(ព្រះវិហារ)៖ លោក មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះវិហារ បានទទូចឲ្យប្រជាពលរដ្ឋកុំចាញ់បោក ការឃោសនាប្រកបដោយកលល្បិចពិសពុលរបស់ទណ្ឌិត សម រង្ស៊ី និងបក្ខពួក ជំនួសមកវិញដោយការរក្សាភាពស្ងៀមស្ងាត់ ដើម្បីគេចផុតពីការប្រឈមមុខតាមផ្លូវច្បាប់ និងដើម្បីចូលរួមថែរក្សាការពារសន្តិភាព សន្តិសុខរបស់ប្រទេសជាតិផង។

លោកបានណែនាំឲ្យត្រូវអប់រំណែនាំក្រុមគ្រួសារ បងប្អូនញាតិមិត្តឲ្យបានយល់ច្បាស់អំពីសកម្មភាព និងឧបាយកលដ៏ពិសពុល និងគ្រោះថ្នាក់របស់ទណ្ឌិតសម រង្ស៊ី និងបក្ខពួក ព្រមទាំងត្រូវចៀសវាងឲ្យបានដាច់ខាត ក្នុងការចូលរួមក្នុងសកម្មភាពនានាពាក់ព័ន្ធ និងផែនការវិលត្រឡប់របស់ទណ្ឌិត សម រង្ស៊ី។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តី បានថ្លែងដល់អ្នកទាំងឡាយណា ដែលត្រូវជាប់ពាក់ព័ន្ធ និងបទល្មើសរួមគំនិតក្បត់ជាតិជាមួយទណ្ឌិត សម រង្ស៊ី អាចមានទោសឧក្រិដ្ឋ ប្រសិនបើអ្នកទាំងនោះ ធ្វើសកម្មភាពណាមួយដូចជា ប្រកាសគាំទ្រផែនការ នៃការវិលត្រឡបរបស់ទណ្ឌិត សម រង្ស៊ី ប្រកាសទៅទទួលការវិលត្រឡប់របស់ទណ្ឌិត និងប្រមូលគ្នាដើម្បីទៅទទួលការវិលត្រឡប់ របស់ទណ្ឌិតរូបនេះ។

ការថ្លែងរបស់ទេសរដ្ឋមន្ត្រី មាស សុភា ធ្វើឡើងនៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោក បានអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីណែនាំស្តីពី ការរៀបចំផែនការការពារសុខសុវត្ថិភាព មន្ត្រីដឹកនាំថ្នាក់ក្រោមជាតិ នៅសាលប្រជុំរដ្ឋបាលខេត្តព្រះវិហារ ដោយមានការចូលរួមពីលោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ, លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ព្រមទាំងអនុប្រធានក្រុមការងារថ្នាក់ជាតិ និងថ្នាក់ដឹកនាំ មន្ត្រីរាការ កងកម្លាំងប្រដាប់អាវុធ មកពីតាមបណ្តាមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ជាច្រើនរូបទៀត។

លោកទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែងទៀតថា «ការប្រើរចនាសម្ព័ន្ធ នៃអតីតគណបក្សសង្គ្រោះជាតិគ្រប់លំដាប់ថ្នាក់ ដែលគណបក្សនេះ ត្រូវបានតុលាការកំពូលសម្រេចរំលាយចោល ដើម្បីចូលរួមអនុវត្តន៍ផែនការខាងលើ គឺជាទង្វើប្រឆាំង និងសាលដីការបស់តុលាការកំពូលផង ខុសទៅនិងច្បាប់ស្តីពីគណបក្សនយោបាយផង និងខុសច្បាប់ព្រហ្មទណ្ឌផង»

លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា រាល់ទម្រង់នៃការញុះញង់បំផុសបំផុលប្រមូលកម្លាំងប្រជាជន និងកម្លាំងប្រដាប់អាវុធ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោត គឺជាសកម្មភាពខុសច្បាប់ និងប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ ដែលជាឧក្រិដ្ឋកម្មត្រូវផ្តន្ទាទោសធ្ងន់ធ្ងរជាទីបំផុត ទោះបីជាផែនការនេះធ្វើឡើងក្នុងទម្រង់ជាអំពើរដ្ឋប្រហារក្តី ជាកុបកម្មក្តី ជាបដិវត្តដោយហិង្សាក្តី ឫអំណាចប្រជាជនតាមរយៈបដិវត្តពណ៌ក្តី។

ជាមួយគ្នានោះ លោកទេសរដ្ឋមន្ត្រី បានប្រកាសទៀតថា បងប្អូនទៅទទួលទណ្ឌិតសម រង្ស៊ី និងបក្ខពួក នាថ្ងៃទី៩ ខែវិច្ឆិកា ខាងមុខនេះ មិនមែនជាគោលដៅបំណងពិតប្រាកដនោះឡើយ ផ្ទុយទៅវិញ គឺជាឧបាយកលលួងលោមបោកបញ្ឆោត បងប្អូនឲ្យទៅចូលរួមដោយមិនដឹងខ្លួន ក្នុងការអនុវត្តផែនការធ្វើរដ្ឋប្រហារ ដែលនិងនាំឲ្យបងប្អូនប្រឈមមុខច្បាប់ជាធរមាន៕