(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ ផ្ទះឈើប្រកសង័្កសីនៅភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានអគ្គិភ័យឆេះគ្មានសល់ ដោយសារតែកូនប្រុសមានសតិមិនសូវល្អ ដុតចោល ព្រមទាំងបាត់បង់អស់ថវិកាចំនួន ១៨៥០០ដុល្លារ ដែលត្រៀមធ្វើផ្ទះថ្មីទៀតផង។

មន្ត្រីនគរបាលមូលដ្ឋាន បានប្រាប់ឱ្យដឹងថា យុវជនបង្កហេតុមានឈ្មោះ ធៀម ធារ៉ា ហៅ អួង អាយុ២២ឆ្នាំ បានដុតផ្ទះឪពុកខ្លួនឯង ឈ្មោះ ធៀម វី អាយុ៥០ឆ្នាំ មុខរបរកសិករ មានទីលំនៅខាងលើ។ មន្ត្រីនគរបាលរូបនោះ បានបញ្ជាក់ទៀតថា មូលហេតុបឋមថាបណ្តាល មកពីយុវជនរូបនេះ មើលទៅទំនងជាមានសតិមិនសូវល្អ ហើយតែងតែខឹងរករឿងឪពុកម្តាយ។

សូមបញ្ជាក់ថា យុវជនបង្កហេតុខាងលើ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលអូរឧកញ៉ាហេង បានឃាត់ខ្លួននាំយកទៅសួរនាំ តាមនីតិវិធីច្បាប់៕