(ព្រះសីហនុ)៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានបើកប្រតិបត្តិការបង្ក្រាបក្រុមចោរលួច ឆក់ និងប្រើប្រាស់គ្រឿងញៀន១ករណី ដោយឃាត់ខ្លួនជនសង្ស័យប្រុសស្រី១៥នាក់។ ប្រតិបត្តិការនេះ ធ្វើឡើងនៅយប់ឈានចូលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ នៅចំណុចក្រុងព្រះសីហនុ។

យោងតាមរបាយការណ៍ បញ្ជាការដ្ឋានអាវុធហត្ថខេត្តព្រះសីហនុ បានឲ្យដឹងថា ក្រៅពីការឃាត់ខ្លួនមនុស្សទាំង១៥នាក់នោះ កម្លាំងសមត្ថកិច្ចដកហូតបាន ថ្នាំញៀនមួយកញ្ចប់, ម៉ូតូ១១គ្រឿង, ម៉ូតូកង់បី០២គ្រឿង, ដាវសាម៉ូរ៉ៃ០១ដើម, ដែកជន្ទាស់ឡាន០២ដើម, ដង្កាប់កាត់ដែក០១, ញញួរ០១, បំណែកគ្រឿងម៉ូតូមួយចំនួន, សម្ភារសម្រាប់ជក់ថ្នាំមួយចំនួន, ទូរស័ព្ទដៃ០៤គ្រឿង និងសម្ភារផ្សេងមួយចំនួនទៀត។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យប្រុសស្រីចំនួន១៥នាក់ខាងលើ និងវត្ថុតាងត្រូវបានកម្លាំងជំនាញអាវុធហត្ថខេត្ត កំពុងកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ស្អែកនេះ ដើម្បីចាត់វិធានការបន្ដតាមនីតិវិធី៕