(ភ្នំពេញ)៖ សិក្ខាសាលាត្រួតពិនិត្យលទ្ធផលការងារអភិវឌ្ឍន៍ដោយចីរភាពឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ របស់ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច.) បានរៀបចំឡើង នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាព លោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ ជាតំណាងក្រសួង/ស្ថាប័នពាក់ព័ន្ធ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ថានទូត ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ស្ថាប័នសិក្សាស្រាវជ្រាវ និងវិស័យឯកជន។

នៅក្នុងសុន្ទរកថាបើក លោក សៅ សុភាព បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និង មន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋាន ក.ជ.អ.ច. ដែលបានរៀបចំសិក្ខាសាលានេះឡើង សំដៅលើកកម្ពស់ការងារអភិវឌ្ឍន៍ដោយចីរភាពនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើង។ លោកបានគូសបញ្ជាក់ថា ក.ជ.អ.ច. គឺជាស្ថាប័នអន្តរក្រសួង ដែលត្រូវបានបង្កើតឡើង ដើម្បីទទួលបន្ទុកគិតគូររៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រនានា សំដៅធានានូវតុល្យភាពរវាងសេដ្ឋកិច្ច បរិស្ថាន សង្គម និងវប្បធម៌ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

លោកបានបន្ថែមទៀតថា ក.ជ.អ.ច. បំពេញភារកិច្ចរបស់ខ្លួន ដោយផ្អែកលើការសិក្សាស្រាវជ្រាវលក្ខណៈវិទ្យាសាស្ត្រ ដែលនេះគឺជាផ្នែកមួយដ៏សំខាន់ នៃកំណែទម្រង់របស់រាជរដ្ឋាភិបាល ក្នុងកិច្ចគាំពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ ដើម្បីលើកកម្ពស់ការអភិវឌ្ឍ ការរស់នៅប្រកបដោយចីរភាព ការអនុវត្តកាតព្វកិច្ចអន្តរជាតិរបស់កម្ពុជា នៅក្រោមអនុសញ្ញាពិធីសារ និងកិច្ចព្រមព្រៀងអន្តរជាតិពាក់ព័ន្ធនានា ដែលកម្ពុជាជាសមាជិក ក្រោមកិច្ចសហប្រតិបត្តិការជាមួយបណ្តាដៃគូអភិវឌ្ឍន៍ ដើម្បីកៀរគរធនធានសម្រាប់គាំទ្រ ការអនុវត្តគំនិតផ្តួចផ្តើមនានា ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍដោយចីរភាព។

លោករដ្ឋលេខាធិការ ក៏បានផ្តល់អនុសាសន៍គន្លឹះជូនសមាជិកសមាជិកានៃសិក្ខាសាលា ឱ្យចិត្តទុកដាក់ខ្ពស់លើអាទិភាពសំខាន់ៗ រួមមាន៖ ទីក្រុងនិរន្តរភាព ថាមពលនិរន្តរភាព ការប្រើប្រាស់ និងផលិតកម្មដោយនិរន្តរភាព ការដឹកជញ្ជូននិរន្តរភាព ការប្រែប្រួលអាកាសធាតុ ជីវៈចម្រុះ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា។

ក្នុងឱកាសនោះដែរ លោក ទិន ពន្លក អគ្គលេខាធិការនៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានថ្លែងនៅក្នុងសុន្ទរកថាស្វាគមន៍ថា ការងារលេចធ្លោមួយចំនួនគួរឱ្យកត់សម្គាល់របស់ ក.ជ.អ.ច. រួមមាន៖

១៖ ដាក់បញ្ចូលការអភិវឌ្ឍដោយចីរភាព ការអភិវឌ្ឍបៃតង ការប្រែប្រួលអាកាសធាតុ ជីវៈចម្រុះ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទៅក្នុង យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ ក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ២០១៦-២០៣០ និងគោលនយោបាយជាតិប្រជាជន និង
២៖ រៀបចំបញ្ចប់ការសិក្សា និងប្រកាសដាក់ឱ្យប្រើប្រាស់នូវ៖ ផែនការអភិវឌ្ឍន៍ទីក្រុងនិរន្តរភាពសម្រាប់រាជធានីភ្នំពេញ២០១៨-២០៣០, សំណើគោលនយោបាយសារពើពន្ធសម្រាប់យានយន្ត, របាយការណ៍ស្តីពីដំណោះស្រាយផលប៉ះពាល់ ពីការប្រែប្រួលអាកាសធាតុ លើកំណើនសេដ្ឋកិច្ចក្នុប្រទេសកម្ពុជា, របាយការណ៍ស្តីពីការកាត់បន្ថយហានិភ័យវិនិយោគ ក្នុងវិស័យថាមពលកកើតឡើងវិញ នៅប្រទេសកម្ពុជា, របាយការណ៍ជាតិលើកទី៦ ក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ និង
៣៖ ការដាក់ឱ្យដំណើរការមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន ជាដើម។

លោកបានបន្ថែមថា អគ្គលេខាធិការដ្ឋានកំពុងបន្តការសិក្សាស្រាវជ្រាវសំខាន់ៗ មួយចំនួនទៀត ទាក់ទងនឹងប្រសិទ្ធភាពថាមពលក្នុងវិស័យកាត់ដេរ ប្រសិទ្ធភាពសេដ្ឋកិច្ចនៃថាមពលពន្លឺព្រះអាទិត្យ ការទាញយកឥន្ធនៈពីសំណល់រឹង ការគ្រប់គ្រងសំណល់រាវបែបវិមជ្ឈការ ស្តង់ដាអគារបៃតង កម្មវិធីយានយន្តអគ្គិសនី បច្ចេកវិទ្យានុយក្លេអ៊ែរ ការទូទាត់សេវាកម្មប្រព័ន្ធអេកូឡូស៉ី។ល។

លោកអគ្គលេខាធិការ ក៏បានបន្ថែមទៀតថា សមិទ្ធិផលទាំងអស់នេះកើតឡើងដោយសារការដឹកនាំប្រកបដោយយុទ្ធសាស្ត្រ ជាក់លាក់ រឹងមាំ និងចក្ខុវិស័យរបស់ថ្នាក់ដឹកនាំ ក.ជ.អ.ច. ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាប្រធានកិត្តិយស និងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាប្រធាន ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ និងផ្តល់អាទិភាពចំពោះការងាររបស់អគ្គលេខាធិការដ្ឋាន ក.ជ.អ.ច. ជាពិសេសគំនិតផ្តួចផ្តើមថ្មីៗ ដែលឆ្លើយតបទៅនឹងអាទិភាពរបស់ជាតិ ក្នុងការអភិវឌ្ឍវិស័យថាមពលកកើតឡើងវិញ ការអភិរក្សជីវៈចម្រុះ ការឆ្លើយតបនឹងបញ្ហាប្រែប្រួលអាកាសធាតុ ការលើកម្ពស់សេដ្ឋកិច្ចបៃតង ការសិក្សាស្រាវជ្រាវបែបវិទ្យា បច្ចេកវិទ្យានវានុវត្តន៍ និងរដ្ឋបាលទំនើប ជាដើម។

សូមបញ្ជាក់ថា សិក្ខាសាលានេះត្រូវបានរៀបចំឡើងដោយ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព សហការជាមួយក្រសួងបរិស្ថានក្នុងគោលបំណងដើម្បីបង្ហាញមេរៀន បទពិសោធន៍ទទួលបាន ពិនិត្យវឌ្ឍនភាពការងារប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០។ សិក្ខាសាលានេះបានប្រព្រឹត្តទៅ នៅទីស្តីការក្រសួងបរិស្ថាន ដោយមានអ្នកចូលរួមប្រមាណជា ៣០០នាក់៕