(រតនគិរី)៖ ទេសរដ្ឋមន្ត្រី លី ធុជ ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តរតនគិរី បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ អំពីវិធានការចាំបាច់នានា សម្រាប់សភាពការណ៍បច្ចុប្បន្ន នៅខេត្តរតនគិរី។

កិច្ចប្រជុំនេះត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ ក៏មានការចូលរួមពី លោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត, លោក ថង សាវុន អភិបាលខេត្តរតនគិរី, សមាជិកក្រុមការងារថ្នាក់ជាតិ, សមាជិកក្រុមប្រឹក្សាខេត្ត, គណៈបញ្ជាការឯកភាពខេត្ត-ក្រុង-ស្រុក និងប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត។

ថ្លែងក្នុងងឱកាសនោះ ទេសរដ្ឋមន្រ្តី លី ធុជ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងនានារបស់ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញភារកិច្ចបានយ៉ាងល្អប្រសើរ ក្នុងការបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ តាមគោលការណ៍ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នាពេលកន្លងមក។

ទេសរដ្ឋមន្រ្តី លី ធុជ ក៏បានស្នើសុំឲ្យគណៈបញ្ជាការឯកភាពខេត្ត-ក្រុង-ស្រុក និងអាជ្ញាធរដែនដីទាំងអស់ ត្រូវបន្តធានាឲ្យបាននូវសន្តិភាព ស្ថិរភាពនយោបាយ សុវត្ថិភាពសង្គមជូនជាតិ និងប្រជាពលរដ្ឋ ជាពិសេសបន្តទប់ស្កាត់នូវផែនការទុច្ចរិករបស់ ទណ្ឌិត សម រង្ស៊ី ដែលប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត តាមបែបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស សេរី ត្រឹមត្រូវ និងយុត្តិធម៌។

ជាងនេះទៅទៀត ទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា រាល់វិធានការបង្ការ ទប់ស្កាត់ និងបំផ្លាញចោលនូវផែនការទុច្ចរិករបស់ទណ្ឌិត សម រង្ស៊ី និងបក្ខពួក គឺសម្ដៅរក្សាបាននូវសុខសន្តិភាព ស្ថិរភាព ភាពសុខក្សេមក្សាន្ត និងការអភិវឌ្ឍរបស់ប្រទេសជាតិ និងឧត្តមប្រយោជន៍ដល់ប្រជាជាតិ និងប្រជាជនកម្ពុជា ដូចនេះត្រូវគាំទ្រវិធានការណ៍របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី និងធ្វើគ្រប់យ៉ាងដើម្បីទប់ស្កាត់ផែនការក្បត់ជាតិនេះ៕