(ភ្នំពេញ)៖ ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ស្អែកនេះ សម្តេចនឹងទទួលជួបលោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំនៅកម្ពុជា បន្ទាប់ពីលោកទើបបានថ្វាយសារតាំងបង្ហាញខ្លួន ដល់ព្រះមហាក្សត្រកម្ពុជារួចរាល់ កាលពីពេលថ្មីៗនេះហើយនោះ។

ថ្លែងនៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩នេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ប្រគល់សញ្ញាបត្រជូននិស្សិតជាង ៤ពាន់នាក់ មកពីសាកលវិទ្យាល័យបៀលប្រាយ (BBU) សម្តេចបានបញ្ជាក់ទៀតថា សម្តេចនឹងទទួលជួបជាមួយទូតជប៉ុនថ្មី និងទូតអាល្លឺម៉ង់ នៅពេលព្រឹកស្អែកនេះផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ស្អែកនេះ ខ្ញុំត្រូវទទួលទូតដល់ទៅ៣ ព្រោះទូត៣នោះ បានជូនសារតាំងហើយ រង់ចាំការជួបនាយករដ្ឋមន្ត្រី។ ស្អែកនេះដំបូងឲ្យទូតជប៉ុនថ្មី ពេលព្រឹកម៉ោង៩ ម៉ោង១០ទទួលទូតអាល្លឺម៉ង់។ ដល់ល្ងាចត្រូវទទួលជួបទូតអាមេរិក ទើបតែជូនសារតាំងហើយថ្មីៗនេះ»

ឆ្លៀតឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសារប្រាប់ទៅក្រុមប្រឆាំង ឲ្យចេះទទួលស្គាល់នូវសមត្ថភាពរបស់ខ្លួន។ សម្តេចបានថ្លែងបន្តថា ប្រទេសជាមិត្ត គេធ្វើការជាមួយរាជរដ្ឋាភិបាល មិនធ្វើការជាមួយក្រុមមនុស្ស ក្រៅពីរាជរដ្ឋាភិបាលនោះឡើយ។

សម្តេចថ្លែងបញ្ជាក់បន្ថែមថា «គេមិនមែនទៅធ្វើការជាមួយនរណាទេ គេទៅធ្វើការជាមួយរដ្ឋាភិបាល ហ៊ុន សែន»

សម្តេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងដែរថា ទាំងបារាំង អាល្លឺងម៉ង់ និងសហគមន៍អន្តរជាតិ បានបង្ហាញការប្តេជ្ញាចិត្តរកស៉ីជាមួយកម្ពុជា។

សម្តេចបញ្ជាក់ថា «មានអ្នកខ្លះវិភាគថាឯង (កម្ពុជា) យកខាងកើតទៅទប់ខាងលិច ទប់មិនឈ្នះទេព្រោះខាងលិចខ្លាំងជាង។ ប្រទេសនៅខាងលិចជាច្រើន និយាយរួមនិយាយចំៗ ទាំងអាល្លឺម៉ង់ ទាំងបារាំង ប្រាប់យើងថាគេបន្តការរកស៉ីជាមួយយើង ស្ថាប័នអឺរ៉ុបទាំងអស់ ទាំងធនាគារអឺរ៉ុប ធ្វើការជាមួយយើង។ តើយើងមានទំនាក់ទំនងអាក្រក់ណាមួយ ជាមួយប្រទេសនៅអឺរ៉ុប»?

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើទៅអ្នកវិភាគមួយចំនួន ឲ្យទៅរៀនឡើងវិញ ដោយបញ្ជាក់ថា «បើភ្លើណាស់ទៅរៀនឲ្យចេះទៅ កុំចេះតែស្រែក»

គួររំលឹកថា លោក Patrick Murphy កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ បានបង្ហាញក្តីសប្បាយរីករាយ ដោយមានកិត្តិយសដ៏ធំធេង បានចូលគាល់ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅក្នុងព្រះបរមរាជវាំង ដើម្បីបង្ហាញខ្លួនក្នុងនាមជាឯកអគ្គរដ្ឋទូតអាមេរិកថ្មី ចំពោះព្រះភក្រ្តព្រះមហាក្សត្រ។ លោកថែមទាំងបាន បញ្ជាក់ពីជំហរចង់ជួបជាមួយសមាជិកនានា របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងចំណងមិត្តភាពផងដែរ។

លោកបានសរសេរសារខ្លីនៅបណ្តាញសង្គម Twitter របស់លោកយ៉ាងដូច្នេះថា៖ «បន្ទាប់ពីចូលគាល់បង្ហាញខ្លួនក្នុងនាមជា ឯកអគ្គរដ្ឋទូតអាមេរិកថ្មី ប្រចាំនៅកម្ពុជា ចំពោះព្រះភក្រ្តព្រះមហាក្សត្ររួចហើយ ខ្ញុំកំពុងរង់ចាំជួបជាមួយសមាជិកនានារបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពិភាក្សាពីកិច្ចប្រឹងប្រែងចំណងមិត្តភាពរវាងប្រទេសទាំងពីរ»

លោក Patrick Murphy និងភរិយារបស់លោក បានមកដល់ប្រទេសកម្ពុជា កាលពីយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ដើម្បីផ្តើមការងាររបស់ខ្លួននៅកម្ពុជា ជំនួសឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជាផុតអាណត្តិ លោក William A. Heidt។ តាមសេចក្តីប្រកាសរបស់ស្ថានទូតអាមេរិក លោក Murphy បានចាប់ផ្តើមការងារនៅថ្ងៃដំបូងរបស់លោកនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩កន្លងទៅ ដោយមានការសែនព្រេន នៅផ្ទះអ្នកតាក្នុងស្ថានទូត៕