(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យមើលស្ថានភាពបាក់ស្រុតច្រាំងទន្លេ ក្នុងភូមិសាស្ត្រតាមដងទន្លេ នៃស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលបង្កផលប៉ះពាល់ដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ និងស្ពានមួយកន្លែងផងដែរ។

បន្ទាប់ពីបានចុះពិនិត្យច្រាំងទន្លេនៅភូមិតាមាង ឃុំកោះរការរួចមក លោកអភិបាលខេត្ត បានបន្តដំណើរដឹកនាំមន្ត្រីជំនាញ មន្ទីរពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពស្ពានគៀនជ្រៃ ដែលកំពុងប្រឈមផលប៉ះពាល់ នៃការបាក់ស្រុតច្រាំង និងបានចុះសួរសុខទុក្ខគ្រួសារប្រជាពលរដ្ឋ ដែលកំពុងប្រឈមផលប៉ះពាល់លំនៅដ្ឋានជាង ១០គ្រួសារ ត្រូវរុះរើ ដែលនៅអមសងខាងព្រែកគៀនជ្រៃ ស្ថិតក្នុងឃុំគៀនជ្រៃ ស្រុកកំពង់សៀម។

ស្ថិតក្នុងឱកាសនោះ លោកអភិបាលខេត្ត បានប្រាប់ប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នក្នុងការធ្វើការដំណើរ ឆ្លងកាត់ស្ពាន ហើយរថយន្តធន់ធំ ដឹកធ្ងន់ៗ សូមមេត្តាបើកបរផ្លូវវៀង ដើម្បីចៀសវាងគ្រោះថ្នាក់។

លោកអភិបាលខេត្ត បានថ្លែងបន្តថា ប្រសិនបើបងប្អូនប្រជាពលរដ្ឋដែលប្រឈមហើយត្រូវរុះរើលំនៅដ្ឋាន អាចស្នើសុំកងកម្លាំងអាជ្ញារធរចុះជួយ អន្តរាគមន៍បានគ្រប់ពេលវេលាផងដែរ៕