(កំពត)៖ កម្មសិក្សាការី នៃវគ្គបណ្តុះបណ្តាលថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រងជាស្រ្តី ឆ្នាំ២០១៩ ក្រុមទី២ វេនរសៀល នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩នេះ បានចុះធ្វើការងារសង្គម ក្រោមប្រធានបទ «បរិស្ថានស្អាត និងមនុស្សធម៌» នៅមជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀនកងពលតូចថ្មើរជើងលេខ៣១ ភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។

ឧត្តមសេនីយ៍ទោ ផង់ យ៉ុត មេបញ្ជាការកងពលតូចថ្មើរជើងលេខ៣១ បានលើកឡើងពីទឹកចិត្តរបស់ទាហាន ក្រៅពីការងារការពាជាតិ គឺការងារជួយដល់សង្គម បរិស្ថាន ហើយការសាងសង់ មជ្ឈមណ្ឌលព្យាបាលស្តារនីតិ សម្បទាអ្នកញៀនគ្រឿងញៀន គឺសំដៅជួយដល់យុវជន ដែលបានធ្លាក់ខ្លួនប្រើប្រាស់គ្រឿងញៀន ចូលមកទទួលការព្យាបាល ឲ្យជាសះស្បើយ ដើម្បីវិលត្រលប់ទៅរួមរស់នៅ ក្នុងសហគមន៍វិញ។

លោកស្រី ឥម នីថារ៉ា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងសិក្ខាកាម បានលើកឡើងថា គ្រឿងញៀនជាបញ្ហាដ៏ស្មុគស្មាញ ដែលកើតមាននៅក្នុងស្រទាប់ប្រជាពលរដ្ឋ ជាពិសេសក្នុងស្រទាប់យុវជន យុវនារី កម្មករ សិស្សានុសិស្ស ដែលតម្រូវឲ្យយើងទាំងអស់គ្នា ផ្តោតការយកចិត្តទុកដាក់ចូលរួមដោះស្រាយជំរុញចលនា ឲ្យចូលរួមគាំទ្រគ្រប់សកម្មភាព។

លោកស្រីបន្ដថា បរិស្ថានស្អាតនាំមកនូវសុខភាពល្អ! ទឹកចិត្តមនុស្សធម៌ ផ្តល់មកនូវសេចក្តីសុខផ្លូវចិត្ត! ហើយការងារបរិស្ថានស្អាត ថ្ងៃនេះ គឺយើងរួមគ្នាដាំបន្លែ ដំណាំ និងដាំផ្កា ជាមួយនឹងការងារមនុស្សធម៌ គឺបាននាំយក អំណោយ ដើម្បីជូនដល់ក្មួយៗ និងមន្រ្តីនៃមជ្ឈមណ្ឌលរួមមាន៖ គ្រាប់ពូជបន្លែ គ្រឿងប្រើប្រាស់ប្រចាំថ្ងៃ និងគ្រឿងឧបភោគ បរិភោគ មានអង្ករនាងម៉ីញ ទឹកត្រី អំបិល ស្ករស ឆៃប៉ូវផ្អែម ត្រីខកំប៉ុង ថ្នាំពេទ្យ១២មុខ សាប៊ូ ថ្នាំដុសធ្មេញ ទឹកខ្ពុលមាត់ កន្សែងជូតមាត់ និងសៀវភៅសរសេរ។

លោក សុខ សេងយ៉ន នាយករងសាលាភូមិន្ទ បានលើកឡើងពីសារៈនៃការចុះអនុវត្តកិច្ចការ សង្គមរបស់សិក្ខាកាម នៅពីនេះថា គឺជាការផ្សារចងភ្ជាប់នូវការសិក្សា ជាទ្រឹស្តីមកជាការអនុវត្តជាក់ស្តែង ជួយដល់សង្គមផ្ទាល់ពោរពេញ ដោយទឹកចិត្តជ្រះថ្លាសាមគ្គីគ្នា ហើយសាលាលើកទឹកចិត្ត ឲ្យសិស្សគ្រប់ជំនាន់បន្តវប្បធម៌សាមគ្គីភាព ឯកភាព ស្មោះត្រង់និងវិជ្ជាជីវៈការងារ។

បើយោងតាមរបាយការណ៍ របស់ឧត្តមសេនីយ៍ត្រី គឹម កុសល ប្រធានមណ្ឌលកងពលតូចថ្មើរជើងលេខ៣១ ដែលបានដាក់ឲ្យដំណើរការ រយៈពេល១៨ខែមកនេះ ទទួលព្យាបាលជនគ្រោះ បានចំនួន៤១៦នាក់ហើយ ជាសះស្បើយសមាហរណកម្មទៅរស់នៅ ជាមួយគ្រួសារវិញបានចំនួន១៦៣នាក់។

គូសបញ្ជាក់ថា ពិធីនេះ បានបញ្ចប់ដោយភាពកក់ក្តៅ និងស្និទ្ធស្នាលក្រៃលែង ប្រកបដោយសេចក្តីស្រឡាញ់ រវាងក្រុមកាងារថ្នាក់ដឹកនាំនារី និងជនរងគ្រោះ ព្រមទាំងប្តេជ្ញាកសាងភាពជាដៃគូរវាងស្ថាប័នពាក់ព័ន្ធ ក្នុងការជំរុញការអភិវឌ្ឍន៍អនុលោម តាមមាគា៍ដឹកនាំដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី៕