(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មានបានច្រានចោលចំពោះការផ្សព្វផ្សាយព័ត៌មានរបស់បរទេសថា មានជនមូស្លីមម្នាក់នៅក្នុងប្រទេសប៉ាគីស្ថាន គ្រាន់តែដើរខ្យល់ ក្នុងវិហារឥស្លាម ត្រូវគេយកទៅសម្លាប់ចោល។

ព័ត៌មានក្លែងក្លាយនេះត្រូវបានចុះផ្សាយជាភាសាអង់គ្លេសនៅក្នុងប្រទេសប៉ាគីស្ថាន ហើយត្រូវបានសារព័ត៌មានមួយនៅក្នុងប្រទេសកម្ពុជា យកមកបកប្រែចុះផ្សាយបន្ត ដែលធ្វើឲ្យយល់ច្រឡំយ៉ាងខ្លាំង ទៅលើអ្នកកាន់សាសនាឥស្លាម និងសាសនាឥស្លាម ដែលស្តាប់ទៅដូចជាសាហាវព្រៃផ្សៃណាស់។

លោក កៅ អីមរ៉ន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាជនឥស្លាមម្នាក់ផងនោះ បានបង្ហោះសារលើបណ្ដាញសង្គម Facebook របស់លោកថា ដោយច្រានចោលនិងចាត់ទុកថា ការផ្សព្វផ្សាយព័ត៌មានខាងលើនេះខុសពីការពិត និងមួលបង្កាច់សាសនាឥស្លាមយ៉ាងធ្ងន់ធ្ងរ។

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន បានបញ្ជាក់ថា «ជាអ្នកព័ត៌មានដែលខ្វះវិជ្ជាជីវៈ ចេតនាបំពុល បញ្ឆេះ និងដើម្បីមានគេមើល គេឡាយក៏ច្រើនតែប៉ុណ្ណោះ។ ខ្ញុំសូមច្រានចោលព័ត៌មាននេះ ដែលទាញចេញពីប្រភពគេហទំព័រអនាមិក មិនត្រូវយកមកបកប្រែផ្សព្វផ្សាយ ពិតជាខួរក្បាលសន្សំរឿងមែន ហើយម្ចាស់ផេកគួរលប់ចោលទៅ វាគ្មានប្រយោជន៍អីណាស់ណាដល់លោក-អ្នកទេ តែអាចនាំភាពកង្វល់ទៅវិញទេ កុំថាខ្ញុំមិនបានប្រាប់»

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃកម្ពុជា កាលនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩កន្លងទៅ បានណែនាំឲ្យអ្នកសារព័ត៌មានទាំងអស់ ចូលរួមប្រយុទ្ធជាមួយ ព័ត៌មានក្លែងក្លាយ ព្រោះនៅកម្ពុជាព័ត៌មានក្លែងក្លាយកំពុងកើតមានច្រើន ហើយដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយ គឺត្រូវរួមគ្នាផ្សព្វផ្សាយព័ត៌មានពិតចេញមក។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានសង្កត់ធ្ងន់ថា «សុំអ្នកសារព័ត៌មានទាំងអស់ និងស្ថាប័នព័ត៌មានទាំងអស់ចូលរួមចំណែក ប្រយុទ្ធជាមួយនឹងព័ត៌មានក្លែងក្លាយ ព័ត៌មានក្លែងក្លាយនោះវាច្រើនណាស់នៅស្រុកខ្មែរនេះ»

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា វិធីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយដែលមានប្រសិទ្ធភាពបំផុត គឺនាំគ្នាផ្សាយព័ត៌មានជូនសាធារណជនទាំងឡាយឱ្យបានដឹង ដូច្នេះព័ត៌មានក្លែងក្លាយ ដែលជាមេរោគបំពុលសង្គមកម្ពុជាកន្លងមក នឹងបាត់ដោយឯកឯងជាក់ជាមិនខាន។ អ្នកព័ត៌មានទាំងអស់ គឺមានមធ្យោបាយនៅក្នុងដៃទាំងអស់ ប៉ុន្តែយើងមិនទាន់ចេះប្រើមធ្យោបាយ ដែលអ្នកព័ត៌មានទាំងអស់មានបញ្ចេញមក ដើម្បីវ៉ៃបកចំពោះព័ត៌មានក្លែងក្លាយនោះនៅឡើយទេ៕