(កណ្តាល)៖ លោក ជិន ជឿន ជាមន្រ្តីនគរបាលម្នាក់នៅខេត្តកណ្តាល រស់នៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល បានចេញមុខបំភ្លឺជុំវិញបណ្តឹងចោទប្រកាន់របស់ស្រីស្នេហ៍ (រស់នៅជាមួយគ្នាតែមិនទាន់រៀបការ) ក្រោយនាងបានប្រកាន់ពីបទប៉ុនប៉ងមនុស្សឃាត និងប្រើអំពើហិង្សារហូតបានរលូតកូន។ ជាមួយនឹងរឿងរ៉ាវទាំងនេះ ទាំងម្តាយរបស់មន្រ្តីនគរបាល និងអ្នកជិតខាងក៏បានចេញមកបំភ្លឺជូនផងដែរ។

ការចេញមុខបំភ្លឺនេះ បានធ្វើឡើងបន្ទាប់ពីមានការចុះផ្សាយថា ស្រ្តីឈ្មោះ ស៊ាង ស្រីល័ក្ខ អាយុ២៦ ឆ្នាំ មានស្រុកកំណើតនៅភូមិសុក្រុំជ្រុំ ឃុំគងជ័យ ស្រុកអូររាំងឪ ចោទប្រកាន់លោក ជិន ជឿន បានប្រើហិង្សាលើនាង និងបណ្តាលឲ្យរលូតកូនទៀតផង។

មន្រ្តីនគរបាលរូបនេះ បានបញ្ជាក់ជូនថា នៅថ្ងៃកើតហេតុចន្លោះម៉ោង ៧ទៅ ៨យប់ នាងបានប្រាប់គាត់ថា នាងដួលនៅក្នុងបន្ទប់ទឹក លុះពេលគាត់ត្រឡប់មកដល់ផ្ទះវិញ គាត់ក៏បានជូននាងទៅ មន្ទីរពេទ្យសម្ភពក្រុង ហៅពេទ្យសម្តេចឪ រហូតដល់ម៉ោង ១២យប់ ទើបត្រឡប់មកផ្ទះវិញ។ ក្រោយពេលដែលនាងបានចេញពីមន្ទីរពេទ្យបាន ៣ថ្ងៃ នាងបានចេញទៅផឹកស៊ីជាមួយមិត្តិភក្តិ។ បន្ទាប់ពីផឹកស៊ីស្រវឹងរួចហើយ នាងបានធ្វើដំណើរត្រឡប់មកវិញជាមួយមួយមនុស្សស្រីម្នាក់ផ្សេងទៀត ទៅរកគាត់នៅកន្លែងរត់ឡាននៅសណ្ឋាគារភ្នំពេញ ហើយពេលនោះ នាងមិនបានសួរនាំគាត់ អ្វីទាំងអស់ គឺនាងវាយមុខរបស់គាត់ជាច្រើនដៃ ហើយក៏ចាប់ក្របួចកអាវ និងយកទូរស័ព្ទរបស់គាត់បោកទៀត។ នៅពេលនោះ គាត់ក៏បានយកដៃបំរះបណ្តោះខ្លួនចេញ និងបើកឡានចេញពីទីនោះ កុំឲ្យមានរឿងនៅកន្លែងរកស៊ីប្រចាំថ្ងៃ។ រំលងបាន ៣ ទៅ ៤ថ្ងៃក្រោយមក ទើបគាត់បានទទួលព័ត៌មានថា នាងបានប្តឹងថា គាត់វាយនាងរហូតរលូតកូនទៅវិញ។

ដោយឡែក អ្នកស្រី យ៉ាន់ ណែវ អាយុ៧១ឆ្នាំ ជាម្តាយបង្កើតរបស់លោក ជិន ជឿន បាននិយាយរៀបរាប់ថា តាមពិតទៅករណីនេះ មិនមែនបណ្តាលមកពីការវាយធ្វើបាយនោះឡើយ ពោលនាងខ្លួនឯងបានដួលនៅក្នុងបន្ទប់ទឹកទេ ហើយក៏បានដឹកនាងទៅកាន់មន្ទីរពេទ្យទៀតផង។

បើតាមអ្នកស្រី យ៉ាន់ ណែវ, នាង ស៊ាង ស្រីល័ក្ខ ជាមនុស្សរឹងរូសណាស់មិនស្តាប់បង្គាប់អ្នកណាទេ រហូតដើរលេងស្ទើររាល់យប់ ជួនកាលរហូតម៉ោង ១២យប់ ឬទល់ភ្លឺបានចូលផ្ទះក៏មានដែរ ហើយគាត់បានណែនាំឲ្យចេះថ្មមខ្លួន ព្រោះមានផ្ទៃពោះក៏នាងមិនស្តាប់ដែរ។

សម្រាប់លោក ជិន ជឿន បានរៀបរាប់ថា លោក និងនាងបានស្គាល់គ្នា កាលពីចុងឆ្នាំ២០១៨ តាមរយៈហ្វេសប៊ុក រហូតរស់នៅជាមួយគ្នា បើទោះបីដឹងថានាងបានកុហកថា មានផ្ទះនៅផ្សារអូរឬស្សីកែវក៏ដោយ តែតាមការពិតគ្រាន់តែជួយមើលការងារថ្លៃទឹក ភ្លើងឲ្យម្ចាស់ផ្ទះក៏ដោយ។ ពួកគេក៏បានទៅរស់នៅផ្ទះលោក និងខំរកលុយដើម្បីរៀបការ ក្រោយស៊ើបថា នាងមានគ្រួសារគ្រាន់បើដែរ។

លោកថា ការស្នាក់នៅផ្ទះរបស់គាត់បានមួយរយៈ នាងចេះតែមានរឿងរកាំរកូសគ្នារហូត ដោយសារតែនាងចេះតែបង្កឡើង ដូចជា នាងដើរផឹកស៊ីស្រវឹង យប់ជ្រៅទើបត្រឡប់មកផ្ទះវិញ ហើយមកដល់ផ្ទះនាងរករឿង ជេរប្រមាថ រកបាញ់គាត់ និងគំរាមសម្លាប់គាត់ចោល រហូតយកដែកមកឆូតមុខគាត់បង្កឲ្យមានរបួសស្នាម និងតែងតែយកកាំបិតមកកាប់បំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ទៀតផង។

លោក ជិន ជឿន បានបញ្ជាក់ទៀតថា នាងធ្លាប់មានប្តី និងមានកូនម្នាក់ តែបានលែងលះគ្នា ហើយមានសង្សាម្នាក់ទៀតធ្វើការនៅសណ្ឋាគារភ្នំពេញ តែបានបែកបាក់គ្នា ព្រមទាំងមានទំនាក់ទំនងស្នេហាជាមួយបុរសម្នាក់ទៀតនៅខេត្តតាកែវ។ លោកបានបន្ថែមទៀតថា «នៅប៉ុន្មានថ្ងៃនេះខ្ញុំបានឃើញព័ត៌មានចុះផ្សាយថា ខ្ញុំប៉ុនប៉ងធ្វើមនុស្សឃាត និងវាយដំគាត់រហូតធ្លាក់កូន បញ្ហានេះខ្ញុំមិនអាចទទួលយកបានទេ»។

ចំណែកប្រជាពលរដ្ឋរស់នៅជិតខាង ក៏បានប្រាប់ថា នាង ស៊ាង ស្រីល័ក្ខ មានចរិកឆេវឆាវ រាល់ពេលផឹកស៊ីស្រវឹងតែងតែបោកកែវ បោកចាន បោកឆ្នាំង ហើយរករឿងគេឯងពិសេសប្តីដែលមិនទាន់រៀបការហ្នឹងតែម្តង គឺរករឿងរហូតប្តីរត់ចេញពីផ្ទះ៕