(ភ្នំពេញ)៖ សំណង់របង និងផ្ទះតូច-ធំមួយចំនួន ដែលសាងសង់រំលោភ «ក្នុងតំបន់អភិវឌ្ឍន៍ឬស្សីកែវ» ស្ថិតក្នុងភូមិទួលពពែ សង្កាត់ទួលសង្កែទី២ និងភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ត្រូវបានអាជ្ញាធរ ប្រើពេលត្រឹមប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីវិធានការក្ដៅរបស់កម្លាំងរដ្ឋបាលខណ្ឌប្រមាណ ២៥០នាក់ បានរុះរើបើគិតត្រឹមរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩នេះ។

វិធានការក្ដៅចំពោះសំណង់តូច-ធំមួយចំនួនសាងសង់រំលោភ «ក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ» ដែលដឹកនាំផ្ទាល់ដោយលោក ប្រាជ្ញ សីហា និងលោក លីន ញ៉ក់ អភិបាលរងខណ្ឌ តំណាងលោក ជា ពិសី អភិបាលខណ្ឌ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងក្រោមបញ្ជាផ្ទាល់ពីអភិបាលរាជធានីភ្នំពេញ។ ករណីនេះបានធ្វើឡើង ជាបន្តបន្ទាប់ ដើម្បីអនុវត្តផែនការអភិវឌ្ឍរបស់សាលារាជធានីភ្នំពេញ ពិសេសផែនការរបស់ថ្នាក់ជាតិ។

លោក ប្រាជ្ញ សីហា បានបញ្ជាក់ថា កម្លាំងគណៈកម្មការរដ្ឋបាលខណ្ឌ មានទាំងសមត្ថកិច្ចខណ្ឌ និងប៉ុស្ដិ៍ អាវុធហត្ថខណ្ឌ និងកម្លាំងប្រជាការពារខណ្ឌ សង្កាត់ សរុប២៥០នាក់ ដែលចុះអនុវត្តវិធានការក្ដៅនាពេលនេះ គឺការអនុវត្តាមផែនការអភិវឌ្ឍរបស់សាលារាជធានីភ្នំពេញ ក៏ដូចជាថ្នាក់ជាតិ ក្នុងគោលបំណងសំដៅស្វែងរកដកហូតយកដីសាធារណៈ របស់រដ្ឋមកគ្រប់គ្រងវិញ ក្រៅពីការងារចុះវាស់វែងចាក់ដីឈូសឆាយ ក្នុងការបើកផ្លូវសាធារណៈទាំងអស់ «ក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ»។

លោកអភិបាលរងខណ្ឌរូបនេះ បានបញ្ជាក់ទៀតថា ចំពោះការអនុវត្តវិធានការរួមតាមផែនការរបស់សាលារាជធានីភ្នំពេញ ក៏ដូចជាថ្នាក់ជាតិនេះ ឲ្យទទួលបានជោគជ័យ ដើម្បីដកហូតយកដីសាធារណៈរបស់រដ្ឋមកគ្រប់គ្រងវិញ និងការវាស់វែងចាក់ដីឈូសឆាយ ក្នុងការបើកផ្លូវសាធារណៈទាំងអស់ «ក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ» ទោះបីមានការប្រឆាំងដោយកម្លាំងចលនារបស់ប្រជាពលរដ្ឋ នោះអាចប្រឈមការឃាត់ខ្លួនមិនខានឡើយ ព្រោះជាករណីធ្វើឲ្យរាំងស្ទះរំខានដល់ការអនុវត្តរបស់មន្ត្រីមុខងារសាធារណៈ។

សូមជម្រាបថា លោក ជា ពិសី បានជម្រាបជូនដំណឹង ដល់សាធារណៈជនទាំងអស់ ពិសេសម្ចាស់ក្បាលដីដែលស្ថិតក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ មេត្តាជ្រាបថា ក្រោយទទួលបានការដឹកនាំរបស់ រដ្ឋបាលរាជធានីភ្នំពេញ តាមស្មារតីអង្គប្រជុំនាថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩កន្លងទៅ រដ្ឋបាលខណ្ឌ បានរៀបចំផែនការចុះវាស់វែង បើកផ្លូវសាធារណៈទាំងអស់ ក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ ស្ថិតក្នុងភូមិទួលពពែ សង្កាត់ទួលសង្កែទី២ និងភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦។

លើសពីនេះ រដ្ឋបាលខណ្ឌ សូមឲ្យប្រជាពលរដ្ឋដែលមានក្បាលដីពាក់ព័ន្ធ មេត្តាចូលរួមសហការជាមួយក្រុមការងារ ក្នុងការបើកផ្លូវសាធារណៈនេះ ឲ្យទទួលបានជោគជ័យប្រកបដោយប្រសិទ្ធភាពខ្ពស់។ ដោយឡែកចំពោះរូបវន្តបុគ្គលណា ដែលកំពុងកាន់កាប់ដីផ្លូវសាធារណៈរបស់រដ្ឋទាំងបំពានច្បាប់ សូមប្រគល់ដីផ្លូវនោះជូនរដ្ឋវិញដោយការស្ម័គ្រចិត្ត និងប្រកបដោយការទទួលខុសត្រូវតាមផ្លូវច្បាប់៕