(ភ្នំពេញ)៖ លោក ពេជ សោភ័ន រដ្ឋលេខាធិការប្រចាំការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាសហប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកព្រៃកប្បាស ខេត្តតាកែវ បានថ្លែងថា ឫសគល់នៃភាពក្រីក្រ គឺបណ្ដាលមកពីវិប្បត្តិសង្រ្គាម ការអប់រំមានកម្រិតទាប ដែលនាំឱ្យផលិតភាពក៏ទាបដែរ។

ការថ្លែងបែបនេះធ្វើឡើងក្នុងវេទិកាផ្សព្វផ្សាយស្តីពី ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងព័ត៌មានអាហារូបករណ៍ ជូនដល់សិស្សានុសិស្សដែលទើបប្រឡងបញ្ចប់មធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៩ នៅទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកព្រៃកប្បាស នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩។

លោកបានបន្តថា ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បានដើរតួរនាទីសំខាន់ណាស់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ប្រទេស ព្រមការបង្កើតនិងទទួលបានការងារធ្វើកាន់តែល្អ និងជំរុញលើកកម្ពស់ជីវភាពកាន់តែប្រសើរឡើង សម្រាប់ប្រជាពលរដ្ឋម្នាក់ៗ។

លោកថា នាពេលបច្ចុប្បន្ន មហាជនភាគច្រើន ក៏ដូចជាសិស្សានុសិស្ស និងអាណាព្យាបាលនៅពុំទាន់យល់ច្បាស់ពីសារៈប្រយោជន៍ និងផ្តល់តម្លៃដល់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនោះទេ ខណៈការអប់រំទូទៅ គ្រាន់តែផ្តល់នូវមូលដ្ឋាន ឬជាការចាប់ផ្តើមតែប៉ុណ្ណោះ។

តួនាទីបន្ទាប់ គឺការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលត្រូវធ្វើការបំពាក់ និងអភិវឌ្ឍន៍ជំនាញ និងសមត្ថភាពជាបន្តបន្ទាប់ពេញមួយជីវិត សំដៅបំពេញតម្រូវការការងារ និងអាជីពក្នុងទីផ្សារការងារបច្ចុន្ន និងទៅអនាគត ដើម្បីឆ្លើយបតបទៅនឹងការប្រែប្រួលតម្រូវការជំនាញ និងការផ្លាស់ប្តូរការងារ ស្របតាមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងក្តីប្រាថ្នាកាន់តែខ្ពស់ឡើងរបស់ប្រជាពលរដ្ឋម្នាក់ៗ។

បច្ចុប្បន្ន ក្រសួងការងារមានគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈជាច្រើននៅគ្រប់រាជធានី-ខេត្ត កំពុងដើរតួយ៉ាងសំខាន់ក្នុងការផ្តល់ការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដែលទីផ្សារការងារកំពុងមានតម្រូវការ និងផ្តល់ការបណ្តុះបណ្តាលវគ្គខ្លី និងវែង សិក្សារយៈពេលចាប់ពី១ឆ្នាំឡើង មានថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស បរិញ្ញាបត្ររងបច្ចេកទេស ឯកទេសបរិញ្ញាបត្របច្ចេកវិទ្យា ឯកទេសសញ្ញាបត្រវិស្វករ បរិញ្ញាបត្រ បរិញ្ញាត្រជាន់ខ្ពស់បច្ចេកវិទ្យា ជំនាញសំណង់ស៊ីវិល អគ្គិសនី អេឡិចត្រូនិច បរិក្ខាត្រជាក់ មេកានិក រថយន្ត កម្មន្តសាល ទេសចរណ៍ ធុរកិច្ច ICT ជាដើម។

លោក ពេជ សោភ័ន បានឱ្យដឹងថា សម្រាប់ឆ្នាំសិក្សា ២០១៩-២០២០ ក្រសួងការងារបានផ្តល់អាហារូបករណ៍ចំនួន ២២ ,៦៦១កន្លែង ហើយលោកបានអំពាវនាវដល់សិស្សានុសិស្ស ដែលទើបប្រឡងបាក់ឌុបហើយនោះ គួរតែងាកមកទទួលការបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈឱ្យបានច្រើន៕