(ភ្នំពេញ)៖ បុរសម្នាក់បើករថយន្តធុនធំលឿន បុកជាមួយរថភ្លើងពេញមួយទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ពីរនាក់។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងជាង១យប់ ឈានចូលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវហាណូយ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តកូរ៉េមួយគ្រឿង ពណ៌ខៀវលាយស ដឹកប្រេងឆាពេញ ធ្វើដំណើរតាមបណ្ដោយផ្លូវហាណូយក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនលុះជិតមកដល់ចំណុចកើតហេតុរថភ្លើងបានសើផ្លេជាច្រើនដងហើយ មិនបានទម្លាក់បារ៉ាស់ហាមឃាត់ស្របពេល ដែលរថយន្តបើកលឿនក៏បុករថភ្លើងពេញមួយទំហឹង បណ្ដាលឲ្យខ្ទាតរថយន្តថយក្រោយជ្រុលបុកគូទរថយន្តពីរគ្រឿង ដែលចតក្នុងផ្ទះរងការខូចខាតយ៉ាងដំណំ។

ចំណែកឯអ្នកបើកបរ និងអ្នករួមដំណើររងរបួសធ្ងន់ជាប់ជើង ក្នុងរថយន្តត្រូវបានបងប្អូនប្រជាពលរដ្ឋ ជួយយកចេញដើម្បីដាក់លើរថយន្តសង្គ្រោះបន្ទាន់ ដឹកបញ្ជូនបុរសទាំងពីរទៅសង្គ្រោះភ្លាមៗនៅឯមន្ទីរពេទ្យផងដែរ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចធ្វើការទាក់ទង ទៅសមត្ថកិច្ចជំនាញការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តខាងលើ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕