(ស្វាយរៀង)៖ សមត្ថកិច្ចខេត្តស្វាយរៀង បានបើកប្រតិបត្តិការចុះបង្ក្រាប និងត្រួតពិនិត្យគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៧នាក់ ក្នុងនោះមានជនសង្ស័យ ៣នាក់ ជាមុខសញ្ញាចោរឆក់យ៉ាងសកម្មនៅមូលដ្ឋាន នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ ម្សិលមិញ ស្ថិតក្នុងភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ច បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឱ្យដឹងនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩នេះថា កម្លាំងជំនាញផ្នែកគ្រឿងញៀន កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ នៃអធិការនគរបាលក្រុងបាវិត និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត សហការជាមួយកម្លាំងជំនាញការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន ខេត្តស្វាយរៀង ដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន នាការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បានចុះកិច្ចប្រតិបត្តិការណ៍ ត្រួតពិនិត្យគ្រឿងញៀន ដោយមានការសង្ស័យថា នៅបន្ទប់ផ្ទះជួលឈ្មោះ ហុង អៀង (ហៅវា) ភេទប្រុស ដែលមានទីតាំងស្ថិតក្នុងភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង និងមានការសហការពីម្ចាស់ផ្ទះជួលសមត្ថកិច្ចបានឃាត់ខ្លួនមុខសញ្ញ ដែលជាជនសង្ស័យចំនួន០៧នាក់ យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ក្នុងចំនោមជនសង្ស័យចំនួន០៧នាក់ មាន៣នាក់ ជាមុខសញ្ញាឆក់។

ជនសង្ស័យទាំង៧នាក់រួមមានទី១៖ ឈ្មោះ រ៉ន វីរៈ អាយុ១៩ឆ្នាំ មានទីលំនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង, ទី២៖ ឈ្មោះ បុត្រ ចឹកម៉េង អាយុ១៩ឆ្នាំ មានទីលំនៅភូមិពោធិ៍ ឃុំមេសថ្ងក ស្រុកចន្រ្ទា ខេត្តស្វាយរៀង, ទី៣៖ ឈ្មោះ ស្វាយ វីរៈ អាយុ២២ឆ្នាំ មានទីលំនៅភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ពាក់ព័ន្ធករណីឆក់ ប្រព្រឹត្តកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង៦៖០០នាទី នៅចំណុចខាងមុខ កាស៊ីណូវីននីស ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្ត ស្វាយរៀង, ទី៤៖ ឈ្មោះ ឡេង ភាព អាយុ២៤ឆ្នាំ មានទីលំនៅភូមិដូង ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង, ទី៥៖ ឈ្មោះ វង្ស វិសាល អាយុ១៧ឆ្នាំ មានទីលំនៅភូមិស្រែសៀម ឃុំជីរ៉ូ២ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម, ទី៦៖ ឈ្មោះ សូ ចាក់ត្រា អាយុ២៤ឆ្នាំ មានទីលំនៅភូមិត្រពាំងផ្អាវ ឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង និងទី៧៖ ឈ្មោះ ញឹម រី អាយុ២០ឆ្នាំ មានទីលំនៅភូមិកោះអណ្តែត ឃុំកោះអណ្តែត ស្រុកកោះអណ្តែត ខេត្តតាកែវ។

វត្ថុតាងរួមមានថ្នាំញៀនគ្រាប់ ចំនួន៤៩គ្រាប់ ទូរស័ព្ទដៃចំនួន០២គ្រឿង សម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យទាំង៧នាក់ រួមទាំងវត្ថតាងត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ដើម្បីសាកសួរ និងកសាងសុំណុំរឿងចាត់ការតាមច្បាប់៕