(ព្រះសីហនុ)៖ បុរសម្នាក់ឈ្មោះ ឡឹង វិន បានលង់ទឹកស្លាប់ នៅចំណុចព្រែកត្របែក ស្ថិតក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ខណៈដែលជនរងគ្រោះចេញទៅមើលសន្ទូចរនងដាក់ត្រី នៅព្រែកទឹកសាប។

ហេតុការណ៍នេះបានកើត ឡើងនៅព្រឹកព្រលឹមថ្ងៃទី២២ ខែតុលា ឆ្នាំ ២០១៩។ លោក ឡឹង រិន មានអាយុ៣៤ឆ្នាំ មុខរបរចាំដីចម្ការមានស្រុកកំណើត នៅខេត្តកោះកុង។ យោងតាមការធ្វើកោសល្យវិច័យរបស់សមត្ថកិច្ចខេត្តព្រះសីហនុ បុរសឈ្មោះ ឡឹង វិន ស្លាប់ដោយសារតែខ្យល់គរ។

ទាក់ទងនឹងបញ្ហានេះ ស្ត្រីឈ្មោះ សុខ ធី ជាប្រពន្ធជនរងគ្រោះបានបញ្ជាក់ថា មុនពេលកើតហេតុជនរងគ្រោះមានអាការៈចុករោយឆ្អឹងខ្នង ហើយឱ្យប្រពន្ធកោសខ្យល់ឱ្យតាំងពីវេលាម៉ោង១រសៀល ថ្ងៃទី២១ ខែតុលា ឆ្នាំ ២០១៩។ លោកស្រី សុខ ធី បានឱ្យដឹងថា៖«កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ១ រសៀល ប្ដីរបស់នាងខ្ញុំឈ្មោះ ឡឹង វិន បាននិយាយត្អូញត្អែថា គាត់ចុកស្មាណាស់ (ត្រង់កន្លែងបោះដៃផុត) ហើយសុំខ្ញុំកោសខ្យល់ឱ្យគាត់ បន្ទាប់មកខ្ញុំក៏បានកោសខ្យល់ត្រង់កន្លែងដែលគាត់ត្អូញត្អែថាចុក ប៉ុន្តែកោសខ្យល់បានតែបីកន្លែង ត្រង់ស្មាបោះដៃផុត ហើយលាបប្រេងកូឡាឲ្យគាត់ ហើយគាត់ឈប់អោយខ្ញុំកោស រួចហើយហូបបាយ»

អ្នកស្រីបានបន្តថា ក្រោយហូបបាយរួចប្រហែលម៉ោង ៥ រសៀល ប្ដីរបស់នាងខ្ញុំបានប្រមូលម៉ាស៊ីនចាស់ៗខូច ប្រហែល ៣-៤គ្រឿង មកធ្វើការជួសជុល ហើយខ្ញុំបានអុំទូកទៅមើលរនងមួយសន្ទុះខ្ញុំក៏ត្រឡប់មកវិញ ម៉ោងប្រហែលជិត៣ទៀបភ្លឺ ឈានចូលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ប្ដីរបស់ខ្ញុំមិនទាន់ឈប់ជួសជុលម៉ាស៊ីននៅឡើយទេ ដោយគាត់និយាយថា ធ្វើឱ្យឆេះសិន ចាំដេកពេលនោះខ្ញុំ បានបបួលប្ដីខ្ញុំ និងប្អូនប្រុសជីដូនមួយរបស់ប្ដីខ្ញុំ ឈ្មោះ ពេវ ទៅរកចាប់កូនក្ដាមមកធ្វើនុយបិតរនងប្រហែលកន្លះម៉ោង។

លុះដល់ម៉ោង៤ទាបភ្លឺ ក្រោយត្រឡប់ពីបិតនុយរនងរួច ប្ដីខ្ញុំបានប្រាប់ឲ្យខ្ញុំចូលដេក ហើយគាត់បន្តជួសជុលម៉ាស៊ីនបន្តទៀត តែកន្រ្តាក់ម៉ាស៊ីមមិនឆេះ ហើយខ្ញុំបានឮគាត់រអ៊ូរថាៈ បើធ្វើម៉ាស៊ីនមិនឆេះ អញចងកឱ្យងាប់ ឮដូច្នេះ ខ្ញុំក៏និយាយថាៈ កុំឆ្កួតពេក បើធ្វើមិនឆេះទេ ដេកទៅ ខ្ញុំងងុយដេកណាស់ តែគាត់មិនចូលដេកទេ នៅតែបន្តធ្វើម៉ាស៊ីនទៀត រួចខ្ញុំក៏ដេកលក់ទៅ។ ចំណែកប្ដីខ្ញុំទៅណាទៀត ខ្ញុំមិនដឹងទេ។

អ្នកស្រីបានបន្តថា ក្រោយសម្រាន្តលក់មួយសន្ទុះ ម៉ោង៤កន្លះទាបភ្លឺ ឈ្មោះ ពេវ បានមកហៅប្ដីខ្ញុំទៅលើករនង តែរកប្ដីខ្ញុំមិនឃើញ ឈ្មោះ ពេវ បានមកសួរខ្ញុំ ខ្ញុំក៏ប្រាប់វាថា គាត់ដេកនៅមុខផ្ទះ តែឈ្មោះ ពេវ ប្រាប់ថារកមិនឃើញទេ ខ្ញុំក៏ប្រាប់ថា ទៅរកនៅកំពង់ទូកទៅ ក្រែងគាត់ទៅមុន រួចឈ្មោះ ពេវ ក៏ដើរទៅកំពង់ទូក។ មួយស្របក់ក្រោយមក ខ្ញុំក៏បានឮឈ្មោះ ពេវ ស្រែកហៅខ្ញុំថា ប្ដីរបស់ខ្ញុំ លុងទឹកស្លាប់ហើយ ឮដូច្នេះខ្ញុំចុះទៅមើលប្ដីភ្លាម ពេលទៅដល់ ខ្ញុំក៏ឃើញប្ដីខ្ញុំ អណ្ដែតក្នុងទឹកព្រែកក្បែរទូក ទាំងមានភ្លើងពិលភ្លឺពាក់នៅជាប់ក្បាលនៅឡើយ ស្បែកជើងគាត់នៅលើទូក ពេលនោះឈ្មោះ ពេវ កំពុងលើកប្ដីខ្ញុំឡើង ខ្ញុំក៏ជួយលើកដែរ ហើយក៏ស្រែកឆោឡោហៅគេឯងជួយធ្វើចលនាបេះដូង តែប្ដីខ្ញុំបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ៕