(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសដកហូតសិទ្ធិប្រមូលសំរាមពីក្រុមហ៊ុនស៊ិនទ្រីដើម្បីឲ្យរដ្ឋកាន់កាប់សិន ហើយសម្តេចបញ្ជាក់ថា ការប្រមូលសំរាមនៅរាជធានីភ្នំពេញ ត្រូវដាក់ឱ្យដេញថ្លៃជាថ្មី ដោយត្រូវមានក្រុមហ៊ុន ៣ ឬ៤ក្រុមហ៊ុន សម្រាប់ការប្រមូលសំរាមនៅរាជធានីភ្នំពេញ។

ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជាង៤ពាន់នាក់ មកពីសាកលវិទ្យាល័យបៀលប្រាយ (BBU) នៅមជ្ឈមណ្ឌលកោះពេជ្រ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុមហ៊ុនស៊ិនទ្រីតែមួយមិនអាចប្រមូលសំរាមនៅភ្នំពេញមានប្រសិទ្ធភាពនោះឡើយ ត្រូវមានក្រុមហ៊ុនយ៉ាងតិច៣ ឬ៤ជាការល្អ ប្រតិបត្តិការក្នុងការប្រមូលសំរាមនៅរាជធានីភ្នំពេញ។

ក្រុមហ៊ុនស៊ីនទ្រី (ខេមបូឌា) គឺជាក្រុមហ៊ុនឯកជនមួយ ដែលត្រូវបានបង្កើតឡើង នៅក្នុងខែសីហា ឆ្នាំ២០០២ ដើម្បីសំអាត ប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹងក្នុងរាជធានីភ្នំពេញ។

កន្លងមក ជាពិសេសរយៈពេលប៉ុន្មានខែមកនេះ ប្រជាពលរដ្ឋជាច្រើន បានរអ៊ូរទាំ មិនពេញចិត្តចំពោះសេវាកម្មប្រមូលសំរាម របស់ក្រុមហ៊ុននេះ ដោយសារតែមានការអាក់ខានមិនទៀងទាត់ ធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ពួកគេ។

ជាមួយនឹងការផ្តល់អនុសាសន៍ពាក់ព័ន្ធនឹងរឿងសំរាម សម្តេចតេជោ ហ៊ុន សែន បានលើកគំនិតឱ្យសិក្សាធ្វើចំណតរថយន្តសាធារណៈនៅតាមសួនច្បារនានា ដើម្បីសម្រួលការចតរថយន្ត។ សម្តេចថ្លែងថា បើប្រជាពលរដ្ឋហូប ហើយមិនបោះពាសវាលពាសកាលមិនធ្វើឱ្យសំរាមរាយប៉ាយនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ប្រជាពលរដ្ឋត្រូវចេះការពាររាជធានីភ្នំពេញរបស់ខ្លួន ដោយទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យសិក្សាបង្កើតរោងចក្រអគ្គិសនីដោយប្លែងពីសំរាម បើទោះថ្លៃបន្តិចក៏រដ្ឋចេញខាតដែរ។

សម្តេចតេជោ ហ៊ុន សែន ក៏បានបង្គាប់ទៅ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឱ្យប្រមូលក្រុមយុវជនដែលសហការជាមួយក្រសួងបរិស្ថាន ចេញប្រតិបត្តិការសំអាត សំរាមក្នុងព្រះរាជពិធីបុណ្យអុំទូកផងដែរ៕