(ក្រចេះ)៖ រដ្ឋបាលខេត្តក្រចេះ សហការជាមួយរដ្ឋបាលជលផល មន្ទីរទេសចរណ៍ខេត្ត មន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទ និងអង្គការ WWF គ្រោងនឹងរៀបចំ «ទិវាសត្វផ្សោតទន្លេមេគង្គ ឆ្នាំ២០១៩» ក្រោមប្រធានបទ «កើនផ្សោត កើនទេសចរ កើនជីវភាព» ចាប់ពីថ្ងៃទី២៥-២៧ ខែតុលាខាងមុខ នៅក្រុងក្រចេះ ក្នុងគោលបំណងដើម្បីពង្រឹងការអភិរក្សសត្វផ្សោតទន្លេមេគង្គ សំដៅអភិវឌ្ឍន៍វិស័យទេសចរណ៍ប្រកបដោយនិរន្តភាព។

លោក ជួប រតនា ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នាថ្ងៃទី២២ ខែតុលានេះថា ការរៀបចំទិវាសត្វផ្សោតទន្លេមេគង្គនេះ ក៏ដើម្បីចូលរួមអបអរសាទរទិវាសត្វផ្សោតពិភពលោក (World Dolphin Day) ដែលតែងប្រារព្ធឡើងរៀងរាល់ឆ្នាំនៅថ្ងៃទី៣០ ខែតុលា និងសំដៅលើកកម្ពស់ការអភិរក្សសត្វផ្សោតទន្លេមេគង្គ ដែលជាសត្វកម្ររបស់ពិភពលោក តាមរយៈការអភិវឌ្ឍឲ្យទៅជាផលិតផលទេសចរណ៍ដ៏ទាក់ទាញ និងមាននិរន្តរភាព ទាំងលក្ខណៈជីវសាស្ត្ររបស់សត្វផ្សោត និងកំណើនទេសចរ។

លោកបានបន្តថា រយៈពេល៣ថ្ងៃ នៃទិវាសត្វផ្សោតទន្លេមេគង្គនេះ នឹងមានរៀបចំកម្មវិធីកម្សាន្តៗជាច្រើន ដូចជាការប្រគំតន្ត្រី តាំងពិព័រណ៍ផលិតផលក្នុងស្រុក កម្មវិធីរត់ប្រណាំង ជិះកង់ ដាំដើមឈើ បោះតង់ ការសម្អាតក្រុង ការទស្សនាសត្វផ្សោត និងរមណីយដ្ឋាននានា ការប្រឡងប្រជែងគំនូរ និងការប្រកួតញ៉ាំក្រឡាន និងក្រូចថ្លុងជាដើម។

លោក រតនា បានបន្ថែមទៀតថា តាមរយៈគម្រោងអភិរក្សសត្វផ្សោតរបស់អង្គការ WWF ជលផលកម្ពុជា រដ្ឋបាលខេត្តក្រចេះ និងខេត្តស្ទឹងត្រែង រហូតមកដល់បច្ចុប្បន្ននេះ ចំនួនសត្វផ្សោតទន្លេមេគង្គមានកំណើនប្រមាណ ១៥% ពោលគឺចាប់ពី ៨០ក្បាល នៅឆ្នាំ២០១៥ កើនឡើងដល់ ៩២ក្បាល នៅឆ្នាំ២០១៧។

លោក ជួប រតនា បានបញ្ជាក់ថា មន្ទីរទេសចរណ៍ និងរដ្ឋបាលខេត្តក្រចេះ បានកំណត់ថា សត្វផ្សោតទន្លេមេគង្គ គឺជាផលិតផលទេសចរណ៍ដ៏ល្អឯករបស់ខេត្ត ដែលតម្រូវឲ្យមានកិច្ចសហការអភិរក្សឱ្យបានគង់វង្ស និងមានកំណើន សំដៅចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព ស្របតាមផែនការយុទ្ធសាស្ត្ររបស់ក្រសួងទេសចរណ៍ ជាពិសេសយកចិត្តទុកដាក់រៀបចំប្លង់មេអភិវឌ្ឍន៍ «រមណីយដ្ឋានអន្លង់ផ្សោតកាំពី» ឲ្យក្លាយជារមណីយដ្ឋានស្តង់ដា ដែលផ្តល់បទពិសោធន៍ទាំងចំណេះលើជីវសាស្ត្ររបស់សត្វផ្សោត បទពិសោធន៍ទេសចរណ៍បែបអភិរក្ស និងចូលរួមលើកស្ទួយជីវភាពប្រជាជនមូលដ្ឋាន តាមរយៈសេវាកម្មសម្បទាទេសចរណ៍នានា។

រដ្ឋបាលខេត្តក្រចេះ និងមន្ទីរទេសចរណ៍ខេត្តក្រចេះ បានអំពាវនាវដល់សាធារណជន ភ្ញៀវទេសចរជាតិ-អន្តរជាតិទាំងអស់ ចូលរួមជាមួយទិវាសត្វផ្សោតទន្លេមេគង្គ ឆ្នាំ២០១៩នេះ ឲ្យបានច្រើនកុះករ ចាប់ពីថ្ងៃទី២៥-២៧ ខែតុលាឆាប់ៗខាងមុខ៕