(វៀតណាម)៖ រយៈពេល ១ សប្តាហ៍ហើយ សម្រាប់ដំណើរធម្មយាត្រា៥ ដែនដីនៃតំបន់ទន្លេមេគង្គ ដែលក្បួនដង្ហែធម្មយាត្រា បានធ្វើដំណើរទៅដល់វត្តមួយមានឈ្មោះថា វត្ត លីន ក្វាងស្ថិតក្នុងទឹកដីនៃខេត្ត ឌៀន ប៊ៀន ហ្វូ ប្រទេសវៀតណាម។ ក្នុងនោះមានការរៀបចំបង្គោលធម្មចក្រ ទង់សាសនា និងទង់ធម្មយាត្រាជាដើម ព្រមទាំងគណៈសង្ឃនៃប្រទេសទាំង ៥ ដោយមានព្រះចៅ ទីត ធៀន តាំ ជាប្រធានសភាប្រតិបត្តិនៃព្រះសង្ឃវៀតណាម និមន្តមកទទួលស្វាគមន៍ដោយក្តីរីករាយ។

នៅក្នុងកំឡុងពេលប្រារព្ធពិធីសាសនានេះ តំណាងគណៈសង្ឃនៃប្រទេសវៀតណាម ប្រចាំខេត្តឌៀនប៊ៀន ហ្វូ បានមានថេរដិកាថា នៅប្រទេសវៀតណាម មានខេត្តសរុបចំនូន ៦៣ ក្នុងនោះក៏មានសមាគមពុទ្ធសាសនា ៦៣ កន្លែងផងដែរ។ សម្រាប់សមាគមពុទ្ធសាសនានៅក្នុងខេត្តឌៀន ប៊ៀន ហ្វូ នេះ បានចាប់ផ្តើមបង្កើតឡើងរយៈពេល ៥ ឆ្នាំហើយ ដោយមានសកម្មភាពត្រូវបំពេញនៅទូទាំងខេត្ត ដូចជាការជួយ សង្គ្រោះប្រជាជនក្រីក្រ មានការស្ថាបនាវត្តអារាម ២ កន្លែង នៅក្នុងខេត្ត មានកុល សម្ព័ន្ធចំនួន ១៨ ក្រុម និងមានទីសក្ការៈសម្រាប់បូជាជាច្រើនកន្លែងទៀត។

លោក ស៊ុបផាឆ័យ វីរៈភុជង្គ លេខាធិការនៃវិទ្យាស្ថានពោធិខៈយ៉ាវិឆាឡ័យ បានលើកឡើងថា ធម្មយាត្រាលើកនេះ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ពុទ្ធបរិស័ទទាំង ៥ ដែនដី ដែលបានដឹកនាំដំណើរគណៈធម្មយាត្រាមកកាន់ខេត្ត ឌៀន ប៊ៀន ហ្វូ ប្រទេសវៀតណាម។ នេះគឺជាការបើកនូវទំព័រប្រវត្តិសាស្រ្តថ្មីមួយរបស់ពុទ្ធបរិស័ទគ្រប់ជាន់ថ្នាក់ក្រោមដែនដីនៃតំបន់ទន្លេមេគង្គ។

វិទ្យាស្ថានពោធិខៈយ៉ាវិឆាឡ័យ បានទទួលនូវក្តីមេត្តាផងដែរពី ព្រះចៅអធិការ ទីត ធៀន តាំ ប្រធានសភាប្រតិបត្តិនៃព្រះសង្ឃវៀតណាម ដោយព្រះអង្គយល់ព្រមទទួលធ្វើជាទីប្រឹក្សារបស់វិទ្យាស្ថានពោធិខៈយ៉ាវិឆាឡ័យ និងបានបញ្ជូនព្រះធម្មទូត វៀតណាម ឲ្យមកជួយប្រឹក្សាយោបល់និងប្រណិប័ត្តធម៌ស៊ីជម្រៅនៅលើដែនដីព្រះពុទ្ធនៃប្រទេសឥណ្ឌា ព្រមទាំងព្រះសង្ឃពីប្រទេស ថៃ កម្ពុជា ឡាវ និងមីយ៉ានម៉ា ក្រោមពាក្យស្លោកមួយឃ្លាដែលពោលថា ដែនដីនៃតំបន់ដងទន្លេមេគង្គ មានឱពុកតែមួយ គឺអង្គព្រះសម្មាសម្ពុទ្ធ និងម្តាយតែមួយ គឺទន្លេមេគង្គ ដែលជាចំណងសម្ព័ន្ធមេត្រីភាពរវាងប្រទេសទាំង ៥ ឱ្យនៅរួមរស់ជាមួយគ្នា ពោលគឺពុទ្ធបរិស័ទទាំងអស់ មានភាពជា “ញាតិធម្មៈ” ដែលជ្រកក្រោមម្លប់នៃព្រះពុទ្ធសាសនា។

សម្រាប់និមិត្តសញ្ញាធម្មចក្រ គឺឆ្លុះបង្ហាញឱ្យឃើញអំពីកងចក្រធម្មៈ នៅទីតាំងចេតិយ Dhamek នៃទីក្រុងសាអាណា (Sarnath) ប្រទេសស្រីលង្កា ជាទីកន្លែងដែលព្រះពុទ្ធទ្រង់បានសម្តែងធម្មទេសនាលើកដំបូងបង្អស់។ ការនាំយកនិមិត្តសញ្ញាធម្មចក្ររបស់ព្រះពុទ្ធទាំង ៥ ដែនដីនេះ នឹងជម្រុញដំណើរកងចក្រធម្មៈឲ្យដើរវិលជុំទៅមុខក្នុងតំបន់ទន្លេមេគង្គ ហើយដោយនាំមកវិញនូវសេចក្តីសុខ សេចក្តីស្ងប់ សាមគ្គីភាព និងភាពស្មោះត្រង់រវាងគ្នាទៅវិញទៅមក៕