(ភ្នំពេញ)៖ ក្រុមហ៊ុន Raintree និង SmallWorld ដែលជាក្រុមហ៊ុនក្នុងវិស័យបច្ចេកវិទ្យានៅកម្ពុជា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩នេះ បានប្រកាសសម្ភោធជាផ្លូវការ នូវការិយាល័យរួមការងារ (co-working space) ឈ្មោះថា SmallWorld Realty នៅក្នុងអគារ Raintree ដោយមានគោលបំណងផ្តល់ការគាំទ្របន្ថែមទៀត ដល់សហគមន៍អាជីវកម្មបើកថ្មី (Startup) ដែលកំពុងលូតលាស់នៅកម្ពុជា។

Raintree បានចូលរួមចំណែកលើកស្ទួយវិស័យបច្ចេកវិទ្យា នៅក្នុងរូបភាពផ្សេងៗ តាំងពីចាប់កំណើតនៅឆ្នាំ២០១៦មកម៉្លេះ ហើយជាក់ស្តែងនៅឆ្នាំ២០១៩នេះ Raintree បាន ចូលរួមធើ្វការស្រាវជ្រាវ និងសរសេររបាយការណ៍ស្តីពីទិដ្ឋភាព នៃសហគមន៍អាជីវកម្មបើកថ្មីនៅកម្ពុជាផងដែរ ហើយសព្វថ្ងៃនេះក្រុមហ៊ុនដែលចាប់ទីតាំងនៅ Raintree រួមមាន៖ Microsoft, Viber, Grab, Havas Socialyse, Havas Champagne, និង Saturday Kids/Coding Cats។

កញ្ញា Zoë Ng នាយកគ្រប់គ្រងរបស់ Raintree បានលើកឡើងថា «ក្នុងនាមជាក្រុមហ៊ុនពីរនាំមុខក្នុងវិស័យសហគមន៍ អាជីវកម្មបើកថ្មី (Startup) ពួកយើងគិតថាការចាប់ដៃគ្នារវាង SmallWorld និង Raintree ជាឱកាសមួយដ៏ល្អប្រសើរមួយ ដើម្បីធ្វើឲ្យសហគមន៍បច្ចេកវិទ្យាយើង មានដំណើរការបានកាន់តែល្អប្រសើរ និងរីកលូតលាស់កាន់តែឆាប់រហ័សថែមទៀតផង»

កញ្ញា Zoë Ng បានបញ្ជាក់ថា Raintree តែងតែស្វែងរកដៃគូសហការយូរអង្វែងជាមួយអ្នកលេចធ្លោក្នុងវិស័យនេះ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ហើយ SmallWorld មានបេសកកម្មដូចគ្នា នៅក្នុងវិស័យសហគមន៍ អាជីវកម្មបើកថ្មី (Startup) ផ្នែកបច្ចេកវិទ្យា ទើបក្រុមហ៊ុនទាំងពីរ មានសេចក្តីរំភើបយ៉ាងខ្លាំង ជាមួយនឹងសក្តានុពលថ្មីៗ ដែលនឹងកើតចេញពីកន្លែងធ្វើការរួមថ្មីមួយនេះនៅ Raintreeផងដែរ។

លោក ធុល រិទ្ធី សហស្ថាបនិក SmallWorld Realty បានលើកឡើងថា «ការសហការរបស់យើងជាមួយ Raintree កើតឡើងដោយសារចក្ខុវិស័យ នៃការបង្កើតសហគមន៍ជាមួយគ្នា ហើយដើម្បីគាំទ្រគ្នាទៅវិញទៅមកក្នុង គោលបំណងសម្រេចឲ្យបាននូវគោលដៅរួមមួយ គឺការលើកស្ទួយសហគមន៍អាជីវកម្មបើកថ្មី (Startup ) នៅកម្ពុជា ទៅកាន់កម្រិតថ្មីមួយទៀត។

លោកបានបន្ដថា ពួកយើងកំពុងផ្តោតលើការទាក់ទាញ អតិថិជនដែលមានកំណត់ត្រាល្អៗ និងមានប្រវត្តិយូរហើយ នៅក្នុង សហគមន៍បច្ចេកវិទ្យាកម្ពុជា នេះគឺជាកន្លែងដែលសហគ្រិន និងស្ថាបនិកអាចនាំវិនិយោគិនដែលមានសក្តានុពល មកវាយតម្លៃលើប្រតិបត្តិការរបស់ពួកគេក៏ដូចជាបុគ្គល និងក្រុមដែលពួកគេចង់សហការជាមួយផងដែរ»។

លោក ជី សិលា នាយកប្រតិបិត្តប្រព័ន្ធផ្សព្វផ្សាយឌីជីថល «សប្បាយ» និងដៃគូររបស់ SmallWorld ហើយក៏ជាអ្នកគាំទ្រការសហការរវាង Raintree និង SmallWorld បានបញ្ជាក់ថា អនាគតរបស់សេដ្ឋកិច្ចកម្ពុជា គឺផ្អែកលើការវិនិយោគផ្នែកបច្ចេកវិទ្យា សហគ្រិនភាព និងនវានុវត្តន៍ ហើយការសហការរវាង Raintree និង SmallWorld Realty តំណាងឲ្យស្មារតី នៃសហគមន៍អាជីវកម្មបើកថ្មី (Startups) ដែលគួរឲ្យចាប់អារម្មណ៍បំផុតមួយចំនួននៅកម្ពុជា ដែលបានចាប់ទីតាំងនៅកន្លែងនេះស្រាប់ ហើយក៏វាធ្វើឲ្យទាក់ទាញ និងកសាងក្រុមដែលមានទេពកោសល្យជាច្រើនទៀតមកទីនេះ នៅថ្ងៃមុខផងដែរ។

សូមបញ្ជាក់ផងដែរថា ចំពោះ Raintree ជា គម្រោងអភិវឌ្ឃការិយាល័យដែលប្រកបដោយភាពច្នៃប្រឌិដ្ឋដំបូងគេបង្អស់នៅកម្ពុជា ដែលបម្រើដល់អ្នកច្នៃប្រឌិត សហគ្រិន អ្នកបច្ចេកទេស យុវជន និងអ្នកមានវិទ្យាជីវ:ហើយគឺជាក្រុមហ៊ុនដែលទទួលរង្វាន់ ជាក្រុមហ៊ុនអភិវឌ្ឍការិយាល័យល្អបំផុតនៅកម្ពុជា ក្នុងកម្មវិធីពានរង្វាន់ អចលនទ្រព្យអន្តរជាតិ ប៉ាស៊ីហ្វិក ឆ្នាំ២០១៧។

ចំណែកឯ SmallWorld Venture ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១១ ដើម្បីបង្កើតកន្លែងធ្វើការប្រកបដោយវិជ្ជាជីវៈមួយសម្រាប់សហគ្រិនវ័យក្មេងមានគំនិតជឿនលឿន អាចស្វែងយល់ និងតាមសម្រេចសេចក្តីប្រាថ្នារបស់ខ្លួន ទន្ទឹមនឹងផ្លាស់ប្តូរគំនិតរបស់ពួកគេឲ្យក្លាយជាការពិតផងដែរ៕