំពាក្យទេ គឺអន់ទាំងស្ថាប័ននោះ ពីព្រោះស្ថាប័ននោះ អត់បានធ្វើប្រតិភូកម្មអំណាច ផ្នែកការផ្តល់ព័ត៌មានជូនគាត់»៕