(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ បានប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាម វគ្គថ្នាលថ្មីជំនាន់ទី១ ដល់ជំនាន់ទី៥ ចំនួន៤០៨នាក់ ដែលបានបញ្ចប់វគ្គសិក្សាថ្នាលថ្មី ដែលស្ថិតក្រោមកម្មវិធីអភិវឌ្ឍន៍ ភាពជាអ្នកដឹកនាំនយោបាយ នៃសហភាពសហព័ន្ធយុវជនកម្ពុជា។

ថ្លែងក្នុងពិធីប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាមនេះ លោក ហ៊ុន ម៉ានី បានបញ្ជាក់ថា ក្នុងនាមជាយុវជនបន្តវេន មិនមែនគិតតែពីការពង្រីកការងារនោះទេ តែត្រូវបង្រួម និងសម្រួចការងារឲ្យបានកាន់តែច្បាស់លាស់ ហើយដោះស្រាយបញ្ហាឲ្យត្រូវចំណុច ដូចច្នេះការអនុវត្តគោលនយោបាយនានា ត្រូវតែចេះបត់បែនតាមកាលៈទេសៈ និងភាពជាក់ស្តែង នៃតំបន់ភូមិសាស្ត្រនីមួយៗ។

បន្ថែមពីអ្វីដោយផ្អែកតាមការវិវឌ្ឍនៃបរិបទ និងការប្រកួតប្រជែងសង្គមទាំងក្នុងតំបន់ និងលើពិភពលោក លោក ហ៊ុន ម៉ានី បានបន្ដទៀតថា «ក្នុងនាមយើង ជាយុវជន និងជាអ្នកបន្តវេន យើងមិនមានឱកាសកសាងកំហុសច្រើនទេ តែយើងត្រូវចេះគិតគូឲ្យបានហ្មត់ចត់ និងគ្រប់ជ្រុងជ្រោយក្នុងពេលដែលយើង កំពុងមានឱកាសអនុវត្តការងារ ដ្បិតថាគេចងចាំអ្នកដែលធ្វើស្នាដៃអ្វីមួយ ជាជាងឋានៈ ឬតំណែង។ ការបន្តវេនមិនមែនជាការបន្តឋានៈ ឬតំណែងនោះទេ តែជាការទទួលខុសត្រូវលើ កាតព្វកិច្ចរបស់ខ្លួន និងទទួលខុសត្រូវលើជោគវាសនារបស់ប្រទេសជាតិ»

ជាងនេះទៅទៀត លោក ហ៊ុន ម៉ានី បានបន្តអនុសាសន៍ ដោយផ្សាភ្ជាប់ជាមួយការចូលមកដល់នៃបដិវត្តឧស្សាហកម្ម ៤.០ ជូនដល់សិក្ខាកាមទាំងអស់ ឲ្យបន្តបេសកកម្ម៖ ទី១៖ ថែរក្សាកេរតំណែលដែលមានស្រាប់ ជាពិសេសសមត្ថភាពការពារជាតិ បូរណភាពទឹកដី និងថែរក្សាសណ្តាប់ធ្នាប់សង្គម, ទី២៖ វាយតម្លៃ ក៏ដូចជាទទួលយកនូវការមកដល់នៃបរិបទថ្មី ដែលត្រូវដោះស្រាយ ដោយគិតគូលើស្ថានភាពម៉ាក្រូសេដ្ឋកិច្ចរបស់យើង ដើម្បីធានាបាននូវភាពរឹងមាំ និងច្បាស់លាស់ នៃសេដ្ឋកិច្ចប្រទេសជាតិ និងទី៣៖ បន្តអភិវឌ្ឍទាំងសមត្ថភាព ចំណេះជំនាញ និងស្នាដៃបន្ថែមឲ្យកាន់តែប្រសើរ ដើម្បីអ្នកជំនាន់ក្រោយ។

សូមជម្រាបថា វគ្គថ្នាលថ្មី ជាវគ្គបណ្តុះបណ្តាលមួយ ក្នុងចំណោមវគ្គសិក្សាផ្សេងៗទៀត នៃកម្មវិធីអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំនយោបាយ ដែលបានរៀបចំ ដោយសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ លោក សាយ សំអាល់។

វគ្គថ្នាលថ្មី គឺជាការបណ្តុះបណ្តាលយុវជនដែលសកម្ម ក្នុងកិច្ចការងារសង្គម និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ឲ្យមានការយល់ដឹងពីទិដ្ឋភាពនយោបាយ និងមានសមត្ថភាព ក្នុងការវិភាគព្រឹត្តិការណ៍សង្គមនយោបាយ ដើម្បីជាប្រយោជន៍ក្នុងកិច្ចការជំនាញប្រចាំថ្ងៃរបស់ខ្លួន ក៏ដូចជាសម្រាប់ធ្វើការបកស្រាយពន្យល់ ក្នុងកាលៈទេសៈណាមួយ ជូនដល់សាធារណជន និងប្រជាពលរដ្ឋ។

វគ្គបណ្តុះបណ្តាលនេះ ផ្តោតសំខាន់លើប្រធានបទដែលជាអាទិភាព ចំនួន១០ រួមមាន៖ ទី១៖ភូមិសាស្ត្រនយោបាយ, ទី២៖ទស្សនវិជ្ជាសីលធម៌, ទី៣៖អារ្យធម៌ពិភពលោក, ទី៤៖ទ្រឹស្តីច្បាប់, ទី៥៖នរវិជ្ជា, ទី៦៖វិធីសាស្ត្រស្រាវជ្រាវសង្គម-វប្បធម៌ , ទី៧៖ប្រវត្តិសាស្ត្រពិភពលោក, ទី៨៖ចិត្តវិជ្ជាទូទៅ, ទី៩៖ទ្រឹស្តីសេដ្ឋកិច្ច និងទី១០៖ទ្រឹស្តីនយោបាយ៕