(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩នេះ កម្លាំងនគបាលព្រហ្មទណ្ឌ នៃអធិការខណ្ឌទួលគោក បានបញ្ជូនខ្លួនជនដៃដល់ឈ្មោះ TSAI JIDA ហៅ ADA អាយុ៣៨ឆ្នាំ ជនជាតិចិនតៃវ៉ាន់ មកសាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ឲ្យតំណាងអយ្យការបើកការស៊ើបសួរ និងចោទប្រកាន់តាមផ្លូវច្បាប់ ក្រោយជនដៃដល់ព្រួតគ្នាវាយលើបុរសជនជាតិខ្មែរ បណ្ដាលឲ្យត្រូវរបួសជាច្រើនកន្លែង នៅតាមបណ្តោយផ្លវកម្ពុជាក្រោម សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក។

បើតាមរបាយការណ៍របស់ សមត្ថកិច្ចបានបញ្ជាក់ថា ហេតុការណ៍អំពើហិង្សានេះ បានកើតឡើងកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩កន្លងទៅ ដែលជនរងគ្រោះត្រូវបានគេស្គាល់ថា ឈ្មោះ សឿន រដ្ឋា អាយុ៣៨ឆ្នាំ និងឈ្មោះ អាន អាយុ២៤ឆ្នាំ។

មុនកើតហេតុជនរងគ្រោះបានបើករថយន្តម៉ាក ឆែរ៉ូឡែត ពណ៌ខ្មៅ ស៊េរី២០១៨ ពណ៌ខ្មៅ ចេញពីផ្ទះក្នុងគោលបំណង ទៅរកញាំអាហារនៅខាងក្រៅ តែមិនបានញាំទេ ជនរងគ្រោះ និងឈ្មោះ អាន ក៏បានជិះរថយន្តដើរលេងតាមផ្លូវ លុះជិះមកដល់ចំណុចមុខផ្ទះ៦២៤ ផ្លូវលេខ១២៨ ក្រុមទី១៥ ភូមិ៦ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក ស្រាប់តែមានជនសង្ស័យឈ្មោះ TSAI JIDA និងបក្ខពួក៣នាក់ទៀត ជិះរថយន្តចំនួន១គ្រឿង និងម៉ូតូចំនួន២គ្រឿង រួចបានចុចស៊ីផ្លេររថយន្តជាច្រើនដង ហើយស្រែកហៅជនរងគ្រោះឈ្មោះ សឿន រដ្ឋា ឲ្យឈប់។

ពេលនោះជនរងគ្រោះ ក៏បានឈប់រថយន្តរួចហៅជនសង្ស័យឈ្មោះ TSAI JIDA និងបក្ខពួក៣នាក់ទៀត ដោយសួរថា មានរឿងអីបានហៅឲ្យឈប់ ពេលនោះជនសង្ស័យឈ្មោះ TSAI JIDA និងបក្ខពួកក៏បានឈប់រថយន្តនិងម៉ូតូ រួចនិយាយជាភាសាចិនខ្លាំងៗ ហើយពួកចិននោះ ក៏បានចុះពីលើរថយន្ត និងម៉ូតូ រួចដើរសំដៅទៅរកជនរងគ្រោះរួចបាំគ្នាព្រួយវាយ លើជនរងគ្រោះបណ្ដាលឲ្យត្រូវរបួសដេកដួលនៅនឹងកន្លែង។

ភ្លាមៗនោះសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ហើយដកហូតវត្ថុតាងម៉ូតូ ចំនួន១គ្រឿង ម៉ាកDIO ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1HP-1073 ចំណែកក្រុមជនសង្ស័យជនជាតិចិនទាំងនោះ បាននាំគ្នារត់បាត់អស់។

លុះដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ កម្លាំងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ មានឈ្មោះ TSAI JIDA នៅចំណុចផ្ទះលេខ៧៧ ផ្លូវ១២២ ក្រុមទី១៨ ភូមិ៦ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក។

បន្ទាប់សាកសួរយកចម្លើយពីជនដៃដល់ ឈ្មោះTSAI JIDA ហៅ ADA នគរបាលខណ្ឌទួលគោក បានកំណត់បានមុខសញ្ញាដែលត្រូវបន្តចាត់ការតាមផ្លូវច្បាប់ មានចំនួន០៣នាក់ ទី១៖ឈ្មោះ LE CHEN LANG អាយុប្រហែល៤២ឆ្នាំ ជនជាតិចិនតៃវ៉ាន់, ទី២៖ឈ្មោះ អ៊ូកឺ ប្រហែល៤៥ឆ្នាំ ជនជាតិចិនតៃវ៉ាន់ និងទី៣៖ ឈ្មោះ ALON អាយុប្រហែល២៥ឆ្នាំ ជនជាតិចិនតៃវ៉ាន់៕