(ភ្នំពេញ)៖ និស្សិតរបស់កម្ពុជាជាង ៤ពាន់នាក់ទៀតហើយ មកពីសាកលវិទ្យាល័យបៀលប្រាយ (BBU) បានបញ្ចប់ការសិក្សារបស់ពួកគេដោយជោគជ័យបន្ទាប់ពីបានជម្នះការលំបាកជាច្រើនឆ្នាំលើវិថី នៃការសិក្សានេះ។

ពិធីប្រគល់សញ្ញាបត្រជូននិស្សិតដើម្បីជាសក្ខីកម្ម នៃភាពជោគជ័យលើការសិក្សារបស់ពួកគេនឹងត្រូវធ្វើឡើងយ៉ាងមហោឡារឹកអធិកអធមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃអង្គារ ៩រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ស្អែកនេះ នៅមជ្ឈមណ្ឌលកោះពេជ្រ។

និស្សិត ៤,០៣៨នាក់ នារី ១,៣៤៤នាក់ ) ដែលបានបពា្ចប់ការសិក្សាដោយជោគជ័យក្នុងឆ្នាំសិក្សា២០១៥-២០១៦ ដល់ឆ្នាំសិក្សា ២០១៨-២០១៩ រួមមានថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតផងដែរ។ និស្សិតដែលទទួលសញ្ញាបត្រនេះ មាននិស្សិតអាហារូបករណ៍របស់សម្តេចតេជោ ហ៊ុន សែន ចំនួន ១៦៩នាក់ នារី ៦២នាក់ផងដែរ។

សម្តេចតេជោ ហ៊ុន សែន មេដឹកនាំដែលបានផ្តល់តម្លៃខ្ពស់បំផុតដល់ការសិក្សាអប់រំ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជារូបនេះ តែងតែឆ្លៀតឱកាសពីការបំពេញភារកិច្ចដ៏មមាញឹកសម្រាប់ជាតិ ដើម្បីប្រគល់សញ្ញាបត្រ និងផ្តល់ដំបូន្មានផ្សេងៗដល់និស្សិតបញ្ចប់ការសិក្សា។

លោក ឌៀប សីហា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យបៀលប្រាយ បានហៅវត្តមានរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រនេះ ជាការផ្តល់នូវកិត្តិយសដ៏ឧត្តុង្គឧត្តម ប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅបំផុតចំពោះចំពោះនិស្សិត ក៏ដូចជាសាកលវិទ្យាល័យ។

សាកលវិទ្យាល័យបៀលប្រាយ ជាសាកលវិទ្យាល័យដែលបានសាងភាពល្បីល្បាញលើវិថីនៃការអប់រំនេះអស់រយៈពេលប្រមាណ ២ទសវត្សរ៍មកហើយ។ ក្នុងរយៈពេល ២ទសវត្សរ៍មកនេះ សាកលវិទ្យាល័យបានរួមចំណែកយ៉ាងសកម្មក្នុងការបណ្តុះធនធានមនុស្ស ដើម្បីជាទុន និងជាគ្រឹះក្នុងការកសាងសង្គមកម្ពុជា។

លោក ឌៀប សីហា បានថ្លែងថា បេសកកម្មដ៏ចម្បងដែលសាកលវិទ្យាល័យបៀលប្រាយ បានបំពេញក្នុងរយៈពេល ២០ឆ្នាំ កន្លងមកនេះ គឺការពង្រីកវិសាលភាព នៃសេវាអប់រំឧត្តមសិក្សា ការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សឱ្យមានជំនាញ គុណភាព ប្រសិទ្ធភាព និងឯកទេសច្បាស់លាស់ ក្នុងទិសដៅជាសារវ័ន្តលើការកសាងសមត្ថភាពប្រើគំនិតត្រិះរិះពិចារណា ក្នុងការចូលរួមអភិរក្សវប្បធម៌ជាតិ និង អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជា ជាមួយសហគមន៍អន្តរជាតិ។

លោកសាកលវិទ្យាធិការ បានឱ្យដឹងថា បច្ចុប្បន្ននេះ សាកលវិទ្យាល័យបៀលប្រាយ មានគណៈគ្រប់គ្រង បុគ្គលិក និងសាស្ត្រាចារ្យចំនួន ១,០៧២នាក់។ គិតត្រឹមតែឆ្នាំសិក្សា២០១៨-២០១៩នេះ និស្សិតកំពុងសិក្សាគ្រប់កម្រិតទាំងក្នុងរាជធានីភ្នំពេញ និង សាខាតាមខេត្ត រួមមាន សៀមរាប, បាត់ដំបង, បន្ទាយមានជ័យ, ស្ទឹងត្រែង, រតនគីរី, ព្រះសីហនុ, និង តាកែវ សរុបចំនួន ១១,៤៣៧នាក់។

បើគិតចាប់ពីឆ្នាំសិក្សា២០០០-២០០១ ដល់ឆ្នាំសិក្សា២០១៨-២០១៩ នេះ និស្សិតគ្រប់កម្រិត ដែលបានបញ្ចប់ការសិក្សា សរុបចំនួន ៦៦,៣២០នាក់។

លោក ឌៀប សីហា បានអះអាងថា គោលដៅអាទិភាពដែលសាកលវិទ្យាល័យបៀលប្រាយ កំពុងបន្តអនុវត្តក្នុងដំណាក់កាលទីបី នៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍ៍សាកលវិទ្យាល័យ (២០១៦-២០៣០) គឺភាពជោគជ័យរបស់និស្សិតគ្រប់កម្រិត ដែលបានបញ្ចប់ការសិក្សាចេញពីសាកលវិទ្យាល័យ ត្រូវតែមានដំណេះដឹង សមត្ថភាពជំនាញ និងគំនិតច្នៃប្រឌិតប្រកបដោយការត្រិះរិះពិចារណា ភាពជាអ្នកដឹកនាំ និង អាចដោះស្រាយបញ្ហាប្រឈមនានា ទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត ប្រកបដោយឥរិយាបថល្អប្រពៃ។

ដើម្បីសម្រេចបានគោលដៅនេះ កម្មវិធីសិក្សាគ្រប់កម្រិតត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ ដោយគណៈកម្មាធិការអភិវឌ្ឍន៍កម្មវិធីសិក្សា និង ក្រុមប្រឹក្សាវិទ្យាសាស្រ្តសាកលវិទ្យាល័យ ដើម្បីធានាសង្គតិភាពជាមួយនឹងក្របខណ្ឌគុណវុឌ្ឍិជាតិ ស្តង់ដាជាតិ សម្រាប់ការទទួលស្គាល់គុណភាពអប់រំ លើគ្រឹះស្ថានឧត្តមសិក្សា និង គុណភាពនៃលទ្ធផលសិក្សារបស់និស្សិត ឆ្លើយតបនឹងបច្ចុប្បន្នភាពនៃតម្រូវការទីផ្សារការងារ និង មុខរបរអាជីវកម្មជាច្រើនទៀត។

ជាមួយគ្នានេះ សាកលវិទ្យាល័យ បាននិងកំពុងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ លើសកម្មភាពសិក្សាស្រាវជ្រាវ និង បណ្តុះបណ្តាលជាមួយស្ថាប័នជាតិ និង អន្តរជាតិជាច្រើន ក្នុងកិច្ចសហប្រតិបត្តិការលើសកម្មភាពស្រាវជ្រាវ ទំនាក់ទំនងព័ត៌មាន សិក្ខាសាលា សន្និសីទ ទស្សនកិច្ចការងារ ការសិក្សា និង សកម្មភាពវប្បធម៌ និងកីឡា។ល។

សាកលវិទ្យាធិការនៃសាកលវិទ្យាល័យបៀលប្រាយ បានអះអាថា សមិទ្ធផលជាផ្លែផ្កាដែលសាកលវិទ្យាល័យបៀលប្រាយបានទទួល គឺបានមកដោយសារការខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាភិបាល គណៈគ្រប់ គ្រង បុគ្គលិក និង សាស្ដ្រាចារ្យ ដោយមានការគាំទ្រយ៉ាងសកម្មពីសំណាក់សប្បុរសជននានា អាណាព្យាបាលនិស្សិត និស្សិត អង្គភាព-ស្ថាប័ននានា និងអជ្ញាធរក្នុងមូលដ្ឋាន។

ពិសេសជាងនេះទៅទៀតលទ្ធផលជាវិជ្ជមាននេះ គឺពិតជាបានមកពីការជួយជ្រោមជ្រែង ចង្អុលបង្ហាញយ៉ាងយកចិត្ដទុកដាក់ដ៏ខ្ពង់ខ្ពស់ និងការគាំទ្រដ៏ឧត្តុង្គឧត្តមបំផុតរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលមានក្រសួងអប់រំ យុវជន និងកីឡា និង គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជាជាសេនាធិការ៕