(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជាថ្មីម្តងទៀតថា កម្ពុជាបាននិងកំពុងត្រៀមទិញយន្តហោះស៊ើបការណ៍ L39 សេរីថ្មីពីប្រទេសឆែកបន្ថែមទៀត ខណៈដែលកម្ពុជាបានទិញយន្តហោះនេះចំនួន៦គ្រឿងរួចទៅហើយ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំកំពុងត្រៀមដើម្បីទិញ នូវយន្តហោះស៊ើបការដែលផលិតនៅប្រទេសឆែក ដែលយើងមាននាំចូលមកគឺ L39 ចំនួន៦គ្រឿង។ ឥឡូវមានម៉ូឌែលថ្មី យើងយកអាហ្នឹង ដើម្បីកាត់បន្ថយការលំបាក របស់យើង»

ការប្រកាសរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជាង៤ពាន់នាក់ មកពីសាកលវិទ្យាល័យបៀលប្រាយ (BBU) នៅមជ្ឈមណ្ឌលកោះពេជ្រ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា យន្តហោះស៊ើបការណ៍នេះ នឹងមិនប្រើប្រាស់ ដើម្បីហោះចូលប្រទេសណាមួយទេ ប៉ុន្តែវាអាចប្រើប្រាស់ក្នុងតម្រូវការចាំបាច់ ដូចជាករណីភ្លើងឆេះព្រៃករណីទឹកជំនន់ ដែលត្រូវសង្រ្គោះយ៉ាងឆាប់រហ័ស ការទៅកាន់កន្លែងដែលរថយន្តពិបាកទៅដល់ និងជួយជំរុញអ្នកបើកយន្តហោះកម្ពុជា ឱ្យកាន់តែស្វាហាប់ថែមទៀត។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ទើបនឹងបានទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឆែក ហុងគ្រី និងប៊ុលហ្ការី ដែលស្ថិតនៅក្នុងដែនដីអឺរ៉ុប កាលពីសប្តាហ៍មុននេះ ដោយក្នុងនោះ កម្ពុជា និងសមភាគី បានបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ ព្រមទាំងបានចុះកិច្ចព្រមព្រៀងមួយចំនួនផងដែរ៕