(កំពង់ចាម)៖ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩នេះ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ការជ្រើសរើសក្របខ័ណ្ឌបំពេញបន្ថែម មន្រ្តីដែលបានពលី មរណៈ ចូលនិវត្តន៍ លាឈប់ពីការងារ និងបាត់បង់សមត្ថភាពការងារ សម្រាប់ប៉ុស្តិ៍នគរបាលរដ្ឋបាល ឆ្នាំ២០១៩ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម។

កិច្ចប្រជុំនេះ ក៏មានការចូលរួមពី លោក លោកស្រីគណៈស្នងការ លោកអនុប្រធានផែន លោក លោកស្រី នាយការិយាល័យជំនាញ លោកអធិការនគរបាលស្រុក-ក្រុងទាំង១០។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ឯម កុសល បានធ្វើការណែនាំដល់កម្លាំងជំនាញ ក្នុងកិច្ចការជ្រើសរើសមន្រ្តីក្របខ័ណ្ឌនគរបាលជាតិ ដោយយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុត និងពិនិត្យតាម លក្ខខណ្ឌ នៃការជ្រើសរើសរបស់ក្រសួងមហាផ្ទៃផងដែរ។

គួរជម្រាបថា ស្នងការនគរបាលខេត្តកំពង់ចាម នៅថ្ងៃទី២២ ខែតុលានេះ ក៏បានចេញសេចក្ដីជូនដំណឹងមួយផងដែរ ស្ដីពីការប្រឡងប្រជែងជ្រើសរើសបេក្ខជនទាំងពីរភេទ ឲ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ ចំនួន១០០កន្លែង សម្រាប់ប៉ុស្ដិ៍នគរបាលរដ្ឋបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម។

បេក្ខជនទាំងពីរភេទ ត្រូវឆ្លងកាត់ការពិនិត្យសំណុំបែបបទ និងធ្វើការប្រឡងជ្រើសរើស ដោយសរសេរផ្ទាល់ដៃ ក្រោមការពិនិត្យរបស់ក្រុមការងារ ក្រសួងមហាផ្ទៃ។ សម្រាប់បេក្ខជនដែលមានបំណងចូលបម្រើការងារ ត្រូវទៅសុំពាក្យនៅការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ចាប់ពីថ្ងៃទី២២ ខែតុលា ដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩៕