(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា បានលើកឡើងថា ក្រុមយុវជនកម្ពុជានៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៏កម្ពុជា ត្រូវធ្វើជាមគ្គុទេសដ៏ល្អ ជាអ្នកការទូតម្នាក់ តំណាងឲ្យកម្ពុជា ដោយរក្សាឲ្យបាននូវកិត្តិយស, តម្លៃ និងវប្បធម៌របស់ជាតិ ដោយត្រូវព្យាយាម លើកកម្ពស់វប្បធម៌ ទេសចរណ៍ និងអត្តសញ្ញាណជាតិ ព្រមទំាងរក្សានូវទំនាក់ទំនងល្អ ជាមួយយុវជនបណ្តាប្រទេសដ៏ទៃទៀត។ លោកបានបញ្ជាក់ថា ការចូលរួមព្រឹត្តិការណ៍ «នាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុនលើកទី៤៦ ឆ្នាំ២០១៩នេះ» ជាឱកាសដ៏សំខាន់ និង កម្រ ដែលក្មួយទាំងអស់គ្នាត្រូវខិតខំប្រឹងប្រែងរួមគ្នាលើកស្ទួយកិត្តិយស និងកិត្យានុភាពជាតិ។

ការលើកឡើងរបស់លោក វង សូត បានធ្វើឡើង នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩នេះ បានអនុញ្ញាត ឲ្យប្រតិភូសមាគមនាវាយុវជនអាស៊ីអគ្នេយ៍កម្ពុជា បានចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួងសង្គមកិច្ច មុនពេលចេញដំណើរទៅចូលរួមកម្មវិធីនាវាយុវជនអាស៊ីអគ្នេយ៌ និងជប៉ុនលើកទី៤៦ នាពេលខាងមុខនេះ។

នៅក្នុងឱកាសនោះដែរ កញ្ញា ស៊ុន មល្លិកា ប្រធានក្រុមយុវជនកម្ពុជានៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៏កម្ពុជា និងជប៉ុនលើកទី៤៦ បានជម្រាបជូនថា កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុនលើកទី៤៦ ឆ្នាំ២០១៩នេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងធំៗ ចំនួន៤ គឺពង្រឹងចំណងមិត្តភាពសាមគ្គីភាព និងការយោគយល់គ្នាដ៍ស៊ីជំរៅ រវាងជប៉ុននិងអាស៊ាន។

កញ្ញា ស៊ុន មល្លិកា បានលើកឡើងថា កម្មវិធីនេះ ក៏ដើម្បីពង្រីកចំណេះដឹង និងទស្សនវិស័យរបស់យុវជននិងពិភពលោក បណ្តុះស្មារតីនិងជំនាញជាក់ស្តែងនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ជម្រុញនិងលើកទឹកចិត្តអោយយុវជនដែលមានសមត្តភាពប្រើប្រាស់នូវសក្តានុពលនៃភាពជាអ្នកដឹកនាំរបស់ខ្លួនក្នុងវិស័យផ្សេងៗដើម្បីជួយអភិវឌ្ឍន៍សង្គមជាពិសេសក្នុងការអភិវឌ្ឍយុវជន។កម្មវិធីនេះ នឹងប្រព្រឹត្តទៅរយៈពេល៥២ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ខែតុលា រហូតដល់ថ្ងៃទី១៣ខែធ្នូឆ្នាំ២០១៩។

ប្រតិភូយុវជនកម្ពុជាចំនួន២៩រូប ដែលជ្រើសតាំងដោយក្រសួងអប់រំយុវជន និងកីឡា នឹងចូលរួមជាមួយប្រតិភូយុវជនអាស៊ាន និង ជប៉ុនសរុបគ្នាទាំងអស់៣៣៥រូប ដើម្បីចាប់ផ្តើមនិងចូលរួមកម្មវិធីនៅក្នុងប្រទេសជប៉ុន រយៈពេល១០ថ្ងៃ បន្ទាប់មក ធ្វើដំណើរតាមនាវា NIPPON MARU ទៅចូលរួមកម្មវិធីនៅតាមបណ្តាប្រទេសអាស៊ានចំនួន៤ផ្សេងទៀតរួមមាន ប្រទេសវៀតណាម សឹង្ហបុរី មីយ៉ាន់ម៉ានិងម៉ាឡេស៊ី។

កញ្ញា បានបន្ថែមថា ក្នុងរយៈពេលនៃកម្មវធីប្រតិភូយុវជននឹងរួមគ្នា ក្នុងសកម្មភាពជាច្រើនសន្ធឹកសន្ធាប់ មានជាអាទ៍ កិច្ចពិភាក្សាប្រធានបទផ្សេងៗទាក់ទងនឹងតំបន់ការបង្ហាញសិល្បៈវប្បធម៌ការស្នាក់នៅជាមួយឳពុកម្តាយធម៌ទស្សនកិច្ចសិក្សានិងចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំ តាមប្រទេសដែលនាវាចូលចត។

បន្ថែមពីលើនេះ លោក រដ្ឋមន្រ្តី វងសូត បានអបអរសាទរ ចំពោះក្មួយៗ ដែលបានទទួលឱកាសដ៏ថ្លៃថ្លាចូលរួម កម្មវិធីនាវាយុវជនអាស៊ីអគ្នេយ៌ និងជប៉ុនលើកទី៤៦នាពេលខាងមុខនេះ។ ទន្ទឹមនឹងនេះ លោក បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្នាដៃ និងសមិទ្ធិផលនានាដែលសមាគមសម្រេចបាន ជាពិសេស ការរួមចំណែកលើកស្ទួយកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ ក៏ដូចជាការបណ្តុះបណ្តាលនូវធនធានយុវជន ដែលជាអ្នកបន្តវេននាពេលអនាគត។

លោក សង្ឃឹមជឿជាក់ថា ក្មួយៗនឹងបន្តពង្រឹង និងពង្រីកនូវភាព ជោគជ័យនេះឲ្យកាន់តែប្រសើរទៀត ជាពិសេស ការបន្តពង្រឹងនិងពង្រីកចំណងទំនាក់ទំនង មិត្តភាព និងការយោគយល់គ្នាទៅវិញទៅមករវាងយុវជនអាស៊ាន និងជាមួយប្រទេសជប៉ុន។

លោកបានផ្តល់ដំបូន្មានមួយចំនួន ដល់ប្រតិភូសមាគមនាវាយុវជនអាស៊ីអគ្នេយ៌កម្ពុជា គឺក្មួយៗត្រូវសិក្សាស្វែងយល់ ឲ្យបានច្បាស់ពីប្រវត្តិសាស្រ្ត ប្រទេសរបស់ខ្លួន និងប្រទេសដទៃ ដើម្បីងាយស្រួលក្នុងការអនុវត្តការងារ និងបក ស្រាយបា្រប់យុវជនរួមដំណើរ។ ត្រូវយកចិត្តទុកដាក់ និងសិក្សារៀនសូត្រពីស្ថានភាពរបស់ប្រទសដទៃ និងអំពីភាពរីកចម្រើនរបស់ប្រទេសនោះ ដើម្បីពាំនាំនូវចំណុច ល្អៗយកអភិវឌ្ឍប្រទេសរបស់ខ្លួន៕