(ភ្នំពេញ)៖ សហព័ន្ធជនជាតិចិននៅក្រៅប្រទេសប្រចាំខេត្តហ្វូជាន ដឹកនាំដោយលោកស្រី Zhang Yao អនុប្រធានសហព័ន្ធជនជាតិចិន នៅក្រៅប្រទេសប្រចាំខេត្តហ្វូជាន សហការណ៍ជាមួយលោក Qiu Guoxing ប្រធានសមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាននៅកម្ពុជា និងជាប្រធានប្រតិបត្តិក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នៅថ្ងៃទី១៨-១៩ ខែតុលា ឆ្នាំ២០១៩ បានដឹកនាំគ្រូពេទ្យចិនជំនាញ៥នាក់ ចុះពិគ្រោះជំងឺដល់ពលរដ្ឋខ្មែរ និងចិន ដោយឥតគិតថ្លៃ នៅសណ្ឋាគារ តាមីនអ៊ូអ៊ី។

ក្រុមគ្រូពេទ្យជំនាញដែលបានចូលរួមក្នុងសកម្មភាពនេះ រួមមានលោកស្រីវេជ្ជបណ្ឌិត Wu Mingxia ជាប្រធានមជ្ឈមណ្ឌលស្តារនីតិសម្បទា និងប្រធានផ្នែកចាក់ម្ជុលវិទ្យាសាស្រ្ដនៃមន្ទីរពេទ្យប្រជាជនទី២ ក្នុងសម្ព័ន្ធរបស់សាកលវិទ្យាល័យវេជ្ជសាស្ត្របុរាណចិនហ្វូជាន, លោកសាស្ត្រាចារ្យ Chen Jie ជាប្រធានផ្នែកស្តារនីតិសម្បទា និងជាប្រធាននាយកដ្ឋានពិគ្រោះជំងឺនៃមន្ទីរពេទ្យខេត្តហ្វូជាន, លោកវេជ្ជបណ្ឌិត Zheng Guanyi ប្រធានផ្នែកវេជ្ជសាស្ត្រចិន នៃមន្ទីរពេទ្យសៀហ៊ឺនៃសាកលវិទ្យាល័យវេជ្ជសាស្ត្រខេត្តហ្វូជាន, លោកសាស្ត្រាចារ្យ Chen Jinxiong សាស្ត្រាចារ្យរងនិងជាប្រធានផ្នែកវេជ្ជសាស្ត្រចិននៃមន្ទីរពេទ្យទីមួយ នៃសាកលវិទ្យាល័យវេជ្ជសាស្ត្រខេត្តហ្វូជាន និងលោកស្រី Lin Lili ជាសាស្រ្តាចារ្យនៅសាកលវិទ្យាល័យវេជ្ជសាស្ត្រចិនខេត្តហ្វូជាន។

សកម្មភាពពិគ្រោះជំងឺដោយឥតគិតថ្លៃនេះ មានអ្នកជំងឺជាច្រើនរូបបានអញ្ជើញចូលមកទទួលការពិគ្រោះជំងឺ ដោយមានរបៀបរៀបរយ ក្រោមការបង្ហាញផ្លូវរបស់អ្នកស្ម័គ្រចិត្តរាប់សិបនាក់នៅនឹងកន្លែង។ គ្រូពេទ្យជំនាញបានធ្វើការពិនិត្យ និងព្យាបាលផ្អែកលើចំណេះដឹង និងបទពិសោធន៍ជាច្រើនឆ្នាំ។ នៅក្នុងទីតាំងនៃសកម្មភាពនេះក៏មានរៀបចំបន្ទប់ព្យាបាល និងបំពាក់ដោយឧបករណ៍វេជ្ជសាស្ត្រ ដែលអាចព្យាបាលអ្នកជំងឺនៅនឹងកន្លែង និងអនុញ្ញាតឲ្យអ្នកជំងឺទទួលការចាក់ម្ជុលវិទ្យាសាស្ត្រ ជប់ខ្យល់ ម៉ាស្សា កោសខ្យល់ និងវិធីព្យាបាលផ្សេងទៀតផងដែរ។

លោក Qiu Guoxing បានលើកឡើងថា ឱសថបុរាណចិន គឺជាសម្បត្តិរបស់ប្រជាជាតិចិន នៅក្នុងព្រឹត្តិការណ៍លើកនេះគ្រូពេទ្យជំនាញផ្នែកឱសថចិនដ៏ល្បីឈ្មោះចំនួន ៥ រូបបានមកដល់ប្រទេសកម្ពុជា ដើម្បីផ្ដល់ការពិគ្រោះជំងឺដោយឥតគិតថ្លៃ និងសម្ដែងពីការយកចិត្តទុកដាក់ចំពោះប្រជាជនចិននៅក្រៅប្រទេស និងប្រជាពលរដ្ឋខ្មែរ។ នាពេលខាងមុខ សមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាននៅកម្ពុជា និងបន្តដើរតួជាស្ពានមេត្រីភាពសម្រាប់ការផ្លាស់ប្តូរចំណងទំនាក់ទំនងរវាងកម្ពុជា និងចិន ដោយនាំយកនូវសម្បត្តិវប្បធម៌ចិនដ៏ល្អប្រពៃបំផុត មកជូនដល់ប្រជាជនកម្ពុជា ហើយចូលរួមចំណែកក្នុងការកសាងមិត្តភាពរវាងប្រទេសទាំងពីរ។

លោក Qiu Guoxing បានឱ្យដឹងទៀតថា គម្រោង «The Three Free-medical Services» របស់សហព័ន្ធជនជាតិចិននៅក្រៅប្រទេសប្រចាំខេត្តហ្វូជាន បាននាំមុខក្នុងការស្រាវជ្រាវទម្រង់ថ្មីនៃការផ្ដល់សេវាកម្មសុខភាព សម្រាប់ជនជាតិចិននៅក្រៅប្រទេស ក្នុងចំណោមសហព័ន្ធជានជាតិចិនក្រៅប្រទេសទាំងអស់នៅទូទាំងប្រទេសចិន ដោយផ្អែកលើមូលដ្ឋាននៃម៉ាក Love From Motherland របស់សហព័ន្ធជនជាតិចិននៅក្រៅប្រទេសប្រចាំប្រទេសចិន រួមជាមួយគុណសម្បត្តិនៃប្រភពធនធានជនជាតិចិននៅក្រៅប្រទេសរបស់ខេត្តហ្វូជាន។

រួមបញ្ចូលទាំងការពិគ្រោះជំងឺដោយឥតគិតថ្លៃថ្នាក់មូលដ្ឋាន ការផ្សព្វផ្សាយឱសថបុរាណចិននៅក្រៅប្រទេស និងសេវាកម្មសុខភាពរបស់ជនជាតិចិននៅក្រៅប្រទេស ត្រឡប់មកក្នុងប្រទេសចិនវិញ។ ក្នុងចំណោមនោះការពិគ្រោះជំងឺដោយឥតគិតថ្លៃនៅក្រៅប្រទេស មានគោលបំណងផ្សព្វផ្សាយវេជ្ជសាស្រ្ដបុរាណចិន និងលើកកម្ពស់មរតកជាតិចិន ដើម្បីផ្ដល់ជាប្រយោជន៍ជូនដល់ជនជាតិចិននៅក្រៅប្រទេស។

លោកបានបញ្ជាក់ទៀតថា ក្រោមកិច្ចសហប្រតិបត្តិការប្រកបដោយភាពស្និទ្ធស្នាល រវាងសមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាននៅកម្ពុជា និងអង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប សកម្មភាពពិគ្រោះជំងឺដោយឥតគិតថ្លៃរយៈពេល ២ថ្ងៃនៅកម្ពុជានេះ បានប្រព្រឹត្តឡើងដោយជោគជ័យ។ សកម្មភាពនេះមិនត្រឹមតែបានដោះស្រាយបញ្ហាជំងឺរ៉ាំរ៉ៃរបស់ប្រជាជនចិននៅក្រៅប្រទេស និងប្រជាពលរដ្ឋខ្មែររាប់រយនាក់ប៉ុណ្ណោះទេ ថែមទាំងបានជួយឲ្យវប្បធម៌នៃឱសថបុរាណចិន ទទួលបានការផ្សព្វផ្សាយយ៉ាងឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាពនៅកម្ពុជា ហើយទទួលបានការសរសើរ និងស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ប្រជាជនចិន និងខ្មែរ៕