(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា បានទទួលព្រះរាជអំណោយ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា នូវអង្ករចំនួន៤តោន, មី ៦០កេស, ស្ករស៥ការុង, ទឹកដោះគោ៣កេស, ទឹកក្រូច៤០កេស និងបរិក្ខារផ្ទះបាយចំនួន២៤ឈុត។

ពិធីនេះ បានប្រព្រឹត្ដទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩។

ក្នុងឱកាសលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា ទទួលនូវព្រះរាជអំណោយ លោកស្រីបានពាំនាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នូវការផ្តាំផ្ញើក្រាបបង្គំទូលថ្វាយសួរសុខទុក្ខ និងថ្លែងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅបំផុត ចំពោះទឹកព្រះទ័យដ៏ថ្លៃថ្លារបស់ សម្តេចសម្តេចសង្ឃរាជ បួរ គ្រី ដែលនេះជាការលើកទឹកចិត្តយ៉ាងធំធេង ចំពោះកាកបាទក្រហមកម្ពុជា សម្រាប់ការនាំយកព្រះរាជអំណោយទាំងនេះ ទៅចាត់ចែងប្រគល់ ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត កំពុងជួបការលំបាក និងត្រូវការជំនួយជាចាំបាច់។

ជាមួយគ្នានេះ លោកស្រីអគ្គលេខាធិការ ព្រមទាំងថ្នាក់ដឹកនាំ និងសហការីនៃកាកបាទក្រហមកម្ពុជា បានបួងសួងប្រគេនថ្វាយព្រះពរ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី និងសម្តេចព្រះសង្ឃ ព្រះសង្ឃគ្រប់ព្រះអង្គ សូមមានព្រះសុខភាពល្អ ព្រះជន្មាយុយឺនយូរ ដើម្បីបន្តទ្រទ្រង់វិស័យព្រះពុទ្ធសាសនាឱ្យបានគង់វង្ស រីកចម្រើនតរៀងទៅ។

តាមរយៈអំណាចនៃបុណ្យដែលបានធ្វើនៅថ្ងៃនេះ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី បានប្រោសព្រះរាជទានចម្រើនពរចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចតេជោ ហ៊ុន សែន សូមប្រកបដោយព្រះពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ទន្ទឹមនឹងនេះ សម្តេចបានមានព្រះរាជបន្ទូលថា ព្រះរាជអំណោយទាំងនេះ នឹងរួមចំណែកដល់ការងារមនុស្សធម៌​ របស់កាកបាទក្រហមកម្ពុជា ដើម្បីបង្ការ និងកាត់បន្ថយភាពខ្វះខាតរបស់ប្រជាពុទ្ធបរិស័ទ ដើម្បីអព្យាក្រឹតភាព ជំនឿ សាសនា ពូជសាសន៍ និងដើម្បីផលប្រយោជន៍រួម គឺភារកិច្ចមនុស្សធម៌៕