(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមរយៈសារ Comment នៅលើ Facebook ផ្លូវការរបស់សម្តេចនាយប់ថ្ងៃទី២២​ ខែតុលា​ ឆ្នាំ២០១៩នេះ សម្តេចបានស្នើឲ្យអ្នកលេង Facebook ម្នាក់ឈ្មោះ ​«សែនកំសត់» ដែលតែងតែបោកប្រាស់សម្តេចនៅលើ Facebook ថា ជាកូនកំសត់របស់សម្តេចចាប់ជាតិ។​ ករណីនេះសម្តេច សូមបញ្ឈប់ការយកកូនកំសត់របស់សម្តេច (ហ៊ុនកំសត់) មកលេងសើចជាមួយសម្តេច និងឈប់បោកប្រាស់តទៀតទៅ។

តាមរយៈសារ Comment របស់សម្តេចតេជោ ហ៊ុន សែន ឆ្លើយតបនឹងម្ចាស់ Facebook មួយឈ្មោះ «សែនកំសត់» មានខ្លឹមសារយ៉ាងដូច្នេះថា៖ «សូមបញ្ឈប់ការយកកូនដ៏កំសត់របស់ខ្ញុំមកលេងសើចជាមួយខ្ញុំទៀតទៅ។ គិតមកដល់ពេលនេះមានរាប់សិបនាក់ហើយ ដែលអះអាងថា ជាកំសត់ចាប់ជាតិដែលនេះជាការភូតកុហក ដែលមិនគួរកើតមាន។ អ្នកសសេរចង់និយាយថា ខ្ញុំគ្មានយុត្តិធម៍ចំពោះកូនរបស់ខ្ញុំដែលស្លាប់ទៅ ខ្ញុំគ្រាន់តែប្រាប់លោកថា ជិត៤៣ឆ្នាំមកនេះខ្ញុំស្រក់ទឹកភ្នែក រហូតពេលដែលខ្ញុំនឹកឃើញដល់កូនខ្ញុំដែលស្លាប់យ៉ាងវេទនា។ លោកឈប់បោកប្រាស់ខ្ញុំតាម Facebook ទៀតទៅ ហើយលោកក៏ត្រូវដឹងថា ខ្ញុំជាមនុស្សមិនមែនជាសត្វឱ្យលោកប្រមាថទេ»។

សារឆ្លើយតបរបស់សម្តេចតេជោ ធ្វើឡើងបន្ទាប់ពីម្ចាស់ហ្វេសប៊ុកឈ្មោះ «សែនកំសត់» បានបង្ហោះរូបភាពផ្នូរកូនរបស់សម្តេចឈ្មោះ ហ៊ុន កំសត់ និងបានសរសេរខ្លឹមសារថា «យុត្តិធម៌សំរាប់់កូនម្នាកនេះនៅត្រុងណាទៅសម្តេច»។ (ដូចមានរូបភាពខាងក្រោម)

សារឆ្លើយតបរបស់សម្តេច បានធ្វើឡើងនៅក្នុង Comment នៃសាររបស់សម្តេចទើបង្ហោះនៅយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ពាក់ព័ន្ធករណីដកថ្លៃសេវាប្រមូល សំរាមរបស់ក្រុមហ៊ុន ស៊ិនទ្រី ចេញពីវិក្កយបត្រថ្មីរបស់អគ្គិសនីកម្ពុជា នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០តទៅ៕